រុស្សី​នឹង​ចាត់វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រទេស​អមិត្ត​

ព័ត៌មានអន្តរជាតិ
0
295
(​ទីក្រុង​មូ​ស្គូ​)៖ រុ​ស្ស៉ី​បានប្រកាសថា ខ្លួន​អាច​នឹង​ចាត់វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុម​ប្រទេស ដែល​ខ្លួន​ចាត់ទុកថា ប្រកាន់​ជំហរ​អមិត្ត​ចំពោះ​រុ​ស្ស៉ី ជាការ​សងសឹក​ទៅនឹង​ផែនការ​របស់​សហរដ្ឋ​អាមេរិក ដែល​ចង់​លក់​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រុ​ស្ស៉ី ដើម្បី​យកទៅជួយ​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២ ខែឧសភា ឆ្នាំ​២០២២​។​

​តាមរយៈ​បណ្តាញ Telegram ប្រធានសភា​ជាន់​ទាប​របស់​រុ​ស្ស៉ី លោក វី​យ៉ា​ឆេស​ឡេវ វ៉ូ​ឡូ​ឌី​ន (Vyacheslav Volodin) បាន​គូសបញ្ជាក់ថា «​បើ​និយាយ​ពី​ក្រុមហ៊ុន​នៅក្នុង​ទឹកដី​រុ​ស្ស៉ី ដែលមាន​ម្ចាស់​ជា​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​អមិត្ត ដែល​បានសម្រេច​ចាត់វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ​រុ​ស្ស៉ី វា​គឺជា​ទង្វើ​ស្មើភាព​ក្នុងការ​ចាត់វិធានការ​ឆ្លើយ​ទៅវិញ តាមរយៈ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដូចគ្នា ហើយ​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់​ទ្រព្យ​ទាំងនោះ នឹងត្រូវ​ប្រើ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​របស់​យើង​»​។​
​លោក Volodin បាន​ចោទប្រកាន់ «​ប្រទេស​អមិត្ត​» មួយចំនួន​ដូចជា លី​ទុយ​អា​នី​, ឡេ​តូ​នី​, ប៉ូឡូញ ព្រមទាំង​សហរដ្ឋអាមេរិក​ផងដែរ ថា កំពុង​បំពាន​ច្បាប់​អន្តរជាតិ ហើយ​ធ្វើ​សកម្មភាព​ដូចជា ចោរ​សុទ្ធសាធ​យ៉ាង​ដូច្នោះ​។ លោក​បាន​បន្ថែមថា សព្វថ្ងៃ​ពាណិជ្ជករ​រុ​ស្ស៉ី កំពុង​ទិញយក ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​រុ​ស្ស៉ី និង​ទិញយក​ភាគហ៊ុន​របស់​ដៃគូ ដែល​ចង់​ចាក​ចេញពី​ទីផ្សារ​រុ​ស្ស៉ី​។​



​គួរ​បញ្ជាក់ថា ការព្រមាន​ចាត់វិធានការ​ឆ្លើយតប​របស់​រុ​ស្ស៉ី នាពេលនេះ​ធ្វើឡើង បន្ទាប់ពី​សហរដ្ឋអាមេរិក​បានប្រកាស​ពី ផែនការ​ចង់យក ថវិកា​មកពី​ការលក់​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រុស្ស៊ី ដែល​ត្រូវបាន​រឹបអូស​នៅក្នុង​ទឹកដី​អាមេរិក ដើម្បី​ផ្តល់​ជា​ជំនួយ​ដោយផ្ទាល់ ឱ្យទៅ​អ៊ុយ​ក្រែ​ន​តែម្តង​៕