ប្រជាជន​ថៃ ចាប់ផ្ដើម​ផ្ទុះ​កំហឹង​ដាក់​សភា និង តុលាការ​ធម្មនុញ្ញ​

ព័ត៌មានអន្តរជាតិ
0
6


​រាជធានី​បាងកក​៖ ប្រជាជន​ថៃ បាន​ផ្ដើម​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ហើយ​គ្រោង​នឹង​ចេញមក​តាម​ដងផ្លូវ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ គាំទ្រ​ដល់​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ ក្រោយពេល​សមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន មាន​ទំនោរ​ទៅរក​ក្រុម​អភិរក្ស​យោធានិយម បាន​រារាំង​ដល់​មេដឹកនាំ​វ័យក្មេង​របស់​ពួកគេ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី នៅ​ជុំ​ទី​២ កាលពី​ថ្ងៃ​ពុធ​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា ប្រជាជន​ថៃ គ្រោង​នឹង​ចេញ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ បង្ហាញ​នូវ​គាំទ្រ​ដល់​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី​៣០​របស់​ប្រទេស​ថៃ​។ ក្រុមបាតុករ​នឹង​នាំគ្នា​ចេញមក​តាម​ដងផ្លូវ តវ៉ា​នៅតាម​ទីកន្លែង​ជាច្រើន ស្ថិតក្នុង​រាជធានី​បាងកក នៅ​ល្ងាច​ថ្ងៃ​សុក្រ​។​

​ការផ្ទុះ​តវ៉ា​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមបាតុករ​ថៃ បានកើត​ឡើង ក្រោយពេល​សមាជិកសភា និង ព្រឹទ្ធសភា បាន​ច្រានចោល​នូវ​ការ​ឈរឈ្មោះ​ជា​លើក​ទី​២​របស់លោក ភី​ថា ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី នៅ​ជុំ​ទី​២ ក៏ដូចជា ការសម្រេចចិត្ត​របស់​តុលាការ​ធម្មនុញ្ញ បាន​ព្យួរ​ឋានៈ​ជា​សមាជិកសភា​របស់គាត់ ដោយសារ​តែមាន​ការពា​ក់​ព័ន្ធ​នឹង​ការកាន់កាប់​ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន iTV ដែល​លែង​ក្លាយជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ​។​

ពាណិជ្ជកម្ម


​ក្រុមបាតុករ មកពី​អង្គការ​ជា​ច្រន រួមមាន រណសិរ្ស​រួបរួម​ធ​ម្មា​សាត និង​បាតុកម្ម​, ក្រុម Talugas Group (​តា​លូ​ហ្កា​ស ហ្គ្រូ​ប​) និង អង្គការ​និស្សិត​ថៃ បានប្រកាស នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ពួកគេ អំពី​គម្រោង​របស់ខ្លួន ប្រមូលផ្ដុំ​គ្នា​តវ៉ា នៅ​ថ្ងៃ​សុក្រ និង ថ្ងៃអាទិត្យ​។ ចំណែក​ការប្រមូល​ផ្ដុំគ្នា នៅ​ថ្ងៃ​សុក្រ នេះ នឹង​ចាប់​ផ្ដើមធ្វើ នៅ​ខាងក្រៅ​សាលប្រជុំ​របស់​សាកលវិទ្យាល័យ​កា​សេត​សាត (Kasetsart) នា​វេលា​ម៉ោង​៥​ល្ងាច ហើយ​បន្ដ​ធ្វើឡើង នៅវេលា​ម៉ោង​៧​យប់ នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​វិចិត្រសិល្បៈ និង វប្បធម៌​ក្រុង​បាងកក (BACC)​។​

​ស្របគ្នា​នេះ អង្គការ​សភា​ប្រជាជន​កែទម្រង់​ប្រទេស​ថៃ និង សម្ពន្ធមិត្ត កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានចាប់ផ្តើម​យុទ្ធនាការ រយៈពេល​១១​ថ្ងៃ ដើម្បី​គាំទ្រ​ដល់​«​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​» ដោយ​ចាប់ផ្តើម​ធ្វើឡើង នៅ​ផ្លូវបំបែក​ប៉ា​ធូ​ម​វ៉ាន់ (Pathumwan)​។​

