សហរដ្ឋអាមេរិក ចោទប្រកាន់​អ៊ីរ៉ង់ ដឹក​គ្រឿង​សព្វាវុធ​៥០​តោន​ទៅ​ឲ្យ​ឧទ្ទាម​

ព័ត៌មានអន្តរជាតិ
0
188


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បាន​ស្ទាក់ចាប់​ទូក​មួយគ្រឿង ដឹក​គ្រាប់រំសេវ មាន​ចំនួន​ជាង​១​លាន​គ្រាប់ ចាក​ចេញពី​ប្រទេស​អ៊ីរ៉ង់ នាំទៅ​ផ្គត់ផ្គង់ ដល់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី នៅក្នុង​ប្រទេស​យេ​ម៉ែន​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែធ្នូ ថា កងទ័ព​ជើង​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា កងទ័ព​របស់ខ្លួន ស្ទាក់ចាប់​ទូក​នេសាទ​មួយគ្រឿង រត់ពន្ធ​គ្រាប់រំសេវ មាន​ទម្ងន់​៥០​តោន នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​។ គ្រាប់រំសេវ ដែល​រឹបអូស​បាន រួមមាន​គ្រាប់កាំភ្លើង ជាង​១​លាន​គ្រាប់ គ្រាប់​រ៉ុក្កែត​រាប់ពាន់​គ្រាប់ និង ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត​មួយចំនួនទៀត​។​

​កងទ័ព​នាវា​ទី​៥​របស់​កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ថា «​ទំនិញ​ខុសច្បាប់​ទាំងនេះ បាន​រកឃើញ តាំងពី​ថ្ងៃទី​១ ខែធ្នូ មកម្ល៉េះ ខណៈ​ត្រួតពិនិត្យ និង រឹបអូស​បាន ពី​ទូក​នេសាទ​មួយគ្រឿង មាន​ទិសដៅ​ចេញពី​អ៊ីរ៉ង់ ឆ្ពោះទៅកាន់​ប្រទេស​យេ​ម៉ែន ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម​។ នេះ​ជា​រឹបអូស​ទំនិញ ជា​អាវុធ​ធំ​លើក​ទី​២ នៅក្នុង​រយៈពេល​១​ខែ​នេះ នៅក្នុង​សមុទ្រ​អូ​ម៉​ង់​។​

​បើតាម​សេចក្ដីថ្លែងការណ៍​របស់​កងទ័ពជើងទឹក សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់ ថា «​ការផ្គត់ផ្គង់​ដោយផ្ទាល់ ឬ ដោយ​ប្រយោល​, ការលក់ ឬ ការផ្ទេរ​គ្រឿង​សព្វាវុធ ទៅឱ្យ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី (Houthis) នៅក្នុង​ប្រទេស​យេ​ម៉ែន ជាការ​រំលោភ ប្រឆាំងនឹង​សេចក្តីសម្រេច លេខ​២២១៦​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និង ច្បាប់​អន្តរជាតិ​»​។​

​លោក​ឧត្ដមនាវី ប្រេដ ឃូ​ភ័​រ (Brad Cooper) មេបញ្ជាការ​កង​នា​វាទី​៥ បាន​ចោទប្រកាន់​ដល់​ប្រទេស​អ៊ីរ៉ង់ ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ការដឹកជញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​។ លោក​ឧត្ដមនាវី បាន​អះអាង ថា «​ច្បាប់​ហាមឃាត់​ដ៏​សំខាន់​នេះ បង្ហាញ​យ៉ាងច្បាស់ ថា អ៊ីរ៉ង់ នៅតែ​បន្ដ​ផ្ទេរ​ជំនួយ​សព្វាវុធ​ដ៏​សាហាវ ដោយ​ខុសច្បាប់ និង ជា​បង្ហាញ​អាកប្បកិរិយា នាំឱ្យមាន​អស្ថិរភាព​បន្តទៀត​»​។​

​សហរដ្ឋអាមេរិក និង អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចោទប្រកាន់​អ៊ីរ៉ង់ ជា​អ្នកផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​ក្រុម​ឧទ្ទាម Houthi នៅក្នុង​ប្រទេស​យេ​ម៉ែន រហូត​ឈានដល់​ការ​វាយ​ដណ្តើម​កាន់កាប់​រដ្ឋធានី សា​ណា (Sanaa) កាលពី​ឆ្នាំ​២០១៤​។ ដោយឡែក អ៊ីរ៉ង់ បាន​ច្រានចោល​ការចោទប្រកាន់​ទាំងនេះ ប៉ុន្ដែ​ក្រុង​តេ​អ៊ីរ៉ង់ កាលពីពេល​កន្លងមក ធ្លាប់​អះអាងថា ខ្លួន​គាំទ្រ​ក្រុម Houthis តែ​ខាង​នយោបាយ ហើយក៏​មិនបាន​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុម​នេះដែរ​។​

​ក្រុម​សម្ពន្ធមិត្ត​អារ៉ាប់ ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប់​សា​អូឌីត បាន​ដឹកនាំ​ការ​វាយ​ប្រយុទ្ធ ប្រឆាំងនឹង​ក្រុម​ឧទ្ទាម Houthis នៅក្នុង​ប្រទេស​យេ​ម៉ែន​។ សង្គ្រាម​នេះ បានសម្លាប់​មនុស្ស រាប់សែន​នាក់ និង បាន​រុញច្រាន​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ ឱ្យ​ធ្លាក់​ទៅដល់​កម្រិត​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​បំផុត​។​

​ដោយឡែក បទ​ឈប់​បាញ់​មួយ បានកើត​ឡើង ក្រោម​ការសម្របសម្រួល ពី​អង្គការសហប្រជាជាតិ ហើយ​បាន​ចូល​ជា​ធរមាន កាលពី​ខែមេសា រហូត​ឈានដល់​ការថយចុះ​អរិភាព​យ៉ាងខ្លាំង​។ រីឯ​បទ​ឈប់​បាញ់​គ្នា​នេះ បាន​ផុតកំណត់ កាលពី​ខែតុលា ហើយ​ការប្រយុទ្ធ​គ្នា​ក៏​នៅតែ​បន្ដ​កើតមាន​ជា​ហូរហែ​៕​