ស្លាប់៩៩នាក់ នៅតំបន់អាស៊ាន និងឆ្លងវីរុសជាង៤ពាន់នាក់

ព័ត៌មានអន្តរជាតិ
0
420

បើគិតត្រឹមវេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) បណ្ដាប្រទេស​ នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន មានអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬ​វីរុស​​កូរ៉ូណា (កូវីដ-១៩) កើនឡើងរហូតដល់៤០៩០នាក់ ដោយមានអ្នកស្លាប់ចំនួន៩៩នាក់ និងអ្នកព្យាបាលបានជាសះស្បើយ​ចំ​​នួន​៤៣២នាក់។

ក្នុងចំណោមបណ្ដាប្រជាជាតិ​អាស៊ាន​នោះ គឺប្រទេស​ម៉ាឡេស៊ី​មានអ្នកឆ្លង​រហូត​ដល់​១៥១៨នាក់។ ក្នុង​ចំណោម​អ្នកឆ្លងទាំងអស់ មានអ្នកឆ្លងថ្មីចំនួន២១២នាក់ អ្នកព្យាបាល​បានជាសះស្បើយ​ចំនួន១៥៩នាក់ និងស្លាប់​ចំនួន​៤នាក់។ រីឯប្រទេសថៃវិញ មានករណីឆ្លងថ្មី រហូតដល់ទៅ​១២២២ ធ្វើឲ្យប្រទេសនេះមាន​ចំនួនអ្នកឆ្លង​កើនឡើង​ដ​​ល់៧២១នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ​ចំនួន​៥២នាក់ និងស្លាប់ម្នាក់ផងដែរ។

ដោយឡែកឥណ្ឌូនេស៊ីវិញ មានអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងរហូតដល់៥៧៩នាក់ ក្នុងនោះ​អ្នកជា​សះស្បើយចំនួន៣០នាក់។ ប៉ុន្ដែប្រទេសនេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ច្រើន​ជាង​គេបំផុត ​នៅក្នុង​តំបន់​អាស៊ាន ដោយមានអ្នកស្លាប់កើនឡើងរហូតដល់​៤៩នាក់។

ប្រទេសសិង្ហបុរី មានអ្នកឆ្លងថ្មីចំនួន៥៤នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់៥៧៩នាក់ ហើយក្នុងចំណោមអ្នក​ឆ្លង​វីរុសកូវីដ-១៩ទាំងនោះ មាន១៥២នាក់​ព្យាបាល​ជាសះស្បើយ និង២នាក់បានស្លាប់។ រីឯប្រទេសហ្វីលីពីន មានអ្នកឆ្លងថ្មី​ចំនួន៨២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លង​កើន​​ឡើង រហូតដល់៤៦២នាក់។ ប៉ុន្ដែក្នុងចំណោមអ្នកជំងឺទាំងនោះព្យាបាលបានជាសះ​ស្បើយ ចំំនួន១៩នាក់ និងមាន​អ្នកស្លាប់កើន​ឡើង៣៣នាក់។

ដោយឡែក ប្រទេសវៀតណាម​មានអ្នកឆ្លងកើន​ឡើង​ដល់១២៣នាក់ និងព្យាបាល​ជាសះ​ស្បើយ​​ចំនួន​១៧​នាក់។​ ប្រទេសប៊្រុយណេ មានអ្នកឆ្លង៩១នាក់ និងមានអ្នកព្យាបាល​ជាសះ​ស្បើយ​​ចំនួន២នាក់។ កម្ពុជា​មាន​អ្នក​ឆ្លងកើនឡើងដល់៨៧នាក់ និងមានអ្នកជាសះស្បើយ ចំនួន២នាក់។

ទោះជា​យ៉ាងណា រហូត​មកដល់​ពេលនេះ ប្រទេស​មីយ៉ាន់ម៉ា និងឡាវ នៅមិនទាន់​មាន​របាយ​ការណ៍​​ណាមួយ​ ស្ដីអំពីចំនួនអ្នកឆ្លង​វីរុសកូវីដ-១៩នេះនៅឡើយ៕