ក្រុង​ហាណូយ ចាប់​ឃុំឃាំង​មន្ដ្រី​ជាច្រើន​នាក់ ពីបទ​ស៊ីសំណូក​

ព័ត៌មានអន្តរជាតិ
0
116
​រដ្ឋធានី​ហាណូយ​៖ ចាប់តាំងពី​ដើមឆ្នាំ​២០២២ រហូតដល់​មកដល់ពេលនេះ អាជ្ញាធរ​ក្រុង​ហាណូយ បាន​ចាប់​ឃាត់ខ្លួន​មន្ដ្រីជាន់ខ្ពស់​របស់ខ្លួន ជាច្រើន​នាក់ នាំទៅ​ដាក់ នៅក្នុង​ពន្ធនាគារ ក្រោម​ការចោទប្រកាន់ ពីបទ​ពុករលួយ និង បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត ហើយ​ឥឡូវនេះ ក្រុង​ហាណូយ ក៏បាន​បន្ដ​ឃាត់ខ្លួន​មន្ដ្រី​ចំនួន​៦​នាក់​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​ករណី​ស៊ីសំណូក​។​

​សារព័ត៌មាន Vietnam Net បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ថា លោក ត្រាន់ វ៉ាន់​ឌូ (Tran Van Du) អតីត​អនុប្រធាន​យក​ដ្ឋា​ន​អន្តោប្រវេសន៍ ចំណុះ​ឲ្យ​ក្រសួង​សន្តិសុខ​សាធារណៈ និង មន្ដ្រី​ចំនួន​៥​នាក់​ផ្សេងទៀត បាន​រង​នូវ​ការចោទប្រកាន់ ពីបទ​ទទួល និង ផ្តល់​សំណូក ពាក់ព័ន្ធ​នឹង​ការរៀបចំ​ជើងហោះហើរ ធ្វើ​មាតុភូមិនិវត្តន៍ ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ជនជាប់ចោទ​ទាំងនេះ ត្រូវបាន​ឃាត់ខ្លួន ហើយ​នាំទៅ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ​រួចមកហើយ​ដែរ​។​



​លោក​ឧត្ដមសេនីយ៍ តូ អាន ហ្សូ (To An Xo) អ្នកនាំពាក្យ ក្រសួង​សន្ដិសុខ​សាធារណៈ បាន​បញ្ជាក់ថា ការចាប់ខ្លួន​មន្ដ្រី​ទាំង​៦​នាក់​នេះ គឺជា​ការ​វិវឌ្ឍន៍​ចុងក្រោយ នៃ​ការស៊ើបអង្កេត​បន្ថែម​ទៅលើ​ករណី​ស៊ីសំណូក នៅក្នុង​នាយកដ្ឋាន​កុងស៊ុល ចំណុះ​ឲ្យ​ក្រសួងការបរទេស​វៀត​ណា​ម​។​

​ក្រៅពី​លោក ត្រាន់ វ៉ាន់​ឌូ (Tran Van Du) អតីត​អនុប្រធាន​យក​ដ្ឋា​ន​អន្តោរ​ប្រវេសន៍ នោះ ក្រុមមន្ដ្រី​ស៊ើបអង្កេត នៃ​ក្រសួង​សន្តិសុខ​សាធារណៈ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ក៏បាន​ចោទប្រកាន់​លោកស្រី ង្វៀន ម៉ៃ អា​ញ (Nguyen Mai Anh) នាយក​ប្រតិបត្តិ​ទំនាក់ទំនង​អន្តរជាតិ នៃ​ការិយាល័យ​រដ្ឋាភិបាល​, លោក ង៉ូ ខ្វាង ទួន (Ngo Quang Tuan) នាយក​ប្រតិបត្តិ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួង​ដឹកជញ្ជូន និង លោក វូ ស៊ី គួ​ង (Vu Sy Cuong) អតីតមន្ត្រី​អន្តោប្រវេសន៍ នៃ​ក្រសួង​សន្តិសុខ​សាធារណៈ ពីបទ​ទទួល​សំណូក​នេះ​។ ចំណែក លោក ង្វៀន ទៀន ម៉ាញ (Nguyen Tien Manh នាយករង​ក្រុមហ៊ុន Viet Travel Tourist Trading JSC និង ជា​នាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​ទេសចរណ៍ Hoang Long Trading ក៏​ត្រូវបាន​ចាប់ខ្លួន ពីបទ​ផ្តល់​សំណូក​នេះ ផងដែរ​។​


