ស្រីលង្កា​ដួលរលំ​សេដ្ឋកិច្ច ធ្វើ​ឲ្យ​ពលរដ្ឋ សម្រុក​ទៅ​ក្រៅប្រទេស​

ព័ត៌មានអន្តរជាតិ
0
141


​រដ្ឋធានី​កូឡុំបូ​៖ ដោយសារតែ​ការមិនអាច​នឹង​ស៊ូទ្រាំ​នឹង​ស្ថានភាព​ជីវភាព​ដ៏​លំបាក​បំផុត ក្រោយពេល​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ត្រូវ​ដួលរលំ​ទាំង​ស្រុក​នោះ ប្រជាពលរដ្ឋ​ស្រីលង្កា រាប់សែន​នាក់ សម្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ នៅ​ខាងក្រៅ​ប្រទេស ខណៈ​ការផ្ទុះ​បាតុកម្ម​កាន់តែខ្លាំង ទាមទារ​ឲ្យ​ប្រ​ធានា​ធិ​ប​តិ ចុះ​ចេញពី​តំណែង​។​

​សារព័ត៌មាន News Now បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ថា លោក រ៉ានី​ល វិក​ក្រែ​មេ​ស៊ីន​ហ្គេ (Ranil Wickremesinghe) នាយករដ្ឋមន្ដ្រី​ស្រីលង្កា ទើបនឹង​ឡើងកាន់តំណែង​ថ្មី កាលពី​ថ្ងៃ​ពុធ បាន​ថ្លែង​ទៅកាន់​រដ្ឋសភាជាតិ ក្រោយពេល​ប្រទេស​នេះ ប្រឈមមុខ​នឹង​កង្វះខាត អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក ថា «​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​យើង បាន​ដួលរលំ​ទាំងស្រុង​ហើយ​»​។

​ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រី​ស្រីលង្កា បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវតែ​រួបរួមគ្នា​។ ចំណែក​ប្រជាជន​នឹងត្រូវ​ទ្រាំទ្រ​នឹង​ការលំបាក នៅក្នុង​រយៈពេល​ដ៏​ខ្លី​។ ដោយឡែក គណៈប្រតិភូ​ជាន់ខ្ពស់ មកពី​ប្រទេស​ឥណ្ឌា និង សហរដ្ឋអាមេរិក ក៏​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ស្រីលង្កា ដើម្បី​ជួយ​ដល់​ប្រទេស​នេះ​ផងដែរ​។​


​បច្ចុប្បន្ន ប្រទេស​ស្រីលង្កា កំពុងតែ​ប្រឈមមុខ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​ប្រទេស​នៅលើ​ដែន​កោះ នៃ​អាស៊ី​ខាងត្បូង​មួយ​នេះ បានទទួល​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ​១៩៤៨​មក​។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​ស្រីលង្កា ឈរ​តម្រង់​ជួរ រង់ចាំ​ទិញ​ប្រេងឥន្ធនៈ និង ហ្គាស​សម្រាប់​ចម្អិន​អាហារ អស់​រយៈពេល​ជាច្រើន​ថ្ងៃ កន្លងមកហើយ​។​

​ដោយឡែក អតិផរណា បាន​កើនឡើង រហូតដល់​៤៥,៣​ភាគរយ នៅ​ខែឧសភា ឆ្នាំ​២០២២​។ រីឯ​រដ្ឋាភិបាល​ស្រីលង្កា កំពុងតែ​តស៊ូ ស្វះ​ស្វែងរក​រូបិយប័ណ្ណ​បរទេស ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ការនាំ​ចូល​គ្រឿង​ផ្គត់ផ្គង់​សំខាន់ៗ​ប្រចាំថ្ងៃ រួមមាន ស្បៀងអាហារ ប្រេងឥន្ធនៈ និង ហ្គាស ខណៈ​ការតវ៉ា​នៅតែ​បន្ត​ពាសពេញ​ប្រទេស​នៅលើ​ដែន​កោះ​មួយ​នេះ ដើម្បី​ទាមទារ​ឱ្យ​ប្រធានាធិបតី​ស្រីលង្កា លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ចុះ​ចេញពី​តំណែង​។​

​បើតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ស្រីលង្កា បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ ជាង ៣២៩ ០០០​នាក់ បានដាក់​ពាក្យស្នើសុំ​លិខិតឆ្លងដែន ចាប់តាំងពី​ខែមករា រហូតមកដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ បើ​ធៀប​នឹង​ឆ្នាំ​២០២១ មាន​ចំនួន ៣៨២ ៥០៤​នាក់ និង ឆ្នាំ​២០២០ មាន​ចំនួន ២០៧ ៦៩២​នាក់​។​

​លោក សា​ណាស អ៊ុក​វ៉ា​ត់​ទេ (Sanath Ukwatte) អតីត​ប្រធាន​សមាគម​សណ្ឋាគារ នៃ​ប្រទេស​ស្រីលង្កា បាន​បញ្ជាក់ថា «​វិស័យ​ឧស្សាហកម្ម​សណ្ឋាគារ បាន​បាត់បង់​អ្នកជំនាញ ប្រហែល ១៥ ០០០​នាក់​។ បច្ចុប្បន្ន មានការ​ចាកចេញ​ច្រើន​ខ្លាំងណាស់​។ យើង​ជា​ម្ចាស់​សណ្ឋាគារ មានការ​ព្រួយបារម្ភ​ខ្លាំង​។ ប៉ុន្ដែ​យើង​មិនអាច​បង្ខំ​ពួកគេ ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​បានដែ​រ​។ ចំណែក​អ្នកជំនាញ​ខាង​វិស័យ​ទេសចរណ៍​សណ្ឋាគារ កំពុងតែ​ស្វះ​ស្វែងរក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​ម៉ា​ឌី​វ ក៏ដូចជា ឌូ​បៃ ប្រទេស​អារ៉ាប់​អេ​មី​រេ​ត និង ប្រទេស​កាតារ ឬ​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​»​។​

​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ស្រីលង្កា កំពុងតែ​ស្វះ​ស្វែងរក​ការងារ​ធ្វើ នៅក្រៅ​ប្រទេស ភាគច្រើន ជា​កម្មករ ពាក់កណ្តាល​ជំនាញ ដូចជា ជាង​ទឹក អ្នកបើកបរ និង មេកា​និក​។ នៅក្នុង​ឆ្នាំនេះ រដ្ឋាភិបាល​ស្រីលង្កា បាន​បញ្ជូន​ពលករ ទៅ​ចុះឈ្មោះ​ធ្វើការ នៅក្រៅ​ប្រទេស មាន​ចំនួន ១៣៨ ៤៦០ នាក់​រួចមកហើយ បើ​ធៀប​នឹង​ឆ្នាំមុន មាន ១២២ ៣២១ នាក់​។ ប៉ុន្ដែ ប្រជាពលរដ្ឋ ជាច្រើន​ផ្សេងទៀត បាន​ចាកចេញ ពី​ប្រទេស​លង្កា ដោយ​មិនបាន​ចុះឈ្មោះ នៅក្នុង​ក្រសួង​ការងារ​នោះឡើយ​៕