​ទន្ទឹមគ្នានេះ លោក សម្បត្ដិ ប៊ូ​ន​ង៉ា​ម​-​អា​ណង (Sombat Boonngam-anong) ជា​សកម្មជន​នយោបាយ បាន​បង្ហោះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គាត់ ដោយបាន​អំពាវនាវ​ឱ្យមាន​ការជួប​ជុំគ្នា​មួយ​ផ្សេងទៀត នៅ​ថ្ងៃអាទិត្យ នៅត្រង់ចំណុច​ផ្លូវបំបែក​អា​សូក (Asok) ចាប់ពី​វេលា​ម៉ោង​៥​ល្ងាច ដើម្បី​បង្ហាញ​គាំទ្រ​ខាង​សីលធម៌ ដល់​លោក ភី​ថា និង គណបក្ស​ឆ្ពោះទៅមុខ (MFP)​។ បន្ថែម​ពីលើ​នេះ គាត់​ក៏​គ្រោង​នឹង​អញ្ជើញលោក ភី​ថា ចូលរួម​ដែរ​។​

​អង្គការ​ចលនា​ប្រជាជន​ដើម្បី​សង្គម​យុត្តិធម៌ (P-move) ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ថ្កោលទោស​នូវ​អ្វីដែល​អង្គការ​មួយ​នេះ បាន​ពិពណ៌នា ថា វា​ជាការ​ប៉ុនប៉ង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង រារាំង​ការយល់ស្រប ដែល​សម្រេចបាន ដោយ​អ្នកបោះឆ្នោត​ចំនួន​១៤​លាន​នាក់ នៅក្នុង​ការបោះឆ្នោត​សកល នៅ​ថ្ងៃទី​១៤ ខែឧសភា គាំទ្រ​ដល់​គណបក្ស​ឆ្ពោះទៅមុខ (MFP) សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​។

​អង្គការ​មួយ​នេះ ក៏បាន​អំពាវនាវ ទៅកាន់​សមាជិក​ព្រឹទ្ធសភា ឲ្យ​លាលែង​ចេញពី​តំណែង និង ជំរុញ​ឲ្យ​មានការ​ផុលផុស​ឡើង​នូវ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ចេញមក​ធ្វើបាតុកម្ម ប្រឆាំងនឹង​«​ការធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធិប្រជាធិបតេយ្យ​»​។​

​លោក​ឧត្ដមសេនីយ៍​ប៉ូលិស សេរី​ពិសុទ្ធ ធេ​មី​យ៉ាវ (Sereepisuth Temeeyaves) ជា​សមាជិកសភា និង ជា​មេដឹកនាំ​គណបក្ស Seri Ruam Thai បាន​ជំរុញ​ឱ្យ​គណបក្ស MFP ផ្តាច់ខ្លួន ចេញពី​សម្ពន្ធភាព​ទាំង​៨​គណបក្ស ជាមុនសិន ដើម្បី​បើកផ្លូវ​ឱ្យ​គណបក្ស​ភឿ​ថៃ ឈ្នះ​នូវ​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី​។ គណបក្ស Seri Ruam Thai ក៏​ជា​សមាជិក​មួយ នៅក្នុង​ចំណោម​សម្ពន្ធភាព​ទាំង​៨​គណបក្ស​នេះ​។​

​មេដឹកនាំ​គណបក្ស Seri Ruam Thai បាន​ពណ៌នា ថា នេះ​ជាការ​លះបង់ សម្រាប់​គាំទ្រ​ដល់​គោលដៅ​របស់​គណបក្ស​ទាំង​៨ នៅក្នុង​ការបង្កើត​សម្ពន្ធភាព​។ គណបក្ស MFP អាច​នឹង​វិល​ត្រឡប់មកវិញ នៅក្នុងនាម​ជា​ដៃគូ​ចម្រុះ នាពេល​ក្រោយ​។​

​លោក​ឧត្ដមសេនីយ៍​ប៉ូលិស សេរី​ពិសុទ្ធ ធេ​មី​យ៉ាវ បាន​សង្កត់ធ្ងន់ ថា « នៅក្នុងនាម​ជា​មនុស្ស​ចាស់ទុំ​ម្នាក់ នៅទីនេះ ខ្ញុំ​ចង់ឱ្យ​គណបក្ស​ភឿ​ថៃ និង MFP គិត​ចំនួន​២​ដង ប្រសិនបើ​ពួកគេ នឹង​បន្ត​ប្រកួតប្រជែង​ដណ្តើម​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយគ្នា ព្រោះ​ប្រសិនបើ​បេក្ខជន​ថ្មី​ទទួល​បរាជ័យ នៅក្នុង​ការបោះឆ្នោត​ម្តងទៀត វា​នឹងមិន​មានឱកាស​ទី​២ សម្រាប់​គាត់​ឡើយ​»៕​