ប្រមុខ​ការពារជាតិ​ចំនួន​២​ប្រទេស ពិភាក្សាគ្នា​បង្កើន​ប្រព័ន្ធ​ការពារ​ដែនអាកាស ទប់​ទល់នឹង​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
200


​រដ្ឋធានី​កៀវ​៖ ជាមួយនឹង​រលក​មី​ស៊ី​ល​របស់​ទាហាន​រុស្ស៊ី វាយប្រហារ ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល រហូត​ធ្វើ​ឲ្យ​មនុស្ស រាប់លាន​នាក់ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អត់​មាន​អគ្គិសនី​ប្រើប្រាស់​នោះមក ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក និង អ៊ុយ​ក្រែ​ន ក៏បាន​ពិភាក្សា អំពី​ការពង្រឹង​នូវ​សមត្ថភាព​ការពារ​ដែនអាកាស នៅក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​។​

​សារព័ត៌មាន Pravda បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​៦ ខែធ្នូ ថា លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក និង សម​ភាគី​អ៊ុយ​ក្រែ​ន លោក អូ​ឡែក​ស៊ី រេ​ស្នី​កូវ (Oleksii Reznikov) បាន​ពិភាក្សាគ្នា អំពី​ជំហាន​ផ្សេងៗ​ទៀត​បន្ដ ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន ទប់ទល់​នឹង​ការវាយប្រហារ ដោយ​មី​ស៊ី​ល ពី​ទាហាន​រុស្ស៊ី ប្រឆាំងនឹង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ស៊ីវិល​។​

​លោក រេ​ស្នី​កូវ ប្រមុខ​ការពារជាតិ​អ៊ុយ​ក្រែ​ន បាន​បង្ហោះ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ កាលពី​ថ្ងៃ​ចន្ទ ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក ដែល​តែងតែ​យកចិត្តទុកដាក់ និង ជួយ​ដោយស្មោះ សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្នុងអំឡុងពេល​ការហៅ​ទូរស័ព្ទ​របស់​យើង នៅថ្ងៃនេះ បានកើត​ឡើង ក្រោយ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី បាញ់ស្រោច​ទៅលើ​ទីក្រុង​នានា​។ ជាមួយគ្នានេះ យើង​ក៏បាន​ពិភាក្សាគ្នា អំពី​ជំហាន​បន្ថែមទៀត សម្រាប់​ពង្រឹងសមត្ថភាព​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន​»​។​

​សហរដ្ឋអាមេរិក បាន​ចេញមុខ​គាំទ្រ​យ៉ាង​ពេញទំហឹង ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​ផ្ដល់ជំនួយ​គ្រឿង​សព្វាវុធ មាន​ទំហំ​ទឹកប្រាក់​ប្រហែល ១៨,៥​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ពេលនេះ​។ ជំនួយ​គ្រឿង​សឹក​របស់​សហរដ្ឋអាមេរិក បាន​ជួយ​ដល់​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន មានលទ្ធភាព វាយបក​ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី រហូត​រំដោះទឹកដី​រប​ស់​ខ្លួន​បានជា​បន្ដបន្ទាប់ យកមក​គ្រប់គ្រង​វិញ ចាប់តាំងពី​ខែកញ្ញា រហូតមក​។​

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ការ​ជាតិ​របស់​អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា សមត្ថភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស នៅតែ​ជាអាទិ​ភាពជា​ចម្បង សម្រាប់​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដើម្បី​បញ្ឈប់​ការវាយប្រហារ​តាម​អាកាស ក៏ដូចជា ដ្រូ​ន និង មី​ស៊ី​ល ពី​ទាហាន​រុស្ស៊ី ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​។​

​ជាមួយនឹង​តម្រូវការ​ចាំបាច់​បំផុត សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះ សហរដ្ឋអាមេរិក សម្ពន្ធមិត្ត និង ប្រទេស​ជា​ដៃគូ កំពុងតែ​បញ្ជូន​ខែល​ការពារ ទៅ​ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ រួមមាន ប្រព័ន្ធ IRIS-T ផលិត​ដោយ​ប្រទេស​អាល្លឺម៉ង់ និង ប្រព័ន្ធ NASAMS ផលិត​ដោយ​សហរដ្ឋអាមេរិក​។ ប៉ុន្ដែ​ការ​ផ្គត់​ផ្គត់​ខែល​ការពារ​ទាំងនេះ នៅមាន​ចំនួន​តិច​បំផុត ទើប​រុស្ស៊ី នៅតែមាន​លទ្ធភាព អាច​វាយកម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បន្ដទៀត​បាន​។ ដោយសារតែ​មើលឃើញ អំពី​បញ្ហា​នេះ ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក ក៏បាន​ពិភាក្សាគ្នា អំពី​ការបង្កើន​សមត្ថភាព​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត សម្រាប់​ការពារ និង ជួយ​ដល់​អ៊ុយ​ក្រែ​ន​៕​