នាវា​យោធា​របស់​ចិន បំភ័យ​ហ្វី​លី​ពិន នៅ​សមុទ្រ​ចិន​ខាងត្បូង

ព័ត៌មានអន្តរជាតិ
0
31


​រដ្ឋធានី​ម៉ានីល​៖ ដោយសារតែ​ក្រុង​ប៉េកាំង កំពុងតែ​បង្កើន​នូវ​សកម្មភាព​យោធា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ដែនទឹក​មាន​ជម្លោះ ជាមួយនឹង​បណ្ដា​ប្រទេស​មួយចំនួន នៅ​តំបន់​អាស៊ាន ទើប​ហ្វីលីពីន ចោទប្រកាន់​ចិន អំពី​ការធ្វើ​សមយុទ្ធ​យោធា ប្រកបដោយ​គ្រោះថ្នាក់ នៅក្នុង​តំបន់​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៣ ខែកុម្ភៈ ថា ហ្វី​លី​ពិន បាន​ចោទប្រកាន់​ចិន អំពី​ការព្យាយាម​រារាំង ដល់​ឆ្មាំ​ឆ្នេរសមុទ្រ​របស់ខ្លួន អំពី​ការផ្គត់ផ្គង់​អាហារ និង សម្ភារ​យោធា​បន្ថែម​ដល់​កងអនុសេនាធំ ដែល​ត្រូវបាន​ដាក់ពង្រាយ នៅលើ​កោះមាន​ជម្លោះ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចិន​បាន​ប្រើប្រាស់​ពន្លឺ​ឡាស៊ែរ​កម្រិត​យោធា ទៅកាន់​នាវា​របស់ខ្លួន ហើយ​អនុវត្ត​សមយុទ្ធ ប្រកបដោយ​គ្រោះថ្នាក់​។​

​ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វី​លី​ពិន (​ហៅ​កាត់ PCG) បានបញ្ជាក់ ថា នាវិក​របស់​នាវា​មួយគ្រឿង​របស់​ហ្វីលីពីន ប្រភេទ ម៉ា​ឡា​ប៉ា​ស្គូ (Malapascua) បាន​ជួបប្រទះ​នឹង​នាវា​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ចិន កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ខណៈ​ពួកគេ​ស្ថិតនៅ​ចម្ងាយ​ប្រហែលជា​១៨,៥​គីឡូម៉ែត្រ ពី​សមុទ្រ អា​យូ​ន​ហ្គី​ន ស៊ូ​ល (Ayungin Shoal) ដែល​គេ​ស្គាល់ ថា ថូ​ម៉ាស់ ស៊ូ​ល​ទី​២ (Thomas Shoal) នៅ​អំឡុង​ដំណើរ​នាំ​អាហារ និង សម្ភារ​ទៅ​ផ្គត់ផ្គង់​ដល់​កង​នាវិក ដែល​បាន​ឈរជើង​នៅ​ទីនោះ​។ ចំណែក កោះ​នោះ មាន​ចម្ងាយ ប្រហែល​១០៥​គីឡូម៉ែត្រ នា​ភាគ​ពាយព្យ ខេត្ត​ផា​ឡា​វ៉ាន់ (Palawan) ប្រទេស​ហ្វីលីពីន ជា​កោះ​ប៉ប្រះ​ទឹក​ស្ព្រា​ត​លី (Spratly) ដែលមាន​ជម្លោះ​។​



​ឆ្មាំ​សមុទ្រ បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ចន្ទ ថា នាវា​របស់​ចិន បាន​បញ្ចេញ​ភ្លើង​ឡាស៊ែរ​ចំនួន​២​ដង ទៅកាន់​នាវា Malapascua បណ្តាលឱ្យ​នាវិក នៅក្នុង​នាវា​របស់ខ្លួន ងងឹតភ្នែក​។ នាវា​របស់​ចិន បានធ្វើ​សមយុទ្ធ ប្រកបដោយ​គ្រោះថ្នាក់ ទើប​នាវា Malapascua បាន​ផ្លាស់ប្តូរ​ទិសដៅ​របស់ខ្លួន ឆ្ពោះទៅកាន់​កោះ​ឡា​យ៉ាក (Lawak)​។​

