មន្ដ្រីជាន់ខ្ពស់​រុស្ស៊ី ចាប់ផ្ដើម​ព្រមាន​សហរដ្ឋអាមេរិក ជាថ្មី​

ព័ត៌មានអន្តរជាតិ
0
90
រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​លោកខាងលិច បាន​រកឃើញ​បទល្មើស នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម កើនឡើង​ដល់​ជាង ២០ ០០០​ករណី​នោះ អតីត​ប្រធានាធិបតី​រុស្ស៊ី បាន​ព្រមាន​ដល់​សហរដ្ឋអាមេរិក អំពី​ការប៉ុនប៉ង​ណាមួយ ដើម្បី​ប្រើប្រាស់​ប្រព័ន្ធតុលាការ ឬ​សាលាក្ដី សម្រាប់​បើក​ការស៊ើបអង្កេត ប្រឆាំងនឹង​សកម្មភាព​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​ក្លាយជា​រឿង​អសារ​។​


​សារព័ត៌មាន Indian Nation បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ ថា លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី បាន​ព្រមាន​ដល់​សហរដ្ឋអាមេរិក ថា ការប៉ុនប៉ង​របស់​ប​ណ្តា​ប្រទេស​លោកខាងលិច ក្នុងការ​ដាក់ទណ្ឌកម្ម ប្រឆាំងនឹង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ដូចជា រុស្ស៊ី ជុំវិញ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​ការ​ប្រថុយ​នឹង​គ្រោះថ្នាក់ ដល់​មនុស្សជាតិ​។

​ការព្រមាន​របស់លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ ជា​អតីត​ប្រធានាធិបតី​រុស្ស៊ី ខណៈ​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​រុស្ស៊ី បានកើត​ឡើង ខណៈ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានអូសបន្លាយ អស់​រយៈពេល​ជិត​៥​ខែ​មកនេះ ដោយបាន​បំផ្លិចបំផ្លាញ​ដល់ផ្ទះ​សម្បែង និង សំណង់​អគារ​រាប់សែន​ខ្នង ហើយ​មនុស្ស​រាប់លាន​នាក់ បាត់​ភៀសខ្លួន​ចេញពី​ប្រទេស​។​

​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក ធ្លាប់បាន​ចោទប្រកាន់ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម​។ សហរដ្ឋអាមេរិក ជា​អ្នកដឹកនាំ​ប្រទេស​លោកខាងលិច ក្នុងការ​ផ្ដល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន និង ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ ប្រឆាំងនឹង​រុស្ស៊ី​។​

លោក មេ​ដ​វេ​ដេ​វ បាន​សរសេរ​នៅលើ បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា «​គំនិត នៃ​ការចង់​កាត់ទោស ប្រឆាំងនឹង​ប្រទេស​មាន​សក្តានុពល​នុយក្លេអ៊ែរ ពិតជា​រឿង​គួរឱ្យ​អស់សំណើច ហើយ​ការប៉ុនប៉ង​ប្រើប្រាស់ តុលាការ ដើម្បី​ស៊ើបអង្កេត លើ​សកម្មភាព​របស់​រុ​ស្ស៉ី នៅ​អ៊ុយ​ក្រែ​ន ក៏​ជា​រឿង​ឥតប្រយោជន៍ និង​បង្ក​មហន្តរាយ​ដល់​មនុស្សជាតិ ផងដែរ​»​។​


​ដោយឡែក ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក បាន​ឲ្យ​ដឹងថា រុ​ស្ស៉ី និង សហរដ្ឋអាមេរិក បាន​គ្រប់គ្រង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ពិភពលោក ប្រហែល​៩០​ភាគរយ​។ ប៉ុន្ដែ​ការគំរាមកំហែង​របស់​ក្រុង​មូ​ស្គូ ទៅលើ​សហរដ្ឋអាមេរិក នោះ ក៏​មិនមែនជា​លើក​ទី​១​នោះដែរ​៕​