ប្រធានាធិបតី​រុស្ស៊ី បន្ដ​អាម៉ាស់​ខ្លាំង នៅ​មហា​សន្ដិ​បាត​អង្គការសហប្រជាជាតិ

ព័ត៌មានអន្តរជាតិ
0
104


​បុរី​ញូវយ៉ក​៖ នៅ​ទីបំផុត ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បាន​បន្ដ​រង​នូវ​ភាពអាម៉ាស់​យ៉ាងខ្លាំង ចំពោះ​ការសម្រេចចិត្ត​របស់គាត់ នៅក្នុង​ការលើក​កងទ័ព​ឈ្លានពាន និង កាត់​យក​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ចំនួន​៤​តំបន់ យកមក​ដាក់​ជា​ផ្នែក​មួយ នៃ​ទឹកដី​របស់ខ្លួន ហើយ​ត្រូវបាន​មហាសន្និបាត អង្គការសហប្រជាជាតិ (UN) បាន​ឆ្នោត​ថ្កោលទោស​យ៉ាងខ្លាំង ដោយមាន​សំឡេងគាំទ្រ​ចំនួន​១៤៣ ទល់នឹង​ប្រឆាំង ចំនួន​៥​សំឡេង​។​

​សារព័ត៌មាន​ឥណ្ឌា NDTV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ថា មហាសន្និបាត អង្គការ​សហ​ប្រជា​តិ កាលពី​ថ្ងៃ​ពុធ បានអនុម័ត​លើ​ដំណោះស្រាយ​មួយ ដោយមាន​សំឡេងគាំទ្រ ចំនួន​១៤៣ ទល់នឹង​ប្រឆាំង ចំនួន​៥ ខណៈ​ប្រទេស​ចំនួន​៣៥​ផ្សេងទៀត បាន​បោះឆ្នោត​អនុបវាទ ហើយ​ក្នុងនោះ រួមមាន ចិន ឥណ្ឌា អាហ្វ្រិក​ខាងត្បូង និង ប៉ា​គី​ស្ថាន​…​ជាដើម​។ មហាសន្និបាត​នេះ បាន​បោះឆ្នោត​ថ្កោលទោស ដល់​ការប៉ុនប៉ង​ដាក់បញ្ចូល ជា​ឧបសម្ព័ន្ធ​ដោយ​ខុសច្បាប់​របស់​រុស្ស៊ី ទៅលើ​តំបន់​ចំនួន​៤ ដែល​កាន់កាប់​ដោយ​កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង បាន​ជំរុញ​ឲ្យ​ប្រទេស​នានា កុំ​ទទួលស្គាល់​នូវ​សកម្មភាព​ទាំងនេះ​។​

​នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃ​ពុធ មាន​ចំនួន​៣​ភាគ​៤ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែលមាន​សមាជិក ចំនួន​១៩៣​ប្រទេស​នោះ គឺមាន​ប្រទេស​ចំនួន​១៤៣ បាន​បោះឆ្នោត​គាំទ្រ ដល់​ដំណោះស្រាយ​មួយ ដោយបាន​អះអាង​ជាថ្មី ចំពោះ​ការគោរព​នូវ​អធិបតេយ្យភាព ឯករាជភាព ឯកភាព និង បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​ព្រំដែន​របស់​ប្រទេស​នេះ ដែល​ត្រូវបាន​ទទួលស្គាល់ ជា​លក្ខណៈ​អន្ដរជាតិ​។​

​លោក ស៊ើ​រ​ហ្គី​យ គី​ស្លី​ត​ស្យ៉ា (Sergiy Kyslytsya) ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ការបោះឆ្នោត ខណៈ​គាត់​ឈរ នៅក្បែរ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោកស្រី លីដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield) ដែល បាន​និយាយ ថា លទ្ធផល​បង្ហាញ ថា រុស្ស៊ី មិនអាច​បំភិតបំភ័យ​ពិភពលោក បាន​បន្ដទៅ​ទៀតឡើយ​។​

​ដោយឡែក ប្រទេស​ចំនួន​៤ បាន​ចូលរួម​ជាមួយនឹង​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត ប្រឆាំងនឹង​ដំណោះស្រាយ​នេះ រួមមាន បេឡា​រុស (Belarus), នី​កា​រ៉ា​ហ្គ័​រ (Nicaragua), កូរ៉េខាងជើង (North Korea) និង ស៊ី​រី (Syria)​។ ចំណែក​ប្រទេស ចំនួន​៣៥​ផ្សេងទៀត បាន​បោះឆ្នោត​អនុបវាទ រួមមាន ចិន​, ឥណ្ឌា​, ប៉ា​គី​ស្ថាន និង អាហ្វ្រិក​ខាងត្បូង ដោយ​ពួកគេ មិនបាន​បោះឆ្នោត​នោះឡើយ​។​

​ក្រុង​មូ​ស្គូ កាលពី​ខែកញ្ញា បានប្រកាស​ដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់ខ្លួន នូវ​តំបន់​ចំនួន​៤ ដែល​បាន​វាយ​ដណ្ដើម​កាន់កាប់​ពី​អ៊ុយ​ក្រែ​ន រួមមាន ដូ​ណែ​ត​ស្ក៍ (Donetsk), លូ​ហាន​ស្ក៍ (Luhansk), ឃើ​រ​សុន (Kherson) និង ហ្សា​ប៉ូ​រី​សហ្សា (Zaporizhia)​។ ចំណែក​ការប្រកាស​របស់​រុស្ស៊ី បានកើត​ឡើង តាម​អ្វីដែល​ក្រុង​មូ​ស្គូ បាន​ហៅថា ជា​បោះឆ្នោត​ប្រជាមតិ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា អ៊ុយ​ក្រែ​ន និង សម្ពន្ធមិត្ត​របស់ខ្លួន បាន​ច្រានចោល​នូវ​ការបោះឆ្នោត​នេះ ដោយ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ និង មានការ​បង្ខិតបង្ខំ​។​

​ការបោះឆ្នោត​របស់​មហា​សន្និបាត អង្គការសហប្រជាជាតិ បានធ្វើ​ឡើង ក្រោយពេល​រុស្ស៊ី​បាន​វេតូ កាលពី​ខែ​មុន ជុំវិញ​ដំណោះស្រាយ​ស្រដៀង​គ្នា​នេះ នៅក្នុង​ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ដែលមាន​សមាជិក ចំនួន​១៥​ប្រទេស​។ ចំណែក​លទ្ធផល នៃ​ការបោះឆ្នោត ១៤៣ ទល់នឹង ៥​នេះ ក៏​ជាការ​ស្តីបន្ទោស​យ៉ាងខ្លាំងបំផុត ចំពោះ​រុស្ស៊ី ពី​មហាសន្និបាត ជុំវិញ​ដំណោះស្រាយ​ចំនួន​បួន ដែល​បានអនុម័ត ចាប់តាំងពី​កងទ័ព​រុស្ស៊ី បាន​ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​៕​