​ក្រុម​អ្នកស៊ើប​អង្កេត បាន​ចោទប្រកាន់​លោក ប៊​យ ហ៊ុយ ហង (Bui Huy Hoang) មន្ត្រី នៃ​អគ្គនាយកដ្ឋាន​ថ្នាំ​បង្ការ នៃ​ក្រសួងសុខាភិបាល​វៀតណាម ពីបទ​ប្រព្រឹត្ត​ក្លែងបន្លំ​ទ្រព្យសម្បត្តិ​សមស្រប​។ ជាមួយគ្នានេះ មន្ដ្រី​ជំនាញ ថែមទាំង​បាន​ចុះទៅ​ស្រាវជ្រាវ​ដល់ផ្ទះ​សម្បែង និង ការិយាល័យ​របស់​អ្នកពាក់ព័ន្ធ​ទាំង​៦​នាក់​នេះ​ថែម​ទៀតផង​។​

​នៅមុននេះ ក្រុមមន្ដ្រី​ស៊ើបអង្កេត បាន​ចោទប្រកាន់​លោក តូ អា​ញ ឌុ​ង (To Anh Dung) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម​, លោក ហ្វា​ម ទ្រុង​កៀន (Pham Trung Kien) អ្នកឯកទេស នៃ​ក្រសួងសុខាភិបាល និង លោក វូ អា​ញ ទួន (Vu Anh Tuan) អតីតមន្ត្រី​អន្តោប្រវេសន៍ នៃ​សួង​សន្តិសុខ​សាធារណៈ ពីបទ​ទទួល​សំណូក​។​


​ក្រុមមន្ដ្រី​ជំនាញ​របស់​វៀតណាម បាន​បញ្ជាក់ថា មុន​ឈានដល់​ការចាប់ខ្លួន​មន្ដ្រី​ទាំងនេះ កម្លាំង​ជំនាញ បានដាក់​ការចោទប្រកាន់​ដូចគ្នានេះ ប្រឆាំងនឹង​លោកស្រី ង្វៀន ធី ហួង ឡាន (Nguyen Thi Huong Lan) ប្រធាន​នាយកដ្ឋាន​កុងស៊ុល នៃ​ក្រសួងការបរទេស​, លោក ដូ ហង ទុង (Do Hoang Tung) អនុប្រធាននាយកដ្ឋាន​កុងស៊ុល​, លោក ឡេ ទួន អា​ញ (Le Tuan Anh) ប្រធានការិយាល័យ នៃ​នាយកដ្ឋាន​កុងស៊ុល និង លោក លូ ទួន ឌុ​ង ( Luu Tuan Dung) អនុប្រធាន​ផ្នែក​ការពារ​ប្រជាពលរដ្ឋ នៃ​នាយកដ្ឋាន​កុងស៊ុល​។​


​បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ វៀតណាម បាន​ចាប់ខ្លួន​មន្ដ្រីជាន់ខ្ពស់​របស់ខ្លួន ជាច្រើន​នាក់ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ការ​ក្លែងបន្លំ​ទ្រព្យសម្បត្ដិ និង បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ករណី​ផ្សេងទៀត ដោយ​ក្នុងនោះ មាន​ទាំង​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង ចៅហ្វាយក្រុង​ហាណូយ​…​ថែម​ទៀតផង​៕​