រុស្ស៊ី ខ្លាច​សហរដ្ឋអាមេរិក​យល់ច្រឡំ ប្រកាស​ពី​ផែនការ​សមយុទ្ធ​នុយក្លេអ៊ែរ ឲ្យ​ដឹង​ជាមុន​

ព័ត៌មានអន្តរជាតិ
0
164


​រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង ទាំង​នយោបាយ ការទូត និង យោធា ជាមួយនឹង​សហរដ្ឋអាមេរិក និង បស្ចិម​លោក ជុំវិញ​សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះ រុស្ស៊ី បានផ្ដល់​ដំណឹង​ជាមុន​ទៅកាន់​សហរដ្ឋអាមេរិក អំពី​ផែនការ​ធ្វើ​សមយុទ្ធ​កម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ ក្លាយ​បង្ក​ឲ្យ​កើត​ទៅជា​ហានិភ័យ​ណាមួយ ពិបាក​នឹង​ប៉ាន់ស្មាន​ទុកជាមុន​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២៦ ខែតុលា ថា រុ​ស្ស៉ី បានផ្ដល់​ដំណឹង​ជាមុន ដល់​សហរដ្ឋអាមេរិក អំពី​ផែនការ​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ សម្រាប់​កម្លាំង​ទាហាន​នុយក្លេអ៊ែរ​របស់​ក្រុង​មូ​ស្គូ​។ ចំណែក ក្រុមមន្ត្រី​អាមេរិក បានចាត់ទុក​សមយុទ្ធ​របស់​រុស្ស៊ី ជា​ហានិភ័យ​ទាប​មួយ អាច​នឹង​បង្ក​ឲ្យ​ការភ័ន្តច្រឡំ ព្រោះតែ​រុ​ស្ស៉ី តែងតែ​ប្រើប្រាស់​សង្គ្រាម​វោហារសាស្ដ្រ​អាវុធ​មហា​ប្រល័យ​លោក ជា​ញឹកញាប់​។​

​ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា រុ​ស្ស៉ី នឹង​ដឹកនាំ​ការបាញ់​សាកល្បង​មី​ស៊ី​ល នៅក្នុង​អំឡុង​ការធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ ឈ្មោះ Grom របស់​កង​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​របស់​ក្រុង​មូ​ស្គូ​។ កងទ័ព​របស់​ក្រុង​មូ​ស្គូ បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប នៅក្នុង​សមយុទ្ធ កាលពី​លើក​មុន​។ ក្រោម​សន្ធិសញ្ញា New START Treaty រុ​ស្ស៉ី និង សហរដ្ឋអាមេរិក មាន​កាតព្វកិច្ច​ជូនដំណឹង​គ្នា​ជាមុន សម្រាប់​ការបាញ់​សាកល្បង​មី​ស៊ី​ល ដើម្បី​បញ្ចៀស​នូវ​ការយល់​ឡំ​ណាមួយ អាច​នឹង​កើតឡើង​។

​លោក ផាត​ទ្រី​ក រ៉ៃ​ដឺ (Patrick Ryder) អ្នកនាំពាក្យ កងទ័ព​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ កាលពី​ថ្ងៃ​អង្គារ ថា «​រុស្ស៊ី បាន​ជូនដំណឹង​ជាមុន មកដល់​សហរដ្ឋអាមេរិក ដូច​អ្វីដែល​យើង​ទទួលបាន​ដំណឹង កាលពី​ពេលមុនៗ​អ៊ីចឹង​ដែរ ព្រោះ​វា​ជា​សមយុទ្ធ​តាម​ទម្លាប់​ប្រចាំឆ្នាំ​របស់​រុ​ស្ស៉ី​»​។​

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ កងទ័ព​សហរដ្ឋអាមេរិក រូបនេះ មិនបាន​បញ្ជាក់​លម្អិត ឬ​កាលបរិច្ឆេទ នៃ​ការធ្វើ​សមយុទ្ធ​របស់​រុ​ស្ស៉ី នោះឡើយ​។ រហូតមកដល់​ពេលនេះ រុស្ស៊ី នៅតែមាន​ភាព​តានតឹង​ដាក់គ្នា​ជាមួយនឹង​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត​លោកខាងលិច ជុំវិញ​ការឈ្លានពាន ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ក្រុង​មូ​ស្គូ កាលពី​អង្គារ បាន​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​បិទទ្វារ​របស់​ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ដោយ​ចោទប្រកាន់​អ៊ុយ​ក្រែ​ន កំពុង​ត្រៀម​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម​។ ប៉ុន្តែ​លោកខាងលិច និង​អ៊ុយ​ក្រែ​ន បានចាត់ទុក​ការចោទប្រកាន់​របស់​រុស្ស៊ី ជាការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ និង មាន​ចេតនា​បង្កើន​ជម្លោះ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​បន្ដទៀត​៕​