វិបត្ដិ​សេដ្ឋកិច្ច​ស្រីលង្កា​កាន់តែ​ធ្ងន់ ជំរុញ​ឲ្យ​នាយករដ្ឋមន្ដ្រី និង​ប្រធានាធិបតី​លាលែង​ពី​តំណែង​

ព័ត៌មានអន្តរជាតិ
0
69
រដ្ឋធានី​កូឡុំបូ​៖ រហូតមកដល់​ពេលនេះ សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា កាន់តែ​ធ្លាក់​ចូលទៅក្នុង​វិបត្ដិ​យ៉ាងធ្ងន់ធ្ងរ​បំផុត រហូត​មិនអាច​ដោះស្រាយបាន ហើយ​ប្រជាជន​បាន​ផ្ទុះ​កំហឹង​ឡើង នាំគ្នា​ទៅលើ​ព័ទ្ធ​លំនៅឋាន​របស់​ប្រធានាធិបតី រហូត​ជំរុញ​ឲ្យ​គាត់ និង នាយករដ្ឋមន្ដ្រី ប្រកាស​លាលែង​ពី​តំណែង​របស់​ពួកគេ ដើម្បី​ត្រួស​ត្រាយផ្លូវ នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​ថ្មី​។​

​សារព័ត៌មាន​ឥណ្ឌា The Indina Express បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា ឆ្នាំ​២០២២ ថា ក្រោយពេល​សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​ដួលរលំ​ទាំងស្រុង ធ្វើ​ឲ្យ​ប្រទេស​នៅលើ​ដែន​កោះ នៃ​អាស៊ី​ខាងត្បូង​មួយ​នេះ ត្រូវ​ប្រឈមមុខ​នឹង​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។ ស្ថិតក្នុង​ស្ថានភាព មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បែបនេះ ប្រជាជន​ស្រីលង្កា រាប់ពាន់នាក់ កាលពី​ថ្ងៃ​សៅរ៍ បាននាំគ្នា​ចេញ​តាម​ដងផ្លូវ ស្ថិតក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម កូឡុំបូ ទាមទារ​ឱ្យ​លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី ចុះ​ចេញពី​តំណែង​។ បាតុកម្ម​នេះ បានប្រែក្លាយ​ទៅជា​ហិង្សា ក្រោយ​ហ្វូងមនុស្ស បាន​បញ្ចេញ​នូវ​កំហឹង​របស់​ពួកគេ ហើយ​បាន​សម្រុក​ទៅ​ឡោមព័ទ្ធ​វិមាន​របស់​ប្រធានាធិបតី រហូត​បង្ខំ​ឱ្យ​គាត់ ភៀសខ្លួន​ចេញ​។​

​សារព័ត៌មាន Newswire បាន​រាយការណ៍​ថា លោក វ៉ា​ជី​រ៉ា អា​បេ​វ៉ា​ដែ​ណា (Vajira Abeywardena) ប្រ​ធានា​គណបក្ស​រួម​រួម​ជាតិ ហៅ​កាត់ UNP បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ថា «​បើតាម​រដ្ឋធម្មនុញ្ញរ​បស់​ប្រទេស​ស្រីលង្កា គឺ​នាយករដ្ឋមន្ដ្រី​ស្រីលង្កា មិនអាច​លាលែង ចេញពី​តំណែង ខណៈ​ប្រទេសជាតិ​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ​ឡើយ​» ។​


​នៅពេល​មាន​សំណួរ​ជាច្រើន ត្រូវបាន​សាកសួរ នៅក្នុង​អំឡុងពេល​សន្និសីទ​សារព័ត៌មាន
ប្រសិនបើ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង អតីត​សមាជិកសភា​រូបនេះ បាន​ថ្លែង ដោយ​លើកឡើង​ពី​រដ្ឋធម្មនុញ្ញ ហើយ​បាន​ច្រានចោល​នូវ​ការទាមទារ​ឲ្យ​នាយករដ្ឋមន្ដ្រី​ស្រីលង្កា ត្រូវតែ​លាលែង​ពី​តំណែង​។ «​គាត់​ខក​ចិត្តនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​រាយការណ៍​មិន​ត្រឹមត្រូវ​។ ដូច្នេះ សូម​លោក​អ្នកមើល​មាត្រា ៣៧ នៃ​រដ្ឋធម្មនុញ្ញ​ស្រីលង្កា​។ រដ្ឋធម្មនុញ្ញ បាន​សរសេរ ដើម្បី​ធ្វើឱ្យ​ប្រទេស​មាន​ស្ថិរភាព ខណៈ​ប្រទេស​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​» ។ អតីត​សមាជិកសភា​រូបនេះ បាន​និយាយ​យោងទៅតាម​សារព័ត៌មាន​របស់​កូឡុំបូ Newswire ។​

​ក្រុម​ជំនាញ​កិច្ចការ​យុទ្ធសាស្ត្រ នៅក្នុង​ប្រទេស​ឥណ្ឌា បាន​អះអាងថា ការអភិវឌ្ឍ​ស្ថានការណ៍ នៅ​ប្រទេស​ស្រីលង្កា ជា​រឿង​ចៀស​មិន​រួច​។ ស្ថានការណ៍​ដ៏​អាក្រក់ មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ ជាង​៧០​ឆ្នាំ​កន្លងមកនេះ​។ នៅ​ចំពោះ​មុខការ​ខឹងសម្បារ​បស់​ប្រជាជន ប្រឆាំងនឹង​គ្រួសារ​របស់​ប្រធានាធិបតី រ៉ា​ចា​ប៉ាក​សា (Rajapaksa) ជុំវិញ​ការដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា​។


​នៅក្នុងពេល​ជាមួយគ្នានេះដែរ ក្រុម​អ្នកជំនាញ បាន​សង្កត់ធ្ងន់ថា ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា ទំនងជា​មិនមាន​ភាពប្រសើរ​ឡើងវិញ​នោះទេ ដោយសារតែ​ប្រធានាធិបតី Gotabaya Rajapaksa បានសម្រេច​ចិត្ត ចុះ​ចេញពី​តំណែង ដើម្បី​ត្រួស​ត្រាយផ្លូវ សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ថ្មី មកពី​គ្រប់ភាគី នៅក្នុង​ប្រទេស​លើ​ដែន​កោះ នៃ​អាស៊ី​ខាងត្បូង​មួយ​នេះ​។​


​លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា កាលពី​ថ្ងៃ​សៅរ៍ បានប្រកាសថា គាត់​នឹង​ចុះ​ចេញពី​តំណែង នៅ​ថ្ងៃទី​១៣ ខែកក្កដា ។ ការប្រកាស​របស់​ប្រធានាធិបតី​ស្រីលង្កា បានកើត​ឡើង តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ក្រុមបាតុករ រាប់ពាន់នាក់​ពោរពេញ​ដោយ​ការខឹង​សម្បា បាន​សម្រុកចូល​លំនៅឋាន​ផ្លូវការ​របស់គាត់ ហើយ​បាន​ដុត​ផ្ទះ​ផ្ទាល់ខ្លួន​របស់លោក រ៉ានី​ល វិក​ក្រែ​មែ​សិង្ហ (Ranil Wickremesinghe) នាយករដ្ឋមន្ដ្រី​ស្រីលង្កា ខណៈ​គាត់​បានប្រកាស លាលែង​ពី​តំណែង​ផងដែរ​៕​