បក្ស​របស់​អតីត​នាយករដ្ឋមន្ដ្រី អា​បេ ទទួលបាន​ជ័យជម្នះ​យ៉ាងខ្លាំង នៅក្នុង​ការបោះឆ្នោត​សភា​ជប៉ុន​

ព័ត៌មានអន្តរជាតិ
0
79
រាជធានី​តូ​ក្យូ​៖ ក្រោយ​ការបាញ់ប្រហារ​ទៅលើ​អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ជប៉ុន ខណៈ​គាត់​កំពុងតែ​ឃោសនា ស្វែងរក​សំឡេងឆ្នោត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ទូទាំង​ពិភពលោក មានការ​រន្ធត់​ចិ​ត្ដ និង សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង ហើយ​ការសម្លាប់​លោក អា​បេ កាន់តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជប៉ុន មានការ​អាណិតអាសូរ​គណបក្សកាន់អំណាច​យ៉ាងខ្លាំង និង បោះឆ្នោត​គាំទ្រ ជួយ​ឲ្យ​គណបក្ស​របស់លោក អា​បេ បានឈ្នះ​ឆ្នោត​ជាថ្មី​។​

​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ថា គណបក្ស ដែល​កំពុងតែ​គ្រប់គ្រង​អំណាច នៅ​ជប៉ុន និង​ដៃគូ​ចម្រុះ​របស់ខ្លួន បានទទួល​ជ័យជម្នះ​យ៉ាងខ្លាំង នៅក្នុង​ការបោះឆ្នោត​សភា​។ ការធ្វើឃាត​អតីត​នាយករដ្ឋមន្ត្រី លោក ស៊ីន​ហ្សូ អា​បេ (Shinzo Abe) បាន​ជួយ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ហៅ​កាត់ LDP ទទួលបាន​ការបោះឆ្នោត ដោយ​ក្ដី​អាណិតអាសូរ​ដល់​គណបក្ស ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida)​។ ចំណែក​លទ្ធផល នៃ​ការបោះឆ្នោត​ពិតប្រាកដ នឹងត្រូវ​ប្រកាស នៅ​ថ្ងៃ​ចន្ទ​។​

​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ជប៉ុន អិន​ហាស់​កា (NHK) បានចេញ​ការស្ទង់មតិ បង្ហាញថា គណបក្ស​គ្រប់គ្រង​អំណាច​របស់​ប្រទេស​ជប៉ុន និង ដៃគូ​សម្ពន្ធភាព​យុវជន​របស់ខ្លួន កូ​មេ​តូ ( Komeito) ទទួលបាន​អាសនៈ​ចំនួន​៦៩ នៅក្នុង​ចំណោម​៨៣​អាសនៈ នៃ​អាសនៈ​១២៥ ដែល​បាន​ប្រកួតប្រជែង នៅក្នុង​អំឡុងពេល​បោះឆ្នោត​។ ប៉ុន្ដែ​បន្ទាប់ពី​ការធ្វើឃាត​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ (Shinzo Abe) នោះមក គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់គាត់ ដែល​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី លោក Fumio Kishida ដៃគូ​ចម្រុះ​របស់ខ្លួន បាន​អួតអាង​ពី​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត​សភា​ដ៏​សំខាន់​មួយ កាលពី​ថ្ងៃអាទិត្យ ដោយ​រក្សាបាន​នូវ​អាសនៈ​របស់ខ្លួន នៅក្នុង​សភា​ជាន់ខ្ពស់ មាន​ចំនួន​នៅ​ដដែល​។​

​អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន​រូបនេះ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់ប្រហារ កាលពី​វេលា​ម៉ោង​១១ និង ៣០​នាទី​ព្រឹក ថ្ងៃ​សុក្រ ទី​៨ ខែកក្កដា ឆ្នាំ​២០២២ ខណៈ​គាត់​កំពុងតែ​ឃោសនា ស្វែងរក​សំឡេងឆ្នោត នៅក្នុង​ទីក្រុង​ណា​រ៉ា នា​ភាគ​ខាងលិច ប្រទេស​ជប៉ុន​។ លោក អា​បេ បានទទួល​មរណភាព ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ នៅក្នុង​មន្ទីរពេទ្យ នា​ថ្ងៃ​ដដែល​នោះ​។


​អំពើ​ឃាតកម្ម​លើ​លោក អា​បេ បាន​នាំ​ឲ្យ​គណបក្ស LDP ទទួលបាន​សំឡេងឆ្នោត កាន់តែ​ច្រើនឡើង​។ ចំណែក​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា នឹង​បង្ហាញថា លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នឹងមាន​កៅអី​គ្រប់គ្រាន់ សម្រាប់​ឆ្ពោះទៅមុខ ជាមួយនឹង​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដែល​ត្រូវបាន​ស្នើឡើង ដោយ​នាយករដ្ឋមន្ត្រី ដែល​បាន​កាន់អំណាច​យូរ​បំផុត​ជប៉ុន លោក Shinzo Abe ទើបតែ​ត្រូវបាន​ឃាតករ​បាញ់សម្លាប់ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​៕​