ចិន​ធ្វើ​សមយុទ្ធ​បា.ញ់​គ្រាប់​ពិត ធ្វើ​ឲ្យ​តៃវ៉ាន់​លុបចោល​ការហោះហើរ ជាង​៥០​ជើង​

ព័ត៌មានអន្តរជាតិ
0
188
ទីក្រុង​តៃប៉ិ​៖ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​តៃវ៉ាន់ ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត នៅ​ជុំវិញ​ដែន​កោះ​មួយ​នេះ ទើប​អាជ្ញាធរ​អាកាសចរណ៍រ​បស់​ក្រុង​តៃប៉ិ លុបចោល​នូវ​ជើងហោះហើរ ជាង​៥០​។​

​សារព័ត៌មាន Taiwan News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែសីហា ថា អាកាសយានដ្ឋាន​តាវ​យួន (Taoyuan) របស់​តៃវ៉ាន់ បាន​លុបចោល​ជើងហោះហើរ ចំនួន​៥១​ជើង នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ខណៈ​ចិន​កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត​។ ជើងហោះហើរ​ទាំងនេះ ចេញពី​ប្រទេស​ជប៉ុន និង កូរ៉េខាងត្បូង ឆ្ពោះទៅកាន់​បណ្ដា​ប្រទេស​នានា នៅ​តំបន់​អាស៊ី​-​អាគ្នេយ៍ ព្រោះ​វា​អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ពី​ការធ្វើ​សមយុទ្ធ បាញ់​គ្រាប់​ពិត​នេះ​។​


​អាកាសយានដ្ឋាន​អន្ដរជាតិ Taoyuan (TPE) បានប្រកាស កាលពី​ថ្ងៃ​ពុធ ថា ជើងហោះហើរ​អន្ដរជាតិ ចំនួន​៥១ នឹងត្រូវ​លុបចោល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពោលគឺ​១​ថ្ងៃ ក្រោយពេល​ចិន បានធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត ចាប់ផ្ដើម នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា អាកាសយានដ្ឋាន TPE មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់ អំពី​ការលុបចោល​ជើងហោះហើរ​នេះ ក៏​ដោយសារតែ​សកម្មភាព​យោធា​របស់​ចិន​នោះឡើយ​។​

​កាលពី​វេលា​ម៉ោង​១០ និង ៥៩​នាទី​យប់ ថ្ងៃទី​២ ខែសីហា ក្រោយពេល​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី មកដល់​តៃវ៉ាន់ បានត្រឹមតែ​រយៈពេល​១៥​នាទី​ប៉ុណ្ណោះ សារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​ចិន Global Times បានចេញ​ផ្សាយ​នូវ​សេចក្តីប្រកាស​មួយ​របស់​កងទ័ព​រំដោះ​ប្រជាជន ហៅ​កាត់ PLA បាន​បញ្ជាក់ថា ខ្លួន​នឹង​រៀបចំ «​សមយុទ្ធ​យោធា​ដ៏​សំខាន់ និង សកម្មភាព​ហ្វឹកហ្វឺន ដោយ​រួមទាំង​ការបាញ់​គ្រាប់​ពិត​» នៅក្នុង​តាម​តំបន់​ចំនួន​៦​កន្លែង នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ចាប់ពី​ថ្ងៃទី​៤-៧ ខែសីហា​។ កងទ័ព​រំដោះប្រជាជន​ចិន បានកំណត់​តំបន់​ជាច្រើន នៅលើ​ដែនទឹក តាម​ឆ្នេរសមុទ្រ​តៃវ៉ាន់ រួមទាំង​តំបន់​ភាគ​ពាយព្យ ភាគ​ខាងជើង ភាគ​ឦសាន ភាគ​ខាងកើត ភាគ​និរតី និង ភាគ​អាគ្នេយ៍ តៃវ៉ាន់​។​


​ដោយឡែក ផលប៉ះពាល់​ពិតប្រាកដ ពី​ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ចិន នឹងត្រូវ​មើលឃើញ និង វាយតម្លៃ​យ៉ាង​ពេញលេញ​។ បច្ចុប្បន្ននេះ មានការ​ប៉ាន់ប្រមាណ​ថា យ៉ាងហោចណាស់ ២​ភាគរយ នៃ​ជើងហោះហើរ​ចូល និង ចេញ ពី​អាកាសយានដ្ឋាន​តាវ​យួន អាច​ត្រូវ​លុបចោល ដោយសារតែ​សកម្មភាព​សមយុទ្ធ​នេះ​៕​