ប្រមុខ​ណា​តូ ៖ រុស្ស៊ី ត្រូវតែ​បញ្ឈប់​ប្រឌិត​រឿង​គ្រាប់បែក​វិទ្យុសកម្ម ដើម្បី​បង្កើន​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
109


​រាជធានី​ប្រ៊ុ​ច​សែ​លស៍​៖ ប្រធាន​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ ឬ អូតង់​) បាន​ព្រមាន​ដល់​រុស្ស៊ី ឲ្យ​បញ្ឈប់​ប្រឌិត​រឿង​ក្រុង​កៀវ រៀបចំ​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម វាយប្រហារ​ទៅលើ​ទឹកដី​របស់ខ្លួន ដើម្បី​បង្កើន​ជម្លោះ​បន្ថែមទៀត ព្រោះ​បណ្ដា​ប្រទេស​បស្ចិម​លោក នៅតែ​បន្ដ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ដដែល​ទេ​។​

​សារព័ត៌មាន Barron’s បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែតុលា ថា លោក ជេន ស្តូ​ល​ថែ​ន​ប៊ឺ​គ (Stoltenberg) អគ្គលេខាធិការ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ ឬ អូតង់​) បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធ្វើរ ក្រោយ​ជួប​ជាមួយនឹង​លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក និង លោក បែន វ៉ាល​ឡេស (Ben Wallace) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ចក្រភព​អង់គ្លេស ថា «​សម្ពន្ធមិត្ត​ណា​តូ បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​រុស្ស៊ី ពី​អ៊ុយ​ក្រែ​ន កំពុងតែ​រៀបចំ​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម​។ ក្រុង​មូ​ស្គូ មិនត្រូវ​ប្រើប្រាស់​ការ​ប្រឌិត​បែបនេះ ដើម្បី​បង្កើន​នូវ​ជម្លោះ​នោះឡើយ​។ យើង​នៅតែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​យើង គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ដទៀត​»​។​

​ប្រមុខ​អង្គការ​ណា​តូ បាន​ព្រមាន ថា រុស្ស៊ី មិនត្រូវ​បង្កើន​ជម្លោះ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ការ​ប្រឌិត ថា អ៊ុយ​ក្រែ​ន កំពុងតែ​រៀបចំ​គម្រោង បញ្ចេញ​គ្រាប់បែក​វិទ្យុសកម្ម (Dirty Bomb) នោះទេ​។ លោក​ប្រធាន​ណា​តូ បាន​ថ្លែង​សង្កត់ធ្ងន់ៗ ក្រោយពេល​ក្រុង​មូ​ស្គូ បាន​ចោទប្រកាន់​ជា​ដដែលៗ ថា អ៊ុយ​ក្រែ​ន អាច​នឹងដាក់​ពង្រាយ​នូវ​អាវុធ​មាន​សារធាតុ​នុយក្លេអ៊ែរ​បែបនេះ នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង ដែល​រុស្ស៊ី អាច​ប្រើប្រាស់​វិធីសាស្ដ្រ​នេះ ស្ដីបន្ទោស ដល់​ក្រុង​កៀវ​។​

​ប្រមុខ​សម្ពន្ធមិត្ត​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក រូបនេះ បាន​ពិភាក្សាគ្នា​ជាមួយនឹង​លោក ឡយ អូ​ស្ទី​ន (Lloyd Austin) ប្រមុខ​មន្ទីរ​បញ្ច​កោណ និង លោក បែន វ៉ាល​ឡេស (Ben Wallace) អំពី​ការ​ប្រឌិត​រឿង​របស់​រុស្ស៊ី ទម្លាក់កំហុស​ទៅលើ​អ៊ុយ​ក្រែ​ន រៀបចំ​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម ទៅលើ​ទឹកដី​របស់ខ្លួន​៕​