នៅលើពិភពលោក កូវីដ-១៩សម្លាប់មនុស្សជាង២ម៉ឺន និងឆ្លងជា៤៦ម៉ឺននាក់

ព័ត៌មានអន្តរជាតិ
0
386

ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ដ​ហ៊ូប៉ី នាភាគ​កណ្ដាល នៃប្រទេសចិន រហូតមកដល់វេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០​​(ម៉ោង​នៅ​កម្ពុជា) នៅ​លើ​ពិភពលោក មានអ្នកឆ្លងកើនឡើង៤៦៣៣៨៧​នាក់ ក្នុងនោះស្លាប់២០៩១២នាក់ និង​ព្យាបាល​​ជាសះស្បើយ១១៣៨០២នាក់។

ប្រទេសចិនជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះ មានអ្នកឆ្លងជាង៨១២១៨នាក់ ហើយ​ក្នុង​ចំណោម​អ្នក​ជំងឺទាំងនោះ ស្លាប់៣២៨១នាក់ និងជាសះស្បើយ ជាង៧៣៦៥០នាក់។ ប៉ុន្ដែ​​រហូតមក​ដល់​ពេល​នេះ ចិន​បាន​គ្រប់​គ្រង​ស្ថានការណ៍ជាបណ្ដោះអាសន្នស្ទើរទាំងស្រុង ដោយ​មានករណីឆ្លងថ្មីត្រឹមតែ៤៧នាក់ និងស្លាប់៤នាក់ នៅ​ទូទាំងប្រទេសចិន។

ផ្ទុយទៅវិញ បណ្ដាប្រទេសនៅអឺរ៉ុបក៏កំពុងតែវឹកវរនឹងការរាតត្បាត នៃវីរុសកូវីដ-១៩នេះ ហើយអ៊ីតាលី ក្លាយ​ជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅតំបន់អឺរ៉ុប និង​ឈរ​លំដាប់​លេខ​២ នៃចំនួន​អ្នកឆ្លង​វីរុស​ច្រើន​ជាង​គេ​នៅ​លើពិភពលោក បន្ទាប់ពីប្រទេសចិន។ អ៊ីតាលីមាន​អ្នក​ឆ្លង​វីរុសកូវីដ-កើនឡើង រហូតដល់​​ ៧៤៣៨៦នាក់ ដោយឆ្លង​ថ្មីចំនួន៥២១០នាក់។ ក្នុង​ចំណោម​​អ្នកជំងឺជាង៧ម៉ឺននាក់នោះ គឺព្យាបាលបានជាសះស្បើយចំនួន ៩៣៦២នាក់ និងស្លាប់​៧៥០៣នាក់។

បើយោងតាមរបាយការណ៍ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ ចំនួនអ្នកស្លាប់កើនឡើងជាង​៦០០​នាក់​​នេះ។ នេះជា​តួលេខ​មួយគួរឲ្យភ័យខ្លាច និងព្រួយបារម្ភបំផុត។ 

ដោយឡែកប្រទេស​មហា​អំណាច​យោធា និង​សេដ្ឋ​កិច្ច​លេខ​១របស់ពិភពលោក​វិញ (អាមេរិក) បានឈរ​ក្នុង​លំដាប់​​​លេខ៣ នៃចំនួនអ្នកឆ្លងវីរុសដ៏​កាចសាហាវច្រើន​ជាងគេ បន្ទាប់ពីអ៊ីតាលី។ អាមេរិក​មាន​អ្នកឆ្លង​វីរុសនេះ ចំនួន៦៤៧៦៥ក់។ ក្នុងចំណោម​អ្នកជំងឺទាំងនោះ គឺស្លាប់​៩១០នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​៣៩៣​នាក់។

ដោយសារតែអាមេរិកបានដឹងច្បាស់ថា វីរុសដ៏កាចសាហាវនេះ​កំពុងតែ​រាត​ត្បាត នៅលើទឹក​ដី​រ​បស់ខ្លួន​នោះ ទើបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វះស្វែងរក​កញ្ចប់លុយ រហូត​ដល់១០០០ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់ធ្វើសង្រ្គាមប្រឆាំង​នឹងវីរុស​ដ៏កាច​សាហាវ​នេះ៕