សម្ដី​របស់​មេបក្ស​ឈ្នះឆ្នោត អូសទាញ​បេះដូង​ប្រជាជាតិ​ថៃ និង ចាក់​ដោត​ខ្លាំង​លើ​សមាជិកសភា​

ព័ត៌មានអន្តរជាតិ
0
8


​រាជធានី​បាងកក​៖ មេបក្ស​ប្រឆាំង​ឈ្នះឆ្នោត នៅក្នុង​ប្រទេស​ថៃ ក្រោយ​ដឹងខ្លួន អំពី​ឋានៈ​ជា​សមាជិកសភា​របស់ខ្លួន ត្រូវបាន​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ ព្យួរ​ជា​បណ្ដោះអាសន្ន ក៏បាន​ដើរ​ចេញពី​វិមាន​រដ្ឋសភា ទាំង​ភាព​អង់អាច​ក្លាហាន និង ពោល​ពាក្យ​ដ៏​ចាក់​ដោត​បំផុត ទៅកាន់​សមាជិកសភា​ទាំងអស់ ហើយ​វា​ជា​សម្ដី​អូសទាញ​បេះដូង​របស់​ប្រជាជាតិ​ផងដែរ​។​

​សារព័ត៌មាន​របស់​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ ថា ដោយសារតែ​ដឹង ថា ឋានៈ​ជា​សមាជិកសភា​របស់ខ្លួន ត្រូវបាន​តុលាការ​ធម្មនុញ្ញ រួចមក លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP ក៏បាន​គោរព​តាម​សេចក្ដីសម្រេច​នោះ​។ ភ្លាមៗ​នោះ គាត់​បាន​ដើរចេញ ពី​វិមាន​រដ្ឋសភា កាលពី​ថ្ងៃ​ពុធ​។ ប៉ុន្ដែ​មេបក្ស​ប្រឆាំង​ឈ្នះឆ្នោត​រូបនេះ បាន​ជំរុញ​ទៅដល់​សមាជិកសភា​ទាំងអស់ ត្រូវតែ​មើល​ថៃ​ទាំ​ប្រជាជន​ថៃ​។​

​មេបក្ស​ឈ្នះឆ្នោត វ័យ​៤២​ឆ្នាំ​រូបនេះ បាន​ថ្លែង​ទៅកាន់​សភា​ទាំង​២ ថា គាត់​នឹង​គោរព​តាម​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​។ សកម្មភាព​របស់គាត់ បានកើត​ឡើង ស្របពេល​សមាជិកសភា នៅតែ​កំពុងតែ​ជជែក​វែក ដេញដោល​គ្នា​ដ៏​តានតឹង ថា​តើ​លោក ភី​ថា អាច​នឹងត្រូវ​តែងតាំង ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​របស់​សភា ជា​លើក​ទី​២​ដែរ​ឬ​យ៉ាងណា​នោះ​។ ប៉ុន្ដែ ភ្លាមៗ​នោះ គាត់​ក៏បាន​ដើរចេញ ពី​វិមាន​រដ្ឋសភា ទាំង​ភាព​អង់អាច​ក្លាហាន​បំផុត​។​

​ចៅក្រម​ចំនួន​៧​រូប នៅក្នុង​ចំណោម​ចៅក្រម​របស់​តុលាការ​ធម្មនុញ្ញ ទាំង​៩​រូប បានសម្រេច​ព្យួរ​ជា​បណ្ដោះអាសន្ន សម្រាប់​ឋានៈ​សមាជិកសភា​របស់លោក ភី​ថា កាលពី​ថ្ងៃ​ពុធ (​ទី​១៩ ខែកក្កដា​) ស្របពេល​ស្ថាប័ន​កំពូល​មួយ​នេះ កំពុងតែ​ពិភាក្សា​ដេញដោល​គ្នា ទៅលើ​ការចោទប្រកាន់ អំពី​ការកាន់កាប់​ភាគហ៊ុន​របស់គាត់ នៅក្នុង​ក្រុមហ៊ុន iTV ដែល​លែង​ដំណើរការ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ​។ ការសម្រេចចិត្ត​បែបនេះ បានកើត​ឡើង ក្រោយពេល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រប​ស់​ប្រទេស​ថៃ បាន​លើកយក​ករណីនេះ ប្ដឹងទៅ​តុលាការ​ធម្មនុញ្ញ និង ផ្ដល់​អនុសាសន៍​ឲ្យ​ដកហូត​ឋានៈ​សមាជិកសភា​របស់លោក ភី​ថា​។​

