ទាហាន​រុស្ស៊ី ស្លាប់​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន រយៈពេល​២៤​ម៉ោង ៤០០​នាក់​

ព័ត៌មានអន្តរជាតិ
0
106



​រដ្ឋធានី​កៀវ​៖ សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អូស​ន្លា​យ អស់​រយៈពេល​២៧២​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២២ ខែវិច្ឆិកា ខណៈ​ការ​វាយ​ប្រយុទ្ធ​កំពុងតែបន្ដ ប៉ុន្ដែ​នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ អ៊ុយ​ក្រែ​ន បាន​អះអាង អំពី​ការសម្លាប់​ទាហាន​របស់​ក្រុង​មូ​ស្គូ ចំនួន​៤០០​នាក់ ធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ បាត់បង់​កម្លាំងយោធា កើនឡើង​ជាង​៨​ម៉ឺន​នាក់​។​

​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២២ ខែវិច្ឆិកា ថា បើតាម​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅក្នុង​សេចក្ដីរាយការណ៍​របស់​ខ្លួន ហើយ​ត្រូវបាន​បង្ហោះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ថ្ងៃទី​២២ ខែវិច្ឆិកា កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បានសម្លាប់​ទាហាន​រុស្ស៊ី កើន​ដល់​៨៥ ០០០​នាក់​។​

​ប្រភពពី​កងទ័ព​អ៊ុយ​ក្រែ​ន ដដែល បាន​បន្ដថា ក្រៅពី​ការសម្លាប់​ទាហាន​រុស្ស៊ី នោះ កងទ័ព​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន ក៏បាន​កម្ទេច​គ្រឿង​ចម្បាំង អស់​ជាច្រើន​ប្រភេទ​បន្ថែមទៀត មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក រួមមាន រថក្រោះ ចំនួន ២ ៨៩៥​គ្រឿង​, រថពាសដែក ៥ ៨២៧​គ្រឿង​, ប្រព័ន្ធ​កាំភ្លើង​ធំ ចំនួន​១ ៨៨២​គ្រឿង​, ប្រព័ន្ធ​ប្រឆាំងនឹង​យន្ដហោះ​ចម្បាំង ចំនួន ២០៩​គ្រឿង​, យន្ដហោះ​ចម្បាំង ចំនួន ២៧៩​គ្រឿង​, ឧទ្ធម្ភាគចក្រ ចំនួន ២៦១​គ្រឿង​, ដ្រូ​ន​យុទ្ធសាស្ដ្រ ចំនួន ១ ៥៣៧​គ្រឿង​, នាវាចម្បាំង​តូចធំ ចំនួន​១៦​គ្រឿង​, រថយន្ដយោធា និង ដឹក​ប្រេងឥន្ធនៈ ចំនួន​៤ ៣៩៣​គ្រឿង …​ព្រមទាំង​គ្រឿង​សឹក​ជាច្រើន​ទៀត​។​

​ទោះជា​យ៉ាងណា រុស្ស៊ី នៅ​មិនទាន់​ប្រតិកម្ម​ភ្លាមៗ ប្រឆាំងនឹង​ការលើកឡើង​របស់​អ៊ុយ​ក្រែ​ន ជុំវិញ​ចំនួន​ទាហាន​របស់ខ្លួន​ស្លាប់ កើនឡើង រាប់ម៉ឺន​នាក់​នោះដែរ​។ ប៉ុន្ដែ​ជាការ​ពិតណាស់ ក្រុង​មូ​ស្គូ ក៏​កម្រ​នឹង​ប្រកាស អំពី​ការបាត់បង់​ទាហាន នៅក្នុង​សមរភូមិ​។​

​ដោយឡែក លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​ថ្លែង កាលពី​ប៉ុ​នា្ម​ន​ថ្ងៃ​មុននេះ ថា ទាហាន​រុស្ស៊ី បាន​បាត់​បង់ជីវិត និង រងរបួស នៅក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន ប្រហែលជា​១០​ម៉ឺន​នាក់​។ ចំណែក​ចំនួន​កម្លាំង​ការពារ​ទឹកដី​របស់​ក្រុង​កៀវ ក៏​រងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នា​ដែរ​៕​