ក្រុមបាតុករ​ថៃ​ដាក់​ឱសានវាទ​៣​ថ្ងៃ ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា អនុវត្ត​គោលការណ៍​៤​យ៉ាងនេះ

ព័ត៌មានអន្តរជាតិ
0
1307
[wai id="8"]


[wai id="7"]
​ចលនា​បាតុកម្ម​ប្រជាធិបតេយ្យ​យ៉ាង​ផុសផុល នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ប៉ុន្មាន​ខែ​មកនេះ កាលពី​ថ្ងៃ​ចន្ទ ទី ១៩​តុលា លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានប្រកាសថា លោក​នឹង​បើក​ការប្រជុំ​គណរដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ទៅកាន់​សភាជាតិ​ថៃ ឲ្យ​បើក​សម័យប្រជុំ​ពិសេស​មួយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទៅនឹង​វិបត្តិ​នេះ​។​
​កាលពី​យប់​ថ្ងៃទី​២១​ខែតុលា ក្រុមបាតុករ​រាប់ពាន់នាក់​បាននាំគ្នា​ប្រមូលផ្តុំ​នៅមុខ​ស្តូប​ជ័យជម្នះ​នៅ​កណ្តាល ទីក្រុង​បាងកក ហើយ​នាំ​គ្នាដ​ដ្ហែ​ក្បួន​ចូលទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ តំណាង​ក្រុមបាតុករ​បានប្រកាសថា នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវតែ​លាលែង​ចេញពី​តំណែង​ក្នុង​រយៈពេល​៣​ថ្ងៃ​ខាងមុខ​ទៀត​។​
ពាណិជ្ជកម្ម

​ឱសានវាទ​របស់​មេដឹកនាំ​ក្រុមបាតុករ​បាន​បញ្ជូនទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី ។ ក្រុមបាតុករ​បានប្រកាស​ថា ពួកគាត់​បាន​ផ្ញើលិខិត ទៅកាន់​នាយករដ្ឋមន្ត្រី​តាមរយៈ​តំណាង​របស់លោក​។ មេដឹកនាំ​ក្រុមបាតុករ លោក Patsaravalee Tanakitvibulpon បាន​លើកឡើងថា «​សង្គ្រាម​របស់​យើង នឹងមិន​បញ្ចប់​នោះឡើយ បើ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ មិន​ចុះ​ចេញពី​តំណែង​។ ប្រសិនបើ​រយៈពេល​៣​ថ្ងៃ នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ មិន​ព្រម​លាលែង​ចេញពី​តំណែង​នោះ លោក​នឹងត្រូវ​ប្រឈម​ការ​ក្រោកឈរឡើង​ធើ្វ​មហា​បាតុកម្ម​ពី​ពលរដ្ឋ​»​។​
​មាន​មនុស្ស​ជាង ៥​ម៉ឺន​នាក់ ភាគច្រើន​ជា​សិស្ស និស្សិត បាន​ប្រមូល​ផ្តុំគ្នា​ជាច្រើន​កន្លែង នៅក្នុង​ក្រុង​បាងកក បើទោះបីជា​ដឹងថា​ប្រឈម​នឹង​ការបង្ក្រាប ឬ ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ក៏ដោយ​។ ក្រៅពី​នៅ​ក្រុង​បាងកក ចលនា​បាតុកម្ម​សិស្ស​និស្សិត​ថៃ​នេះ ក៏បាន​រីក​រាលដាល​ផងដែរ នៅតាម​ខេត្ត​ក្រុង​ធំ​នានា មិន​ថា​ភាគ​ខាងជើង ឬ​ភាគខាងត្បូង​ប្រទេស ដូចជា​នៅ​ខេត្ត​សុង​ក្លា ខេត្ត​ណា​ខន​ប៉ា​ធំ ខេត្ត​ឈៀង​ម៉ៃ និង​ខេត្ត​ឧ​ប៊ុន​រ៉ា​ចា​ថា​នី​ជាដើម​។​

​យុវជន​ថៃ បានទាមទារ ៤​ចំណុច​ធំៗ ទីមួយ​គឺ​ត្រូវ​ដោះលែង​មេ​ចលនា​បាតុកម្ម​ប្រជាធិបតេយ្យ​ទាំងអស់ ទី​ពីរ​គឺត្រូវធ្វើ​កំណែទម្រង់​រដ្ឋ​ធម្មនុញ្ញ ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ ទី​៣​គឺត្រូវធ្វើ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​កុំ​ឲ្យ​មាន​ឥទ្ធិពល​មកលើ​នយោបាយ​ដឹកនាំ​ប្រទេស ហើយ​ចុងក្រោយ គឺ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវតែ​ចុះចេញ​ពី​តំណែង​។​

​គួរ​បញ្ជាក់ដែរថា ថ្លែង​នៅក្នុង​សន្ទរកថា​ទៅកាន់​ប្រជាជាតិ នៅ​ថ្ងៃ​ពុធ​នេះ លោក​ប្រយុទ្ធ ចាន់​អូ​ចា បានធ្វើការ​កត់សម្គាល់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​នឹង​ចាត់​វិធានការណ៍ ដើម្បី​បន្ធូ​បន្ថយ​ស្ថានការណ៍​នាពេល​បច្ចុប្បន្ន​។ ឥឡូវនេះ ខ្ញុំ​កំពុង​ត្រៀម​ដកចេញ​វិញ​នូវ​វិធានការណ៍​បន្ទាន់​ក្នុង​ទីក្រុង​បាងកក ហើយ​ខ្ញុំ​នឹង​ចេញ​បទបញ្ជា​ភ្លាមៗ​តែម្តង ប្រសិនបើ​មិនមាន​អំពើ​ហឹ​ង្សា​កើតឡើង​ទេនោះ​»​។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បាន​សង្កត់ធ្ងន់ ទៀតថា «​ឥឡូវនេះ​យើង​ត្រូវ​ដើរ​ថយក្រោយ​បន្តិច ដើម្បី​ចាកចេញ​ពី​ជម្រាល​រអិល ដែល​អាច​រុញច្រាន​ដល់​ភាពវឹកវរ​»​។​