​កោះ Ayungin Shoal ជា​មូលដ្ឋាន​របស់​កងទ័ព​របស់​ហ្វី​លី​ពិន​មួយក្រុម​តូច រស់​នៅលើ​នាវា​សម័យ​សង្គ្រាមលោកលើកទី​២ ហើយ​ត្រូវគេ​ស្គាល់​ថា ជានា​វា Sierra Madre ។​

​សេចក្ដីថ្លែងការណ៍​ដដែល បានបញ្ជាក់​ទៀត ថា «​ការរារាំង​ដោយ​ចេតនា​ដល់​នាវា​របស់​រដ្ឋាភិបាល​ហ្វី​លី​ពិន នៅក្នុង​ការចែក​ចាយ​អាហារ និង ការផ្គត់ផ្គង់​សម្ភារ ដល់​បុគ្គលិក​យោធា​របស់​យើង នៅលើ​នាវា BRP SIERRA MADRE គឺជា​ការមិន​យកចិត្តទុកដាក់ និង ជាការ​រំលោភបំពាន​យ៉ាងច្បាស់​លាស់ មកលើ​សិទ្ធិ​អធិបតេយ្យភាព​របស់​ហ្វី​លី​ពិន នៅក្នុង​សមុទ្រ​ហ្វី​លី​ពិន​ខាងលិច​»​។​

​ភាព​តានតឹង បាន​កើនឡើង នៅ​ជុំវិញ​កោះ Ayungin Shoal ដែល​ស្ថិតក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ហ្វី​លី​ពិន​។ ការបង្កើន​ឥទ្ធិពល​របស់​ចិន នៅក្នុង​តំបន់ បាន​ជំរុញ​ឲ្យ​ហ្វី​លី​ពិន ចុះ​កិច្ចព្រមព្រៀង​ជា​ចំហ ជាមួយ​ជប៉ុន ដោយ​ផ្ដោតទៅលើ​វិស័យ​ការពារជាតិ ក្រោយ​ក្រុង​ម៉ានីល បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយនឹង​សហរដ្ឋអាមេរិក​។ តាមរយៈ​កិច្ចព្រមព្រៀង រវាង​ក្រុង​ម៉ានីល និង ក្រុង​វ៉ាស៊ីនតោន នោះ កងទ័ព​សហរដ្ឋអាមេរិក នឹងមាន​សិទ្ធិ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​មួយចំនួន​របស់​ហ្វី​លី​ពិន នៅក្នុង​ករណី​ចាំបាច់​។​

​សមុទ្រ​ចិន​ខាងត្បូង មាន​ទំហំ ប្រហែល​៣,៥​លាន​គីឡូ​ម៉ែត្រការ៉េ ហើយ​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ជីវៈចម្រុះ រ៉ែ និង ឧស្ម័ន​…..​។ ចំណែក​ការធ្វើ​ពាណិជ្ជកម្ម ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង ទៅកាន់​ពិភពលោក មាន​ទំហំ​ទឹកប្រាក់ ប្រហែល​៣​លាន​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​។ ជាមួយគ្នានេះ ក្រុង​ប៉េកាំង តែងតែ​អះអាង​ដែនទឹក​ស្ទើរតែ​ទាំងមូល ជា​ដែន​អធិបតេយ្យភាព​របស់​ចិន ទើប​បង្ក​ឲ្យ​មាន​ជម្លោះ ជាមួយនឹង​ប្រទេស​ផ្សេងៗ​ទៀត នៅក្នុង​តំបន់ រួមមាន វៀតណាម ហ្វី​លី​ពិន ប្រ៊ុយណេ ម៉ាឡេស៊ី និង តៃវ៉ាន់​៕​