លោកស្រី​រដ្ឋមន្ដ្រី​របស់​អង់គ្លេស ប្រជែង​ដណ្ដើម​តំណែង​នាយករដ្ឋមន្ដ្រី​

ព័ត៌មានអន្តរជាតិ
0
81
រាជធានី​ឡុង​ដ៍​៖ ដោយសារតែ​ប្រឈមមុខ​នឹង​វិបត្ដិនយោបាយ​យ៉ាងខ្លាំង ជុំវិញ​រឿងអាស្រូវ​ជាច្រើន ទើប​ជំរុញ​ឲ្យ​លោក បូរី​ស ច​ន​សុន បាន​បង្ខំចិត្ត​ប្រកាស​លាលែង​ពី​តំណែង​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកក្កដា ហើយ​រហូតមក​ដល់ពេលនេះ មាន​មន្ដ្រីជាន់ខ្ពស់ កើនឡើង​ដល់​១១​នាក់ កំពុងតែ​ប្រជែង​គ្នា ដណ្ដើម​កាន់កាប់​តំណែង​កំពូល នៅក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ​។​

​សារព័ត៌មាន DNTV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា ថា លោកស្រី លី​ស ត្រាស់ (Liz Truss) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ចន្ទ បានប្រកាស​ពី​ការចូល​ប្រកួតប្រជែង ដើម្បី​ជំនួស​លោក បូរី ច​ន​សុន (Boris Johnson) នាយករដ្ឋមន្ត្រី​។ ការប្រកួតប្រជែង​តំណែង​កំពូល​របស់​ប្រទេស​មហាអំណាច​លោកខាងលិច​មួយ​នេះ នឹង​ជ្រើសរើស​ចំនួន​បេក្ខជន​នៅក្នុង​ការប្រកួតប្រជែង​ដ៏​ជូរចត់ ហើយ​មិនអាច​ទាយ​ទុកជាមុន​បានឡើយ​។​


​ការប្រកាស​ចូលរួមរ​បស់​លោកស្រី Truss ធ្វើឱ្យ​ចំនួន​បេក្ខជន​សរុប​នាពេលនេះ កើន​ដល់​១១​នាក់​។ សមាសភាព​ដទៃទៀត នៅក្នុង​នោះ រួមមាន រដ្ឋមន្ត្រី​ដឹកជញ្ជូន លោក ហ្ក្រេ​ន សាប (Grant Shapps), រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក ណា​ឌី​ម ហ្សា​ហា​វី (Nadhim Zahawi), អតីតរដ្ឋមន្ត្រី​ការបរទេស លោក ចេ​រេ​មី ហាន់ (Jeremy Hunt), អតីតរដ្ឋមន្ត្រី​សុខាភិបាល លោក សាជី​ដ ចា​វីដ (Sajid Javid), និង អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក រី​ស្ស៉ី ស៊ូ​ណាក់ (Rishi Sunak) ជាដើម​។​

​ការប្រកួតប្រជែង​នាពេលនេះ គឺជា​ការជ្រើសរើស រក​ប្រធាន​ថ្មី សម្រាប់​គណបក្ស​អភិរក្សនិយម (Conservative Party) ដែល​កំពុង​កាន់អំណាច ។ ចំណែក​អ្នកទទួលបាន​ជ័យជម្នះ នឹងត្រូវ​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស បន្ត​កាន់តំណែង​ពី​លោក បូរី​ស ច​ន​សុន​។ គណបក្ស​អភិរក្សនិយម មាន​គោលដៅ​ជ្រើសរើស ឱ្យបាន​អ្នក​ជំនួស​លោក ច​ន សុន នៅត្រឹម​ខែកញ្ញា ខាងមុខ​។​

​លោក បូរី​ស ច​ន​សុន បាន​បង្ខំចិត្ត ប្រកាស​លាលែង​ពី​តំណែង កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន ក្រោយ​រដ្ឋាភិបាល​របស់​លោក បាន​ប្រឈមមុខ​នឹង​រឿងអាស្រូវ​ធំៗ​ជា​បន្ដបន្ទាប់​។ បច្ចុប្បន្ន​លោក ច​ន​សុន នៅតែ​បន្ដ​កាន់តំណែង ជា​នាយករដ្ឋមន្ត្រី​ជា​បណ្តោះ​អាស​ន្នេះ រហូត​មាន​នាយករដ្ឋមន្ដ្រី​មក​ជំនួស​៕​