រុស្ស៊ី បន្ដ​បាត់បង់​ប្រាក់ចំណូល​ពី​វិស័យ​មាស ជាង​១៥​ពាន់​លាន​ដុល្លារ​

ព័ត៌មានអន្តរជាតិ
0
88

រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ រុស្ស៊ី រកបាន​ប្រាក់ចំណូល ពី​វិស័យ​ប្រេង និង ឧស្ម័ន ក្នុង​១​ថ្ងៃៗ ប្រហែល​១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង មាន​ចំណូល​ពី​ការនាំចេញ​មាស ប្រហែល​ជាង​១០​ពាន់​លាន ក្នុង​១​ឆ្នាំៗ ហើយ​បច្ចុប្បន្ន ប្រាក់ចំណូល​ពី​វិស័យ​ទាំងនេះ កំពុងតែ​ត្រូវ​ប្រឈមមុខ​យ៉ាងខ្លាំង ដោយសារ​ទណ្ឌកម្ម ពី​បណ្ដា​ប្រទេស​លោកខាងលិច និង សម្ពន្ធមិត្ត ជុំ​វិ​សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​សារព័ត៌មាន Politico បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច G7 នឹង​ហាមឃាត់​នូវ​ការនាំ​ចូល​មាស​របស់​រុស្ស៊ី នៅក្នុង​ការ​រឹតបន្តឹង​បន្ថែមទៀតរ​បស់​បណ្ដា​ប្រទេស​លោកខាងលិច ដើម្បី​ឆ្លើយតប​ទៅនឹង​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​


​លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា មេដឹកនាំ នៃ​ប្រទេស​អ្នកមាន​បំផុត នៅលើ​ពិភពលោក នឹង​ប្រកាស អំពី​បម្រាម លើ​ការនាំ​ចូល​មាស មកពី​ប្រទេស​រុស្ស៊ី នៅក្នុង​កិច្ចប្រជុំ​កំពូល G7 នៅក្នុង​ទីក្រុង​មូ​និ​ច (Munich) រដ្ឋ​ប្រា​វ៉ា​រៀ (Bavaria) ប្រទេស​អាល្លឺម៉ង់​។​

​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ប្រទេស G7 នឹង​ហាមឃាត់​ដល់​ការនាំ​ចូល​មាស​របស់​រុស្ស៊ី ជាមួយនឹង​គោលបំណង​រឹតបន្តឹង​ដល់​ការដាក់ទណ្ឌកម្ម ប្រឆាំងនឹង​ក្រុង​ម៉ូស្គូ ដែល​បាន​បន្ដ​វាយប្រហារ ដោយ​មី​ស៊ី​ល ទៅលើ​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែមិថុនា ក្រោយពេល​កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយ​ដណ្ដើមបាន​ទឹកដី នៅក្នុង​តំបន់​លូ​ហាន់​ស្ក៍ (Luhansk) នា​ភាគ​ខាងកើត ប្រទេស​នេះ​។​

​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់ ខណៈ​មេដឹកនាំ​ប្រទេស​អ្នកមាន​បំផុត នៅលើ​ពិ​ភ​លោក កំពុង​ជួបប្រជុំ​កំពូល នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ថា «​ប្រទេស G7 រួបរួមគ្នា នឹង​ប្រកាសថា យើង​នឹង​ហាមឃាត់​នូវ​ការនាំ​ចូល​មាស មកពី​រុស្ស៊ី​។ បម្រាម​នេះ នឹងធ្វើ​ឲ្យ​រុស្ស៊ី បាត់បង់​ប្រាក់ចំណូល ជាង​១០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ការនាំចេញ​មាស​»​។​


​ទណ្ឌកម្ម​លើ​ការនាំ​ចូល​មាស​នេះ បាន​ផ្ដួច​ផ្ដើមគំនិត​ឡើង ដោយ​ចក្រភព​អង់គ្លេស ហើយ​ប្រទេស​ជា​សមាជិក​ផ្សេងទៀត ក៏បាន​គាំទ្រ រួមមាន កាណាដា ជប៉ុន និង សហរដ្ឋអាមេរិក​។ ការនាំចេញ​មាស ជា​ប្រភព​ចំណូល​ដ៏​សំខាន់ សម្រាប់​ប្រទេស​រុស្ស៊ី ទាក់ទង​នឹង​សមត្ថភាព​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​។ កាលពី​ឆ្នាំមុន មាស​មានតម្លៃ ១៥,៤៥​ពាន់​លាន​ដុល្លារ ត្រូវបាន​នាំចេញ​ពី​ប្រទេស​រុស្ស៊ី ហើយ​មហាសេដ្ឋី​រុស្ស៊ី បាន​ទិញ​យ៉ាងច្រើន ដើម្បី​បញ្ចៀស ពី​ផលប៉ះពាល់ នៃ​ទណ្ឌកម្ម​របស់លោក​ខាងលិច​។​

​លោក បូរី​ស ច​ន​សុន (Boris Johnson) នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍ ថា «​បម្រាម​លើ​មាស​នេះ នឹង​ប៉ះពាល់​ដោយផ្ទាល់​ទៅលើ​មហាសេដ្ឋី​រុស្ស៊ី និង វាយប្រហារ ចំ​បេះដូង នៃ​មេគំនិត​សង្គ្រាម​របស់លោក ពូ​ទីន​។ ចក្រភព​អង់គ្លេស និង​សម្ពន្ធមិត្ត​របស់​យើង កំពុងតែ​ធ្វើ​ដូច្នេះ គឺ​យើង​ត្រូវការ​កាត់ផ្ដាច់​មូលនិធិ ចេញពី​របប​របស់លោក ពូ​ទីន​»​។​

​បណ្តា​ប្រទេស​លោកខាងលិច បាន​ពង្រីក​នូវ​ការដាក់ទណ្ឌកម្ម​យ៉ាងខ្លាំង ប្រឆាំងនឹង​ក្រុង​មូ​ស្គូ ដោយ​ផ្តោតលើ​ហិរញ្ញវត្ថុ រួមទាំង​ការបង្ក​ក​ទ្រព្យសកម្ម​របស់​ធនាគា​រ​កណ្តាល​របស់​រុស្ស៊ី ដើម្បី​រារាំង​ដល់​ការចូលទៅ​កាន់កាប់​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​។ ជាមួយគ្នានេះដែរ មេដឹកនាំ​សហភាព​អឺរ៉ុប កាលពីដើម ខែមិថុនា បាន​ព្រមព្រៀងគ្នា កាត់បន្ថយ​នូវ​ការ​នាំចូល​ប្រេង ពី​រុស្ស៊ី រហូតដល់ ៩០​ភាគរយ នៅ​ចុង​ឆ្នាំនេះ​។ នេះ​ជាការ​កាត់បន្ថយ​មូលនិធិ​ដ៏​សំខាន់ សម្រាប់​ក្រុង​មូ​ស្គូ នៅក្នុង​ការធ្វើ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​៕​