​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ បាន​ថ្លែង នៅមុន​ពេល​គាត់​បាន​ដើរចេញ ពី​វិមាន​រដ្ឋសភា ថា «​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ លា​ដល់​សមាជិក សមាជិកា​សភា ហើយ​ខ្ញុំ​សង្ឃឹម ថា យើង​នឹង​ជួបគ្នា​ជាថ្មី​»​។​

​នៅមុន​ការចាកចេញ​នោះ លោក ភី​ថា ថ្លែង​ជាមួយនឹង​សម្ដី​ដ៏​មានន័យ​បំផុត ដោយបាន​ស្នើសុំ​ដល់​តំណាងរាស្ដ្រ​ទាំងអស់ ត្រូវតែ​ប្រើប្រាស់​ប្រព័ន្ធ​សភា មើលថែ​ទាំង​ប្រជាជន ខណៈ​អ​វត្ដ​មាន​របស់គាត់​។ បន្ថែម​ពីលើ​នេះ មេបក្ស​ប្រឆាំង​ឈ្នះឆ្នោត រូបនេះ បាន​ក្រើនរំឭក ដល់​សមាជិកសភា​ទាំងអស់ ថា «​ប្រទេស​ថៃ បាន​ផ្លាស់ប្ដូរ ចាប់តាំងពី​ការបោះឆ្នោត នៅ​ថ្ងៃទី​១៤ ខែឧសភា មកម្ល៉េះ​»​។​

​ក្រោយពេល​ថ្លែង​លា ទៅកាន់​សមាជិក សមាជិកា​សភា​រួចមក លោក ភី​ថា ក៏បាន​ទាញយក​ប័ណ្ណ​សមាជិកសភា​របស់គាត់ ចេញពី​ខ្លួន រួចហើយ​ដាក់​លើ​តុ នៅមុន​ពេល​គាត់​បាន​ដើរចេញ ជាមួយនឹង​សំឡេង​ទះដៃ​យ៉ាងខ្លាំង លាន់ឮ​ពេញ​វិមាន​រដ្ឋសភា​។​

​លោក​មេបក្ស​ឆ្ពោះទៅមុខ រូបនេះ បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម Instagram នៅមុននេះ ថា «​ប្រព័ន្ធ​បច្ចុប្បន្ន ច្បាស់​ណាស់ ថា ខ្ញុំ​ពិតជា​មិនអាច យកឈ្នះ​លើ​បេះដូង​របស់​អ្នក​ទាំងអស់ ដើម្បី​ឲ្យ​មាន​ចំនួន​គ្រប់គ្រាន់ សម្រាប់​ការបោះ​ជំហាន​ឆ្ពោះទៅមុខ ដឹកនាំ​ប្រទេសជាតិ​បាន នាពេល​នេះឡើយ ហើយ​ប្រហែលជា​មិន​គ្រប់គ្រាន់ សម្រាប់​ការស្នើ​ឈ្មោះ​របស់ខ្ញុំ នៅក្នុង​ជុំ​ទី​ពីរ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី »​។​

​សមាជិកសភា និង ព្រឹទ្ធសភា បាន​ចំណាយពេល​ជាច្រើន​ម៉ោង សម្រាប់​ការពិភាក្សា​ដេញដោល​គ្នា​ដ៏​តានតឹង ថា​តើ​ការតែងតាំង​បេក្ខភាព​នាយករដ្ឋមន្ដ្រី​ថៃ នឹងត្រូវ​អនុញ្ញាតឱ្យ​ប្តូរ​ឈ្មោះ​របស់លោក ភី​ថា សម្រាប់​ការបោះឆ្នោត​ជុំ​ទី​២ ស្របពេល​បទ​ប្បញ្ញត្តិរ​បស់​សភា ហាមឃាត់​នូវ​ការតែងតាំង​ឡើងវិញ សម្រាប់​អ្នក​បាន​រង​បរាជ័យ នៅក្នុង​ការបោះឆ្នោត​លើក​ទី​១ នៅក្នុង​សម័យប្រជុំ​សភា​៕​