ថាក់ស៊ីន កំណត់ពេល​ច្បាស់លាស់ វិលត្រឡប់​ចូល​ប្រទេស​កំណើត​វិញ

ព័ត៌មានអន្តរជាតិ
0
2


​រាជធានី​បាងកក​៖ ក្រោយពេល​ពួកយោធា បានធ្វើ​រដ្ឋប្រហារ ហើយ​ធ្វើ​ឲ្យ​គាត់​ត្រូវ​បង្ខំចិត្ត​និរទេស​ខ្លួន​ចេញពី​ប្រទេស នៅមុន​ថ្ងៃ​កាត់ទោស​គាត់​នោះមក ឥឡូវនេះ អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ បានប្រកាស អំពី​ពេលវេលា​ដ៏​ជាក់លាក់​មួយ វិលត្រឡប់​មកកាន់​ប្រទេស​កំណើត​របស់គាត់​វិញ​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៦ ខែកក្កដា ថា លោកស្រី ផេ​ថុង​ថា​ន «​អ៊ុន​អ៊ីង​» ស៊ីណាវ៉ាត្រា (Paetongtarn "Ung Ing" Shinawatra) កូនស្រី​របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ដ្រី​ថៃ បានប្រកាស នៅលើ​បណ្ដាញ​សង្គម​អ៊ិន​ស្ដា​ហ្ក្រា​ម (Instagram) នៅ​ថ្ងៃ​ពុធ ថា ឪពុក​របស់​លោកស្រី នឹង​មកដល់​អាកាសយានដ្ឋាន ដន មឿង (Don Mueang) នៅ​ថ្ងៃទី​១០ ខែសីហា ខាងមុខនេះ​។​

​លោកស្រី ផេ​ថុង​ថា​ន ជា​បេ​ក្ខ​នារី​មួយរូប នៅក្នុង​ចំណោម​បេក្ខភាព​នាយករដ្ឋមន្ដ្រី​ចំនួន​៣​រូប​របស់​គណបក្ស​ភឿ​ថៃ បាន​សរសេរ នៅ​ថ្ងៃ​ខួបកំណើត គម្រប់​៧៤​ឆ្នាំ​របស់​បិតា​លោកស្រី ថា «​ខ្ញុំ​ស្ទើរតែ​មិន​ចង់​ជឿ ថា អ្វីដែល​ខ្ញុំ​កំពុងតែ​សរសេរ នាពេលនេះ គឺ​ឪពុក​របស់ខ្ញុំ នឹង​ត្រឡប់​មកដល់​អាកាសយានដ្ឋាន​ដន​មឿង នៅ​ថ្ងៃទី​១០ ខែសីហា​»​។​

​បើតាម​បេ​ក្ខ​នារី​នាយករដ្ឋមន្ដ្រី​របស់​គ​ណ​បក្ស​ភឿ​ថៃ រូបនេះ បាន​ឲ្យ​ដឹង​ទៀត ថា លោកស្រី បាន​ខកខាន​ធ្វើ​ខួបកំណើត​ឪពុក​របស់​លោកស្រី ចំនួន​ត្រឹមតែ​៣​ដង​ប៉ុណ្ណោះ ដោយ​ចុងក្រោយ​បំផុត គឺ​នៅ​ឆ្នាំនេះ ដោយសារ​មានការ​រៀបចំ​ជាច្រើន ត្រូវបាន​ធ្វើឡើង​។​
ពាណិជ្ជកម្ម

​លោកស្រី បាន​សរសេរ​បន្ដ ថា «​គ្រួសារ​របស់​យើង មាន​សេចក្ដីត្រេកអរ​ផង និង ព្រួយបារម្ភ​ផង ប៉ុន្ដែ​យើង​តែងតែ​គោរព ចំពោះ​ការសម្រេចចិត្ត​របស់​ឪពុក​យើង​»​។​

​លោកស្រី ផេ​ថុង​ថា​ន បាន​ជូនពរ​ដល់​ឪពុក​របស់​លោកស្រី ជាមួយនឹង​ក្ដីសង្ឃឹម ថា ឪពុក​នឹងមាន​សុខភាព​ល្អ និង មាន​សុវត្ថិភាព ហើយ​គាត់​អាចបំពេញ​បំណង ចង់​បញ្ជូន​ចៅៗ​ទៅ​រៀន​ជាប្រចាំ​។ ឪពុក​របស់​លោកស្រី ជា​នាយករដ្ឋមន្ត្រី ដែល​ត្រូវបាន​ទទួលស្គាល់ ថា គាត់​បាន​ចូលរួមចំណែក ជួយ​កសាង​ដល់​ប្រទេសជាតិ​ច្រើនជាងគេ ប៉ុន្តែ​គាត់​ក៏ត្រូវ​ប្រឈម​នឹង​ការលំបាក​ជាច្រើន​ផងដែរ​។​

