រុស្ស៊ី ប្រើប្រាស់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ កម្ទេច​ឃ្លាំង​សព្វាវុធ​ផ្គត់ផ្គង់​ដោយ​ណា​តូ នៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
101


​រដ្ឋធានី​គៀវ​៖ ស្របពេល​បណ្ដា​ប្រទេស​បស្ចិម​លោក (​បច្ឆិម​លោក​) កំពុងតែ​បង្កើន​នូវ​ការផ្គត់ផ្គង់​គ្រឿង​ចម្បាំង ជួយ​ដល់​ក្រុង​គៀវ នោះ អ្នកនាំពាក្យ ក្រសួងការពារជាតិ​រុស្ស៊ី បាន​អួតអាង​ពី​កម្លាំង​ទាហាន​របស់ខ្លួន ប្រើប្រាស់​មី​ស៊ី​ល បាញ់​ចម្ងាយ​ឆ្ងាយ វាយប្រហារ​កម្ទេច​ឃ្លាំង​ស្ដុក​គ្រឿងយុទ្ធោបករណ៍ ដែល​ផ្គត់ផ្គង់​ដោយ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ នៅ​ជិត​ព្រំដែន​ប៉ូឡូញ​។​

​សារ​ព័​ត័​មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែមិថុនា ថា ទាហាន​រុស្ស៊ី បាន​អះអាងថា កាលពី​ថ្ងៃ​ពុធ ពួកគេ​បាន​ប្រើប្រាស់​មី​ស៊ី​ល បាញ់​ចម្ងាយ​ឆ្ងាយ កម្ទេច​ឃ្លាំង​ស្ដុក​គ្រឿង​សព្វាវុធ នៅ​តំបន់​ខាងលិច ទីក្រុង​ល្វី​វ (Lviv) ប្រទេស​អ៊ុយ​ក្រែ​ន​។ គោលដៅ​វាយប្រហារ​នោះ គឺជា​ឃ្លាំង​ស្ដុក​គ្រឿង​សព្វាវុធ ផ្គត់ផ្គង់​ដោយ​អង្គការ​ណា​តូ​។​

​លោក អ៊ី​ហ្គ័​រ កូ​ណា​សែន​កូវ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួងការពារជាតិ​រុស្ស៊ី បាន​អះអាងថា កម្លាំង​ទាហាន​រុស្ស៊ី បាន​ប្រើប្រាស​មី​ស៊ី​ល​កាលី​ប (Kalibr) វាយប្រហារ កម្ទេច​ឃ្លាំង​ស្ដុក​អាវុធ នៅ​ជិត​ទីក្រុង​ហ្សូ​ឡូ​ឈី​វ (Zolochiv) ស្ថិតក្នុង​តំបន់​ល្វី​វ (Lviv) ជិត​ព្រំដែន​ប្រទេស​ប៉ូឡូញ ដែលជា​សមាជិក​របស់​អង្គការ​ណា​តូ​។​

​លោក Konashenkov បាន​បញ្ជាក់ថា ការវាយប្រហារ​នេះ សំដៅ​ទៅលើ​កាំភ្លើង​ផ្លោង​ហូ​វីត​ហ្ស៊ើ​រ ប្រភេទ 777 ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក ត្រូវ​រក្សាទុក​នៅ​ទីនោះ​។ ក្រៅពីនេះ យន្តហោះ​ចម្បាំង ចំនួន​៤​គ្រឿង ក៏ត្រូវ​បាន​កងទ័ព​រុស្ស៊ី បំផ្លាញ​នៅ​កន្លែង​ផ្សេង​ទៀ​ផង​ដ​ដែរ​។ ស្របគ្នា​នេះ រុស្ស៊ី បាន​វាយប្រហារ​តាមផ្លូវ​អាកាស បំផ្លាញ​«​ប្រព័ន្ធ​ការពារ​ដែនអាកាស​»​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​អាកាសយានដ្ឋាន​យោធា​មួយកន្លែង ស្ថិតក្នុង​តំបន់​ភាគខាងត្បូង ទី​មី​កូ​ឡេវ (Mykolaiv)​។​

​ទោះជា​យ៉ាងណា មន្ដ្រី​យោធា​អ៊ុយ​ក្រែ​ន នៅ​មិនទាន់​បានធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ ជុំវិញ​ការលើកឡើង​របស់​អ្នកនាំពាក្យ ក្រសួងការពារជាតិ​រុស្ស៊ី អួតអាង​អំពី​ការវាយប្រហារ ទៅលើ​ឃ្លាំង​ស្ដុក​អាវុធ​ហ្សូ​ឡូ​ឈី​វ (Zolochiv) នោះទេ​៕