ស្រីលង្កា រត់​ទៅ​ពឹង​ប្រធានាធិបតី​រុស្ស៊ី ដើម្បី​សុំ​ទិញ​ប្រេង​បណ្ដា​ក់លុយ​

ព័ត៌មានអន្តរជាតិ
0
92
រដ្ឋធានី​កូឡុំបូ​៖ ស្រីលង្កា ប្រឈម​នឹង​វិបត្ដិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត មិន​ធ្លាប់មាន នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់ខ្លួន ចាប់តាំងពី​ទទួលបាន​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស នៅ​ឆ្នាំ​១៩៤៨ នោះមក ហើយ​នៅពេលនេះ សេដ្ឋកិច្ច​បាន​ដួលរលំ​ទាំងស្រុង ដោយ​ប​ជួបនឹង​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ​យ៉ាងធ្ងន់ធ្ងរ ទើប​ប្រធានាធិបតី សុំ​ឲ្យ​រុស្ស៊ី ជួយ​នាំចូល​ប្រេង​បណ្ដា​ក់លុយ​សិន​។​

​សារព័ត៌មាន ABC News បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៦ ខែកក្កដា ថា លោក ហ្គោ​តបា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ដើម្បី​ស្នើសុំ​ជំនួយ​ឥណទាន សម្រាប់​ការនាំ​ចូល​ឥន្ធនៈ មកកាន់​ប្រទេស​នៅលើ​កោះ​មួយ​នេះ ដែល​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​។​

​លោក​ប្រធានាធិបតី​ស្រីលង្កា បាន​សង្កត់ធ្ងន់ថា «​គាត់​បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​យ៉ាងខ្លាំង​ណាស់ ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន​»​។​

​ការចរចា រវាង​ប្រធានាធិបតី​ស្រីលង្កា និង រុស្ស៊ី បានកើត​ឡើង ក្រោយពេល​រដ្ឋមន្ដ្រីក្រសួង​ថាមពល​របស់​ប្រទេស​នៅលើ​កោះ​មួយ​នេះ បាន​ព្រមាន កាលពី​ចុង​សប្ដាហ៍ ថា ស្រីលង្កា នឹង​អស់​ប្រេងឥន្ធនៈ​ប្រើប្រាស់ នៅក្នុងពេល​ដ៏​ឆាប់ៗ​នេះ​។ វិបត្ដិ​ប្រេងឥន្ធនៈ​យ៉ាងធ្ងន់ធ្ងរ​នេះ ទើប​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងច្រើន កាលពី​ថ្ងៃ​ពុធ ទី​៦ ខែកក្កដា បាន​ប្រមូល​ផ្ដុំគ្នា នៅតាម​ដងផ្លូវ នៅក្នុង​រដ្ឋធានី​កូឡុំបូ ដើម្បី​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​។​


​លោក ហ្គោ​តបា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម ដោយ​យោងទៅលើ​ការសន្ទនា​ជាមួយនឹង​មេដឹកនាំ​រុស្ស៊ី ថា «​ខ្ញុំ​បានស្នើ​សុំ​ការផ្តល់​ជំនួយ​ឥណទាន សម្រាប់​ការនាំ​ចូល​ឥន្ធនៈ មកជួយ​ដល់​ប្រទេស​របស់ខ្ញុំ​»៕​