ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​អឺរ៉ុប ដែល​លើកឡើងថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​គួរតែ​សាកល្បង​លើ​ពលរដ្ឋ​អាហ្វ្រិក​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី WHO

ព័ត៌មានអន្តរជាតិ
0
389
[wai id="6"]

[wai id="7"]
​ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO​លោក Tedros Adhanom Ghebreyesus បានធ្វើការ​ថ្កោលទោស​ចំពោះ​ការលើកឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ថា វ៉ាក់សាំង​បង្ការ​ដ៏​មាន​សក្តានុពល​សម្រាប់​ជំងឺ COVID-19 គួរតែ​ធ្វើតេស្ត​លើ​ពលរដ្ឋ​នៅតាម​បណ្តា​ប្រទេស​អាហ្វ្រិក ។​

​អំឡុង​សន្និសីទ​សារព័ត៌មាន​តាម​អ៊ី​ន​ធឺ​ណេ​ត លោក Tedros បាន​និយាយថា វា​គឺជា​ភាពអាម៉ាស់​មួយ និង​ជា​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​បំផុត នៅ​ពេលឮ​អនុសាសន៍​បែបនេះ ចេញពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​នា​សតវត្សរ៍​ទី​២១ ។​
​សេចក្តីអធិប្បាយ​របស់​លោក Tedros បាន​កើតមានឡើង ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា វេជ្ជបណ្ឌិត​២​រូប រង​ការចោទប្រកាន់​ពីបទ​ប្រកាន់​ជាតិ​សាសន៍ អំឡុង​ការជជែក​ដេញដោល​លើ​កញ្ចក់​ទូរទស្សន៍​បារាំង ស្តីពី​ការសាកល្បង​វ៉ាក់សាំង​បង្ការ​វីរុស​នៅ​អឺរ៉ុប ពេលដែល​ពួកគេ លើកឡើងថា ការធ្វើ តេស្ត​គួរតែ​សាកល្បង​នៅ​អាហ្វ្រិក ។​
ពាណិជ្ជកម្ម

​អំឡុងពេល​ថ្លែង​សុន្ទរកថា​នោះដែរ ប្រធាន​អង្គការ WHO​រូបនេះ បាន​រៀបរាប់​លំអិត​ផងដែរ ពី​ផែនការ​យុទ្ធសាស្ត្រ​របស់​អាហ្វ្រិក ក្នុងការ​ទប់ទល់​ជាមួយនឹង​ជំងឺ COVID-19 ។​
​លោក Tedros បាន​និយាយថា មាននូវ​ជំនួប​ផងដែរ​ជាមួយ​មេដឹកនាំ​នយោបាយ​ចម្រុះ​របស់ អង្គការ WHO និង​ប្រមុខរដ្ឋ ដើម្បី​ធ្វើ​ផែនការ​ដោះស្រាយ​វិបត្តិ​មួយ​នេះ ។​
​អំឡុង​ការជជែក​ដេញដោល​នោះ លោក Camille Locht ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ Inserm បាន ជជែក​លើ​ការសាកល្បង​វ៉ាក់សាំង​នៅ​អឺរ៉ុប និង​អូស្ត្រាលី ។​

​ដោយឡែក លោក Jean-Paul Mira ដែលជា​ប្រធាន​មន្ទីរពេទ្យ Cochin ស្ថិតនៅក្នុង​ទីក្រុង​ប៉ារីស បាន​និយាយថា បើសិនជា​លោក​អាច​អំពាវនាវ​បាន ហេតុអ្វី បានជា​យើង​មិន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅ​អាហ្វ្រិក ជា​កន្លែង​ដែល​គ្មាន​ម៉ាស់ គ្មាន​ការព្យាបាល និង​គ្មាន​ការជួយ​ឲ្យ​ដកដង្ហើម​នោះ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ បណ្តា​ប្រទេស​នៅ​អាហ្វ្រិក មើលឃើញ​ករណី​ឆ្លង​តិចជាង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក គិត​មកទល់នឹង​ពេលនេះ ប៉ុន្តែ​លោក​ថេ​ដ្រូ​ស បាន​និយាយថា ការត្រៀមខ្លួន​សម្រាប់​លទ្ធភាព​នៃ​កំណើន​ករណី​ឆ្លង​វីរុស គឺជា​អាទិភាព​ដ៏​កំពូល​បំផុត ។​

​បច្ចុប្បន្ន ករណី​ឆ្លង​នៃ​ជំងឺ COVID-19​នៅ​អាហ្វ្រិក កើនឡើង​ដល់ ១០.០៧៥​នាក់ និង​ករណី​ស្លាប់ កើនឡើង​ដល់ ៤៨៧​នាក់ ។​
​ខណៈពេល​នោះដែរ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន ថា​ពិភពលោក​ត្រូវការ​គិលានុបដ្ឋាក​ជិត ៦​លាន​នាក់​។​
​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​រួមជាមួយ​ដៃគូ​គិលានុបដ្ឋាក​និង​ក្រុមប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ (ICN) បាន​គូសបញ្ជាក់​នៅក្នុង​របាយ​ការណ៍​ស្តីពី​តួនាទី​សំខាន់​របស់​គិលានុបដ្ឋាក​ដែលមាន​ចំនួន​ជាង​ពាក់កណ្តាល​នៃ​បុគ្គលិក​សុខាភិបាល​ទូទាំង​ពិភពលោក​។​
​លោក Tedros បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គិលានុបដ្ឋាក​គឺជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​សុខភាព ។​
​លោក​បាន​កត់សម្គាល់ថា សព្វថ្ងៃនេះ​គិលានុបដ្ឋាក​ជាច្រើន​មើលឃើញ​ខ្លួនឯង​នៅ​ជួរមុខ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 ដោយ​លោក​បាន​បន្ថែមថា វា​ចាំបាច់​ណាស់​ដែល​ពួកគេ ត្រូវ​ទទួលបាន​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ថែរក្សា​សុខភាព​ពិភពលោក ៕
[wai id="5"]