លទ្ធផល​បោះឆ្នោត មិន​ដូច​ការរំពឹងទុក ប្រធានាធិបតី​តៃវ៉ាន់​លាលែង​ពី​ប្រធាន​បក្ស​

ព័ត៌មានអន្តរជាតិ
0
125


​ទីក្រុង​តៃប៉ិ​៖ ប្រធានាធិបតី​តៃវ៉ាន់ ជា​អ្នក​មានចិត្ត​ក្លាហាន ហ៊ាន​ចេញមុខ​ប្រឆាំងនឹង​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន បានប្រកាស​លាលែង ពី​ប្រធាន​បក្ស DPP ក្រោយពេល​គណបក្ស​រប​ស់លោក​ស្រី បាន​ចាញ់​ការបោះឆ្នោត ប៉ុន្ដែ​លោកស្រី បាន​បញ្ចុះបញ្ចូល​លោក ស៊ូ តេង​ចាង (Su Tseng-chang) នាយករដ្ឋមន្ដ្រី ឲ្យ​បន្ដ​នៅ​ធ្វើជា​ថ្នាក់ដឹកនាំ​បក្ស ក្រោយពេល​គាត់​ដាក់ពាក្យ​លាលែង ពី​តំណែង​។​

​សារព័ត៌មាន Taiwan News បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​២៧ ខែវិច្ឆិកា ថា លោកស្រី សៃ អ៊ីង​វ៉ឹ​ន (Tsai Ing-weng) បញ្ជាក់ កាលពី​ថ្ងៃ​សៅរ៍ ថា លោកស្រី នឹងដាក់​លាលែង ពី​តំណែង​ជា​ប្រធាន​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ក្រោយពេល​គណបក្ស​រប​ស់លោក​ស្រី បានឈ្នះ​ត្រឹមតែ​៤​ក្រុង និង ១​ខណ្ឌ នៅក្នុង​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​។​

​បើតាម​សារព័ត៌មាន The Liberty Times បាន​រាយការណ៍ ថា លោក ស៊ូ តេង​ចាង (Su Tseng-chang) នាយករដ្ឋមន្ដ្រី​តៃវ៉ាន់ ក៏បាន​ដាក់ពាក្យ​លាលែង ចេញពី​តំណែង​របស់គាត់ ផងដែរ​។ ប៉ុន្ដែ​លោកស្រី​ប្រធានាធិបតី បាន​បញ្ចុះបញ្ចូល​គាត់ រហូត​ព្រមព្រៀង នៅ​បន្ដកាន់កាប់​តំណែង​របស់គាត់​។​

​នៅក្នុង​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​នោះ គណបក្ស DPP នៅតែ​រក្សាបាន​ការគ្រប់គ្រង​ត្រឹមតែ​ទីក្រុង ចំនួន​៤​និង ១​ខណ្ឌ នៅ​តំបន់​ភាគខាងត្បូង រួមមាន កាវ​ស៊ុ​ង (Kaohsiung), តៃ​ណាន (Tainan), ពីង​ទុង (Pingtung) និង ខណ្ឌ​ឈៀ​យី (Chiayi) ខណៈ​ឈ្នះ​ត្រឹមតែ​ខណ្ឌ​ផែង​ហ៊ូ ( Penghu) ពី​គណបក្ស​គួ​មីន​តាំង (Kuomintang) ហៅ​កាត់ KMT ។ ប៉ុន្ដែ​គណបក្ស DPP បាន​ចាញ់​ការគ្រប់គ្រង​ទីក្រុង​តាវ​យួន (Taoyuan) និង ទីក្រុង​គី​លុង (Keelung) ធ្លាក់​ទៅលើ​គណបក្ស KMT ហើយ​ទីក្រុង​ស៊ីន​ជូ (Hsinchu) បាន​ទៅលើ​គណបក្ស​ប្រជាជន​តៃវ៉ាន់ ខណៈ​ចាញ់​ការគ្រប់គ្រង​ទីក្រុង​តៃប៉ិ ហើយ​ជ័យជម្នះ​បាន​ទៅលើ​គណបក្ស KMT​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោកស្រី ប្រធានាធិបតី បានបញ្ជាក់ ថា លទ្ធផល​បោះឆ្នោត មិន​ទទួលបាន​ដូច​អ្វីដែល​លោកស្រី រំពឹងទុក​នោះឡើយ​។ ដូច្នេះ​លោកស្រី ចាំបាច់​ត្រូវតែ​ទទួលខុសត្រូវ និង លាលែង​ពី​ថ្នាក់ដឹកនាំ​គណបក្ស​។ លោកស្រី បាន​បន្ដ ថា បញ្ហា​នៅតែមាន​គម្លាត​គួរឱ្យកត់សម្គាល់ រវាង​អភិបាលកិច្ច​របស់​គណ​បក្ស DPP នៅ​ថ្នាក់មូលដ្ឋាន និង ការរំពឹងទុក​របស់​សាធារណជន​៕​