អង់គ្លេសកំពុងដោះស្រាយភាពតានតឹង នៅអ៊ីរ៉ាក់

ព័ត៌មានអន្តរជាតិ
0
480

ក្រោយពេលមានការវាយប្រហារដោយរ៉ុក្កែតទៅលើមូលដ្ឋានកងទ័ពអាមេរិក នៅលើ​ទឹកដីអ៊ីរ៉ាក់​នោះមក ធ្វើឲ្យ ស្ថានការណ៍ រវាងអាមេរិក និងរដ្ឋាភិបាលទីក្រុងបាដាដ កាន់តែមាន​ភាពតានតឹងដាក់គ្នា ទើបអង់គ្លេសចេញមុខ​ទៅបញ្ចុះបញ្ចូល ដើម្បីបន្ថូរបន្ថយនូវភាពតានតឹង រវាងអាមេរិក និងក្រុមអ្នកនយោបាយរបស់អ៊ីរ៉ាក់។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែទាមទារឲ្យអ៊ីរ៉ាក់ ធ្វើសកម្មភាព​ប្រឆាំង​នឹងកង ជីវពល​​ដែលគាំទ្រដោយអ៊ីរ៉ង់ ដោយ​អាមេរិក​បានស្ដី​បន្ទោស​ទៅលើ​ការវាយ​ប្រហារ​ដោយ​រ៉ុក្កែត​ទៅលើ​មូលដ្ឋាន​កងទ័ព នៅទីក្រុងតាជី (Taji) ប្រទេសអ៊ីរ៉ាក់។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា អង់គ្លេសកំពុងតែចរចាជាមួយនឹងកងកម្លាំងនយោបាយ​និកាយ​ស៊ីអ៊ីត​របស់អ៊ីរ៉ាក់ ដើម្បីបន្ថូរបន្ថយ​នូវភាពតានតឹង ក្រោយពេល​មាន​ការវាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​កងទ័ព​របស់អាមេរិក ដែល​ជាទីតាំងរបស់កង​ទ័ពសម្ពន្ធមិត្ត​អន្ដរជាតិ ប្រយុទ្ធ​ប្រឆាំង​នឹងក្រុម ISIS នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយនិងការវាយប្រហារសងសឹករបស់អមេរិក ទៅលើកងជីវពលអ៊ីរ៉ាក់ គាំទ្រដោយអ៊ីរ៉ង់។

ប្រទេស​អ៊ីរ៉ាក់ ជាកន្លែង​ដែលអាមេរិក និងអ៊ីរ៉ង់ ប្រជែងគ្នា ដណ្ដើមយកឥទ្ធិពល ចាប់តាំង​ពី​អាមេរិក​ចូលលុក​លុយ​ប្រទេសនេះ នាអំឡុងឆ្នាំ២០០៣មកម៉្លេះ។ កាល​ពីប៉ុន្មានខែមកនេះ ប្រទេស​អ៊ីរ៉ាក់ បានក្លាយជា​កន្លែង​វាយ​ប្រហារគ្នា រវាងអាមេរិក និងអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ ប្រធានាធីបតីអាមេរិក បានបញ្ជាឲ្យកងទ័ពវាយប្រហារ​ដោយយន្ដហោះគ្មានមនុស្សបើកបរ បាន​សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក Qasseim Soleimani និង​លោក Abu Mahdi Al Muhandis ព្រមទាំងមនុស្សជំនិត នៅជិតអាកាសយានដ្ឋានបាដាដ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ុន្ដែ៣ថ្ងៃក្រោយមក អ៊ីរ៉ង់ក៏បានវាយប្រហារ​សងសឹក​ទៅលើមូល​ដ្ឋាន​កង​ទ័ព​អាមេរិក ចំនួន២កន្លែង នៅលើទឹកដីអ៊ីរ៉ាក់។

ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានកងទ័ពអាមេរិកនោះ បានបណ្ដាលឲ្យ​កង​ទ័ពអាមេរិកជាង​១០០នាក់​រងរបួស​ខួរក្បាល។ រីឯការវាយប្រហារជាបន្ដបន្ទាប់នៅលើមូលដ្ឋាន​កងទ័ពអាមេរិក នៅលើ​ទឹកដី​អ៊ីរ៉ាក់ កាន់តែធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ាក់មានភាព​តានតឹងឡើង ទើបអង់គ្លេសចេញមុខ​មក​ជួយ​ដោះស្រាយបញ្ហាទាំងនោះ៕