​ចាប់តាំងពី​ពួកយោធា បានធ្វើ​រដ្ឋប្រហារ បណ្ដេញ​ចេញពី​អំណាច នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៦​រួចមក លោក ថាក់ស៊ីន បានរស់នៅ​និរទេស​ខ្លួន ដោយ​ខ្លួនឯង នៅក្រៅ​ប្រទេស​។ ប៉ុន្ដែ លើកលែងតែ​ដំណើរ​ទស្សនកិច្ច​របស់​គាត់ មាន​រយៈពេល​ខ្លី មកកាន់​ប្រទេស​ថៃ ម្ដង នៅក្នុង​អំឡុង​ឆ្នាំ​២០០៨​។ នៅក្នុង​អំឡុងពេល​អវត្តមាន​របស់គាត់​នោះ នាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់​តុលាការ​កំពូល សម្រាប់​អ្នក​កាន់​មុខតំណែង​នយោបាយ បាន​កាត់ទោស​លោក ថាក់ស៊ីន ឱ្យ​ជាប់ពន្ធនាគារ សរុប​រយៈពេល​១២​ឆ្នាំ​។​

​នៅក្នុង​សំណុំរឿង​ដំបូង លោក ថាក់ស៊ីន ត្រូវបាន​តុលាការ រកឃើញ ថា មាន​ពិរុទ្ធ ពីបទ​រំលោភ​សិទ្ធិអំណាច នៅក្នុង​ការទិញ​ដី​រដ្ឋ ក្នុងតម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ ដោយ​លោកស្រី ឃុន​យី​ង ផូ​ត​ចា​ម៉ាន ណា​ភូម​បេ​ចា​រ៉ា (Khunying Potjaman na Pombejra) អតីត​ភរិយា​របស់គាត់​ដែលនាំឱ្យ​មានការ​ជាប់ពន្ធ​នាគារ រយៈពេល​២​ឆ្នាំ​។ ចំណែក​លក្ខន្តិកៈ​ជាប់គុក រយៈពេល ១០ ឆ្នាំ នៃ​ការសម្រេច​របស់​តុលាការ បាន​ផុតកំណត់ នៅ​ខែតុលា ឆ្នាំ ២០១៨​។​

​ករណី​ទី​២ បាន​នាំឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ សម្រាប់​អតីត​នាយករដ្ឋមន្ត្រី ដែល​កំពុង​រត់គេចខ្លួន ដោយសារតែ​គាត់​ត្រូវបាន​គេ​រកឃើញ ថា មាន​ពិរុទ្ធភាព ពាក់ព័ន្ធ​នឹង​ករណី​ឆ្នោត​២ និង ៣​ខ្ទង់​។​

​ករណី​ទី​៣ លោក ថាក់ស៊ីន បានទទួល​ការកាត់ទោស ដាក់ពន្ធនាគារ រយៈពេល​៣​ឆ្នាំ ពីបទ​រំលោភបំពាន​តួនាទី​របស់គាត់ ដោយ​ផ្តល់​ប្រាក់កម្ចី​ចំនួន​៤​ពាន់​លាន​បាត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា តាមរយៈ​ធនាគារ Export-Import (Exim) របស់​ប្រទេស​ថៃ​។ ថវិកា​ទាំងនេះ ត្រូវបាន​ប្រើប្រាស់ សម្រាប់​ទិញ​ឧបករណ៍ ពី​ក្រុមហ៊ុន​ទូរគមនាគមន៍ ដែលជា​កម្មសិទ្ធិ​របស់​គ្រួសារ​របស់គាត់​។​

​សំណុំរឿង​ទី​៤ បាន​បណ្តាលឱ្យ​គាត់ ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ក្រោយពេល​តុលាការ បាន​រកឃើញ ថា គាត់​មាន​កំហុសឆ្គង នៅក្នុង​ការប្រើប្រាស់​បុគ្គ​លិ​ក​ក្នុងស្រុក កាន់កាប់​ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន Shin Corp ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍ ត្រូវបាន​ហាមឃាត់ សម្រាប់​អ្នក​តំណែង​ការិយាល័យ​នយោបាយ​ណាមួយ​។ ចំណែក​លក្ខន្តិកៈ នៃ​ការកំណត់​សម្រាប់​សេចក្តីសម្រេច​របស់​តុលាការ លើ​សំណុំរឿង​ទី​២ ទី​៣ និង​ទី​៤ មិនទាន់​ផុតកំណត់​ឡើយ​៕​