ឥណ្ឌាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រឆាំងនឹងកូវីដ ១៩

ព័ត៌មានអន្តរជាតិ
0
480

ក្រោយពេលប្រទេសឥណ្ឌាមានអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ណា (កូវីដ-១៩) កាន់​តែ​ច្រើន​ឡើង ខណៈ​ប្រទេស​នេះ​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ច្រើនផងនោះ ទើបចុង​ក្រោយ ទើបលោកនាយករដ្ឋមន្រ្ដី ណារ៉េន​ដ្រា ម៉ូឌី បានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន រយៈពេល២១ថ្ងៃ ដើម្បីជាវិធានការទប់ស្កាត់​នឹង​វីរុសកូវីដ-១៩។

លោក ណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា ប្រទេសនេះ ចាប់ផ្តើមបិទ​រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ រីឯការអនុវត្ត​បម្រាមនេះ បានចាប់ផ្តើម​ពី​ពាក់កណ្តាលយប់ថ្ងៃទី២៥ ខែមីនា តទៅ ។ 

មន្ត្រីក្រសួងសុខាភិបាលឥណ្ឌា បានថ្លែងថា ការឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បាន​កើន​ឡើងដល់ ៦៥៧នាក់ ក្នុងនោះអ្នកជំងឺ១២នាក់បានបាត់បង់ជីវិត។  ទោះជាយ៉ាងណា  វិធានការ​ធ្វើ​តេស្ត​ស្កែនរកវីរុស ក៏ នឹងត្រូវបានអនុវត្តឡើងផងដែរ។

ជាមួយគ្នានេះដែរ អាជ្ញាធរឥណ្ឌា បានបញ្ជាក់ថា  បម្រាមខាងលើនេះ មិនប៉ះពាល់ដល់​មន្ទីរពេទ្យ ស្ថានីយ​ប៉ូលិស និងស្ថាប័នផ្សព្វផ្សាយព័ត៌មាននោះឡើយ។ រីឯ​ហាងលក់​គ្រឿង​ទេស និងឱសថ​ស្ថាន​នៅតែបើកទ្វារ​ដំណើរការលក់ដូរធម្មតា។

នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នោះ ឥណ្ឌាបានប្រកាស​ចាយលុយ​២ពាន់​លាន​ដុល្លារ​ទៅលើប្រព័ន្ធគាំពារសុខាភិបាល។ ជាមួយគ្នានេះដែរ អាជ្ញាធរឥណ្ឌា បានលើក ពាក្យស្លោកថា «អ្នកចេញ​ក្រៅផ្ទះ កុំនាំយកកូវីដ-១៩ ចូលក្នុងផ្ទះ»

សូមជម្រាបថា ពលរដ្ឋឥណ្ឌាទាំងអស់មានជាង១,៣ពាន់លាននាក់ ស្ថិតិក្នុងឆ្នាំ២០២០។ បើ​គិត​មកដល់​វេលា​ម៉ោង៥ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)  ប្រទេស​ឥណ្ឌា​មាន​​អ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន​៦៥៧​នាក់ (ករណីឆ្លងថ្មី១២១នាក់)។ ក្នុងចំណោម​អ្នកជំងឺទាំង​នោះ​ស្លាប់១២នាក់ និងព្យាបាលជាសះស្បើយ​ចំនួន៤៤នាក់៕