ឥណ្ឌា អត់​ធ្វើតាម​សហរដ្ឋអាមេរិក ចាប់យក​ប្រយោជន៍​ពី​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
124
​រដ្ឋធានី​ញូ​វ​ដេលី​៖ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី នៅតែ​រក្សា​ទាញយក​ផលប្រយោជន៍ ទាំងពី​លោកខាងលិច និង រុស្ស៊ី ហើយ​ស្របពេល​ក្រុង​មូ​ស្គូ​បញ្ចុះតម្លៃ​ប្រេង និង ឧស្ម័ន​ផង​នោះ ឥណ្ឌា បាន​ចំណាយលុយ​យ៉ាងច្រើន សម្រាប់​ទិញ​ថាមពល​ថោកៗ​ទាំងនោះ ដោយ​ច្រានចោល​សំណើ​របស់​មន្ដ្រី​កុងស៊ុល​របស់​សហរដ្ឋ​អាមេរិក សុំ​ឲ្យ​ហាមឃាត់​ដល់ក​ប៉ាល់​ធំៗ​របស់​រុស្ស៊ី ចូល​ចត នៅក្នុង​កំពង់ផែ​របស់ខ្លួន​។​

​សារព័ត៌មាន Maritime Gateway បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ថា អគ្គ​កុងស៊ុល​របស់​សហរដ្ឋ​អាមេរិក បាន​សរសេរ​លិខិត ដោយផ្ទាល់​មួយ ផ្ញើ​ទៅកាន់​អាជ្ញាធរ​កំពង់ផែ​មុម​បៃ (Mumbai) ដោយ​សុំឱ្យ​កំពង់ផែ​មួយ​នេះ ហាមឃាត់​ដល់​នាវា​របស​រុស្ស៊ី ចូល​ចត ដើម្បី​ឲ្យ​ស្របតាម​ច្បាប់​ទណ្ឌកម្មរ​បស់​សហរដ្ឋអាមេរិក ប្រឆាំងនឹង​ក្រុង​មូ​ស្គូ​។​

​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ បាន​ជំទាស់​នឹង​«​ការ​ផ្តល់យោបល់​» ពី​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ឥណ្ឌា នៅក្នុង​ការរារាំង​ដល់ក​ប៉ាល់​រុស្ស៊ី ចូល​ចត​នៅ​កំពង់ផែ Mumbai ។ ក្រុង​ញូ​វ​ដេលី បាន​ឆ្លើយតប​ទៅវិញ​ថា «​កំពង់ផែ​នេះ ជា​សិទ្ធិ​អធិបតេយ្យ​របស់​ឥណ្ឌា នៅក្នុង​ការដោះស្រាយ​ជាមួយ​ដៃគូ​ពិភពលោក ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​របស់ខ្លួន​»​។​


​អាជ្ញាធរ​កំពង់ផែ Mumbai បាន​សរសេរ​ទៅកាន់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ដើម្បី​ស្វែងរក​អន្តរាគមន៍ ពី​ក្រសួងការបរទេស​ឥណ្ឌា​។ ប៉ុន្ដែ​យោងតាម​របាយការណ៍រ​បស់​ក្រសួងការបរទេស​ឥណ្ឌា បាន​បញ្ជាក់ថា កំពង់ផែ​នេះ ជាការ​សម្រេចចិត្ត​អធិបតេយ្យភាព​របស់​ឥណ្ឌា នៅក្នុង​ការចូល​រួមជាមួយ​បណ្ដា​ប្រទេស​នានា ក្នុង​ផលប្រយោជន៍​ជាតិ ហើយ​ថា ក្រុង​ញូ​វ​ដេលី នឹងមិន​បដិសេធ​ដល់ក​ប៉ាល់ មកពី​ប្រទេស​ណាមួយ ចូល​នៅក្នុង​កំពង់ផែ​របស់ខ្លួន​នោះឡើយ​។​

​ការផ្ទុះ​ឡើង នៃ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន បានសម្រេច​ដាក់ទណ្ឌកម្ម​យ៉ាងខ្លាំង​ក្លា ប្រឆាំងនឹង​ក្រុង​មូ​ស្គូ​។ ប៉ុន្ដែ​ទណ្ឌកម្ម​នេះ នឹង​មិនបាន​រារាំង​ដល់​ឥណ្ឌា នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​រុស្ស៊ី នោះដែរ ហើយ​កប៉ាល់​ធំៗ​ដឹក​ប្រេង​ឆៅ និង ទំនិញ​ផ្សេងៗ​ទៀត ចេញ​មកពី​រុស្ស៊ី នៅតែ​បន្ត​ចូល​ចត នៅ​កំពង់ផែ​របស់​ឥណ្ឌា ជាធម្មតា​។​


​ដោយសារតែ​ទណ្ឌកម្ម​របស់​បណ្ដា​ប្រទេស​បស្ចិម​លោក ទើប​រុស្ស៊ី​បង្ខំចិត្ត​បញ្ចុះតម្លៃ​នាំចេញ​ថាមពល​យ៉ាងខ្លាំង ហើយ​ជំរុញ​ឲ្យ​ឥណ្ឌា​ទិញ​កាន់តែច្រើន ពី​ប្រទេស​មហាអំណាច​មួយ​នេះ​។ នៅក្នុង​ខែឧសភា កន្លងមកនេះ ប្រេង​របស់​រុស្ស៊ី បាន​មកដល់​ឥណ្ឌា ចំនួន ៧៤០ ០០០​បារ៉ែល ក្នុង​មួយថ្ងៃ ដោយ​កើន​ពី ២៨៤ ០០០​បារ៉ែល នៅក្នុង​មេសា និង ៣៤ ០០០​បារ៉ែល កាលពី​ឆ្នាំមុន​។​

​បើតាម​របាយការណ៍រ​បស់ Bloomberg កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ថា ឥណ្ឌា​កំពុងតែ​ស្វះស្វែង រក​ទិញ​ប្រេង​មាន​តម្លៃថោក ពី​ក្រុមហ៊ុន​រ៉ូ​ស្នេ​ហ្វ ភី​ជី​អេស (Rosneft PJS) របស់​រុស្ស៊ី​។ ចំណែក​កិច្ចព្រមព្រៀង​នេះ បានធ្វើ​រួចរាល់​អស់ហើយ​។ ប៉ុន្តែ​បើ​គិត​ត្រឹម រយៈពេល​៣​ខែ នៃ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នេះ ឥណ្ឌា និង ចិន បាន​ទិញ​ប្រេង ឧស្ម័ន និង ធ្យូងថ្ម មានតម្លៃ​២៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​រុស្ស៊ី​។ ឥណ្ឌា បាន​ចំណាយលុយ ៥,១​ពាន់​លាន​ដុល្លារ លើ​ការទិញ​ប្រេង ឧស្ម័ន និង ធ្យូង​ថ្មី ពី​រុស្ស៊ី ដែល​ច្រើនជាង​៥​ដង បើ​ធៀប​នឹង​ឆ្នាំ​២០២១៕​