ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​រុញ​ឲ្យ​បង្កើន​ការផលិត​ប្រេងឥន្ធនៈ ដើម្បី​បញ្ចុះតម្លៃ​

ព័ត៌មានអន្តរជាតិ
0
98
រដ្ឋធានី​វ៉ាស៊ីនតោន​៖ សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ពិភពលោក រហូត​ធ្វើ​ឲ្យ​តម្លៃ​ស្បៀងអាហារ និង ប្រេងឥន្ធនៈ កំពុងតែ​ឡើងថ្លៃ​យ៉ាងគំហុក ហើយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទៅកាន់​តំបន់​មជ្ឈិមបូព៌ា នឹង​រុញ​ឲ្យ​បង្កើន​នូវ​ការផលិត​ប្រេង​កាន់តែ​ច្រើនឡើង ដើម្បី​បញ្ចុះតម្លៃ​ឲ្យ​ធ្លាក់​ថោក​មកវិញ​។​

​សារព័ត៌មាន Malay Mail បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១២ ខែកក្កដា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹងធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច ជា​លើកដំបូង នៅ​តំបន់​មជ្ឈិមបូព៌ា នា​សប្ដាហ៍​នេះ ដោយ​រួមទាំង​ការឈប់​សំចត នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia) ផងដែរ​។ បច្ចុប្បន្ន លោក​ប្រធានាធិបតី កំពុងតែ​តស៊ូ ធ្វើ​ឲ្យ​តម្លៃ​ប្រេង នៅក្នុង​ប្រទេស​មហាអំណាច​កំពូល​មួយ​នេះ ចុះថ្លៃ​។​

​លោក ជេ​ក ស៊ូ​ល​លី​វ៉ាន់ (Jake Sullivan) ទីប្រឹក្សា​សន្ដិសុខ​របស់​សេត​វិមាន បាន​បញ្ជាក់ថា លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ជំរុញ​ឲ្យ​ការផលិត​ប្រេង កាន់តែច្រើន ពី​បណ្តា​ប្រទេស OPEC ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង ដែល​កំពុងតែ​ឡើងថ្លៃ បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​លើ​ប្រេង និង ឧស្ម័ន​របស់​រុស្ស៊ី ខណៈ​គាត់​ជួប​ជាមួយ​មេដឹកនាំ​ឈូង​សមុទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​សប្តាហ៍​នេះ​។​

​លោក បៃ​ដិ​ន នឹង​ចេញដំណើរ នៅ​ល្ងាច ថ្ងៃ​អង្គារ ក្នុង​ដំណើរ​ទស្សនកិច្ច ជា​លើកដំបូង​របស់គាត់ ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ក្នុងនាម​ជា​ប្រធានាធិបតី ដោយ​ឈប់​សំចត នៅក្នុង​ប្រទេស​អ៊ីស្រាអែល​, តំបន់ West Bank ដែល​កាន់កាប់ និង អា​រ៉ា​ប៊ី​សា​អូឌីត​។​


​លោក Jake Sullivan បាន​បន្ថែមថា សមាជិក​អង្គការ នៃ​ប្រទេស​នាំចេញ​ប្រេង (OPEC) មាន​សមត្ថភាព​ចាត់វិធានការ​បន្ថែមទៀត ដើម្បី​បង្កើន​នូវ​ការផលិត​ប្រេង បើទោះជា​មានការ​ស្នើសុំ​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង អារ៉ាប់​រួម ថា ពួកគេ​ស្ទើរតែ​មិន​អាចធ្វើ​កិច្ចការ​នេះ​បាន​ក៏ដោយ​។​

​ទីប្រឹក្សា​សន្ដិសុខ​របស់​សេត​វិមាន បាន​សង្កត់ធ្ងន់ថា «​យើង​នឹង​បង្ហាញ​ពី​ទស្សនៈ​ទូទៅ​របស់​យើង​... ដែល​យើង​ជឿជាក់ ថា ត្រូវតែមាន​ការផ្គត់ផ្គង់ ឲ្យ​បាន​គ្រប់គ្រាន់ នៅក្នុង​ទីផ្សារ​ពិភពលោក ដើម្បី​ការពារ​សេដ្ឋកិច្ចពិភពលោក ហើយក៏​ដើម្បី​ការពារ​ដល់​អ្នកប្រើប្រាស់​របស់​អាមេរិក​ផងដែរ​»៕​