ម្ដងនេះ​ដល់ពេល រុស្ស៊ី រត់​ទៅសុំ​ទិញ​ដ្រូ​ន​ចម្បាំង​ពី​អ៊ីរ៉ង់​ហើយ​

ព័ត៌មានអន្តរជាតិ
0
71
រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​សង្គ្រាម អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកនេះ សហរដ្ឋអាមេរិក បាន​រកឃើញថា អ៊ីរ៉ង់ កំពុងតែ​បង្ហាត់បង្រៀន​ដល់​កម្លាំងយោធា​រុស្ស៊ី ឲ្យ​ចេះ​ប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន បំពាក់​គ្រឿង​សព្វាវុធ ដែល​ក្រុង​តេ​អ៊ីរ៉ង់ ត្រៀម​នឹង​បញ្ជូនទៅ​ឲ្យ មាន​ចំនួន​រាប់រយ​គ្រឿង​។​

​សារព័ត៌មាន The Times of Israel បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា ថា សេត​វិមាន​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ ថា អ៊ីរ៉ង់​កំពុង​រៀបចំ​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ជួយ​ទីក្រុង​មូ​ស្គូ នៅក្នុង​សង្គ្រាម ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។​


​លោក ជេ​ក ស៊ុ​ល​លី​វ៉ាន់ (Jake Sullivan) ទីប្រឹក្សា​សន្ដិសុខ​ជាតិ សហរ​ដ្ហ​អាមេរិក បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក មិនបាន​ប្រាកដថា តើ​អ៊ីរ៉ង់​បានផ្ដល់​ប្រព័ន្ធ​ដ្រូ​ន​ណាមួយ ទៅដល់​ប្រទេស​រុស្ស៊ី រួចហើយ​ឬ​នៅ​នោះឡើយ​។ ប៉ុន្ដែ​ក្រុង​វ៉ាស៊ីនតោន មាន​ព័ត៌មាន ដែល​បង្ហាញថា អ៊ីរ៉ង់ កំពុងតែ​រៀបចំ​ហ្វឹកហ្វឺន ជួយ​ដល់​កម្លាំង​ទាហាន​រុស្ស៊ី ដើម្បី​ឲ្យ​ចេះ​ប្រើប្រាស់​ដ្រូ​ន​ទាំងនោះ ឲ្យ​បាន​ឆាប់ នៅក្នុង​ខែ​នេះ​។​

​ប្រធាន​ទីប្រឹក្សា​សន្ដិសុខ​ជាតិ សហរដ្ឋអាមេរិក បាន​បន្ថែមថា «​ព័ត៌មាន​របស់​យើង បង្ហាញថា រដ្ឋាភិបាល​អ៊ីរ៉ង់ កំពុងតែ​រៀបចំ ផ្ដល់​ដ្រូ​ន​រាប់រយ​គ្រឿង ដែលមាន​សមត្ថភាព បំពាក់​គ្រឿង​សព្វាវុធ តាម​ពេលវេលា​កំណត់​ដ៏​ឆាប់រហ័ស​មួយ ដើម្បី​បញ្ជូន​ទៅកាន់​ប្រទេស​រុស្ស៊ី​»​។​

​លោក ស៊ូ​ល​លី​វ៉ាន់ បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មាន​ភស្តុតាង​ថា ការទម្លាក់​គ្រាប់បែក​ដ៏​ច្រើន​លើសលប់​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែលនាំឱ្យ​រុស្ស៊ី សម្រេចបាន​គោលបំណង​មួយចំនួន នៅ​តំបន់​ភាគ​ខាងកើត ប្រទេស​អឺរ៉ុប​មួយ​នេះ នៅក្នុង​រយៈ​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​»៕​