ស្ដ្រី​ហ្វាំ​ឡង់​ដ៍ នាំគ្នា​រៀន​ជំនាញ​ការពារជាតិ ខ្លាច​រុស្ស៊ី​វាយលុក​ចូល​ឈ្លានពាន​

ព័ត៌មានអន្តរជាតិ
0
193
រដ្ឋធានី​ហែល​ស៊ីន​គី (Helsinki)៖ ចាប់តាំងពី​កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយលុក ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ មក ស៊ុយ​ក្រែ​ន និង ហ្វាំ​ង​ឡង់​ដ៍ កាន់តែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង ជុំវិញ​បញ្ហា​សន្ដិសុខ​ប្រទេសជាតិ ហើយ​បាន​សម្រេចចិត្ត​បោះបង់ចោល​គោលនយោបាយ​អព្យាក្រឹត​រា​ប់​សិប​ទសវត្សរ៍​រប​ស់​ខ្លួន​ចោល និង​ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ ហើយ​ស្ដ្រី​ហ្វាំ​ង​ឡង់​ដ៏ ក៏បាន​នាំគ្នា​ទៅ​ចុះឈ្មោះ ហ្វឹកហ្វឺន​ជំនាញ​ការពារ​ប្រទេស​របស់​ពួកគេ បង្ក​មានការ​វាយប្រហារ​ដោយ​យោធា នាពេល​អនាគត​។​

​សារព័ត៌មាន VOI បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ ថា ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្រោយពេល​រុស្ស៊ី​បាន​លើក​កងទ័ព ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះមក សហគ្រិន​ហ្វាំ​ង​ឡង់​ដ៍ លោកស្រី ស៊ី​ស​ស៊ី ម៉ូ​ប៊ឺ​គ (Sissi Moberg) បាន​រកឃើញថា គាត់​កំពុងតែ​មើល​អ៊ី​ន​ធើរ​ណិ​ត សម្រាប់​វគ្គ​សិក្សា ដែល​អាច​បង្រៀន​ជំនាញ ដើម្បី​ជួយ​ការពារ​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ នៅក្នុង​ករណី​មានការ​វាយប្រហារ ដោយ​យោធា​។​

​លោកស្រី បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «​ខ្ញុំ​មាន​អារម្មណ៍​ក្រៀមក្រំ​ណាស់ សម្រាប់​ជនជាតិ​អ៊ុយ​ក្រែ​ន​។ បន្ទាប់មក ខ្ញុំ​ចាប់ផ្តើម​ព្រួយបារម្ភ អំពី​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ ហើយ​គិតថា តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន ចំពោះ​បញ្ហា​នេះ​។ ប៉ុន្ដែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ខ្ញុំ​បាន​រៀន​វគ្គ​សិក្សា មានបំណង សម្រាប់​ជា​អ្នក​បម្រុង និង រៀន​អំពី​របៀប​ប្រើ​កាំភ្លើង និង បម្លាស់​ទី​នៅលើ​សមរភូមិ​»​។​

​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កំពុងតែ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅក្នុង​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ ដែលមាន​ព្រំដែន ប្រវែង ១ ៣០០​គីឡូម៉ែត្រ ជាមួយ​ប្រទេស​រុស្ស៊ី​។ នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី​២ ហ្វាំ​ង​ឡង់​ដ៏ បានធ្វើ​សង្គ្រាម​ចំនួន​២​លើក ប្រឆាំងនឹង​សហភាពសូវៀត ដោយបាន​បាត់បង់​ទឹកដី​របស់ខ្លួន ចំនួន​១​ភាគ​១០ ហើយ​ពលរដ្ឋ​របស់​ប្រទេសមួយ​នេះ ប្រហែល ១០០ ០០០​នាក់ ត្រូវបាន​សម្លាប់ នៅក្នុង​សង្គ្រាម​នោះ​។​

​សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឲ្យ​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត បោះបង់ចោល​នូវ​គោលនយោបាយ​អព្យាក្រឹតរ​បស់​ខ្លួន ដោយសារតែ​ការព្រួយបារម្ភ អំពី​បញ្ហា​សន្ដិសុខ និង អាយុជីវិត​ប្រទេសជាតិ​របស់​ពួកគេ​។ ការមិន​ទុក្ខ​ចិត្ត​លើ​រុស្ស៊ី ទើប​ជំរុញ​ឲ្យ​ប្រទេស​ទាំង​២​នេះ ដាក់ពាក្យ​ស្នើសុំ​ចូល ជា​សមាជិក​របស់​អង្គការ​ណា​តូ​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ មាន​ស្ដ្រី​ហ្វាំ​ឡង់​ដ៍​ជាច្រើន បាន​ស្ម័គ្រចិត្ត ចូល​ហ្វឹកហ្វឺន​ជំនាញ​កងទ័ព​។ និន្នាការ​នេះ ក៏​ស្របតាម​ប្រពៃណី នៅក្នុង​សម័យ​សង្គ្រាម​ដ៏​យូរលង់​របស់​ហ្វាំ​ង​ឡង់​ដ៍ ដោយ​ការស្ម័គ្រចិត្ត ស្ថិតក្នុង​ចំណោម​ស្ដ្រី មិនមាន​កាតព្វកិច្ច​យោធា ផ្ទុយ​ពី​បុរស​។ បើតាម​ទិន្នន័យ​ពី​យោធា គឺ​ប្រហែល​១៩​ភាគរយ នៃ​បុគ្គលិក​យោធា​អាជីព ចំនួន​១៣ ០០០​នាក់​របស់​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ ជា​ស្ត្រី បើទោះជា​មាន​ត្រឹមតែ ១-២ ភាគរយ នៃ​ទាហាន ជា​ស្ត្រី​ក៏ដោយ​៕​