UN និង តួ​ក​គី ដឹក​ដៃ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ចូល​តុ​ចរចា​ដោះស្រាយ​វិបត្ដិ​ស្បៀងអាហារ​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
161
រដ្ឋធានី​គៀវ​៖ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​វាយប្រហារ​គ្នា​យ៉ាង​សាហាវ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ កំពុងតែ​ជះឥទ្ធិពល​យ៉ាងខ្លាំង នៅលើ​ពិភពលោក ហើយ​មនុស្ស ប្រហែល​១៨១​លាន​នាក់ ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន​៤១ ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន ខណៈ​គ្រាប់​ធញ្ញជាតិ ជាង​២០​លាន​តោន ជាប់​នៅក្នុង​កំពង់ផែ​អូ​ដែ​សា (Odesa) និង ការបិទ​នូវ​ការនាំចេញ ពី​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន​អាល្លឺម៉ង់ DW បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ថា អង្គការសហប្រជាជាតិ (UN) និង តួ​ក​គី បាន​ថ្លែង បន្ទាប់ពី​កិច្ចពិភាក្សា​ទល់មុខ​គ្នា នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល (Istanbul) ប្រទេស​តួ​ក​គី ថា ការចរចា រវាង​រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​រីកចម្រើន​ទៅមុខ ជុំវិញ​ដំណោះស្រាយ​ជម្លោះ​របស់​ពួកគេ លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ដែល​ត្រូវបាន​រារាំង ដោយសារ​សង្គ្រាម​នោះ​។​


​ចាប់តាំងពី​ខែមីនា មក រុស្ស៊ី និង អ៊ុយ​ក្រែ​ន បានធ្វើ​ឱ្យមាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ នៅក្នុង​កិច្ចចរចា ដោយផ្ទាល់ ជា​លើកដំបូង​របស់​ពួកគេ ស្តីពី​កិច្ចព្រមព្រៀង ដើម្បី​បន្ធូរបន្ថយ​នូវ​បញ្ហា​វិបត្តិ​ស្បៀងអាហារ​របស់​ពិភពលោក បណ្តាលមកពី​ការបិទ​នូវ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ចេញពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ភាគី​ជម្លោះ​ទាំង​២ នៅ​មិនទាន់​ចរចា​សន្ដិភាព ដើម្បី​បញ្ចប់សង្គ្រាម​នេះ​នៅឡើយ ខណៈ​ការប្រយុទ្ធ​គ្នា នៅតែមាន​សភាព​ខ្លាំងក្លា​ឡើង នៅ​តំបន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។​

​មន្ដ្រី​អង្គការសហប្រជាជាតិ និង តួ​ក​គី បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល កាលពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ូល ប្រទេស​តួ​ក​គី មានការ​ចូលរួម ពី​មន្ត្រី​អ៊ុយ​ក្រែ​ន រុស្ស៊ី អង្គការសហប្រជាជាតិ និង​តួ​ក​គី​។ បន្ទាប់ពី​ការចរចា​គ្នា អស់​រយៈពេល​ជាង​៣​ម៉ោង​រួចមក ក៏បាន​បញ្ចប់ទៅ ហើយ​ភាគី​ពាក់ព័ន្ធ​នឹង​ជួបគ្នា​ម្តងទៀត នៅក្នុង​ប្រទេស​តួ​ក​គី នា​សប្តាហ៍​ក្រោយ​។​

​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទើរ​រ៉ែ​ស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបញ្ជាក់ ក្រោយ​កិច្ចប្រជុំ​នោះ ថា ការចរចា ស្ដីពី​ការអនុញ្ញាត​ដល់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ បាន​ផ្តល់នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ នៅក្នុង​ការបន្ធូរបន្ថយ​នូវ​ការឈឺចាប់​របស់​មនុស្ស និង កាត់បន្ថយ​នូវ​គ្រោះ​អត់ឃ្លាន នៅ​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​លោក​អគ្គលេខាធិការ ក៏បាន​ព្រមាន​ផងដែរ​ថា ខណៈ​គាត់​នៅតែមាន​សុទិដ្ឋិនិយម​ថា កិច្ចព្រមព្រៀង​មួយ​នេះ គឺ​«​នៅ​មិនទាន់​សម្រេចបាន​ពេញលេញ​នៅឡើយ​»​។​

​នៅពេល​មានការ​សាកសួរ អំពី​លទ្ធភាព នៃ​ការចរចា​សន្ដិភាព​បញ្ចប់សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ លោក​ប្រធាន​អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា ជម្លោះ​នេះ​នៅតែ​បន្ដ រយៈពេល​យូរ មុនពេល​ឈានដល់​កិច្ចចរចា​សន្ដិភាព ដើម្បី​បញ្ចប់សង្គ្រាម​។​


​ទោះជា​យ៉ាងណា កម្លាំង​ទាហាន​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ នៅតែ​បន្ដ​បាញ់​ផ្លោង​ពាសពេញ​ខេត្ត​ដូ​ណែ​ត​ស្ក៍ (Donetsk) ។ ក្រុង​មូ​ស្គូ មាន​គោលបំណង វាយ​ដណ្ដើម​កាន់កាប់​តំបន់ឧស្សាហកម្ម​ដុន​បាស នា​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន ទាំងស្រុង​។​

​ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass បាន​ដកស្រង់​សម្ដី ពី​មន្ដ្រី​របស់​ក្រុម​ផ្ដាច់ខ្លួន នៅ​ភាគ​ខាងកើត​រុស្ស៊ី បាន​បញ្ជាក់ថា ឥឡូវនេះ កម្លាំង​ទាហាន​រុស្ស៊ី បាន​ចូលទៅ​ដល់ទី​ក្រុង​ស៊ី​វើ​ស​ខ៍ (Siversk) ស្ថិតក្នុង​ខេត្ត​ដូ​ណែ​ត​ស្ក៍ ហើយ​ប្រហែល​តែ​២​ទៅ​៣​ថ្ងៃ​ទៀត អាច​នឹង​គ្រប់គ្រង​តំបន់​នេះ​ទាំងមូល​។ ផ្ទុយ​ពី​ការអះអាង​បែបនេះ កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន បាន​អះអាងថា Siversk ស្ថិតនៅក្រោម​ការវាយប្រហា​រ ពី​កាំភ្លើង​ធំ​។ ប៉ុន្ដែ​កម្លាំង​ទាហាន​រុស្ស៊ី មិនអាច​វាយប្រហារ រុលទៅមុខ​ដោយ​ថ្មើរជើង​បានឡើយ​។​

​ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី ក៏បាន​បង្ហាញ ពី​អារម្មណ៍​រំភើបចិត្ត ចំពោះ​កិច្ចពិភាក្សា អំពី​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ទៅកាន់​ពិភពលោក ផងដែរ​។ នេះ​ជាស​ញ្ញា​មួយ​បង្ហាញថា កិច្ចព្រមព្រៀង​ចុងក្រោយ ស្តីពី​ការនាំចេញ​អាច​នឹងត្រូវ​ប្រកាស នៅ​សប្តាហ៍​ក្រោយនេះ​៕​