ការ​រះ​ឡើង និង​ការដួលរលំ​របស់​ប្រធានាធិបតី​ស្រីលង្កា កាន់អំណាច​ត​វង្ស​ត្រកូល

ព័ត៌មានអន្តរជាតិ
0
148
រដ្ឋធានី​កូឡុមបូ (Colombo) ៖ ការដឹកនាំ​ប្រទេស​របស់លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា បានធ្វើ​ប្រទេស​នេះ វណ្ឌ​ក​នឹង​បំណុល​បរទេស មាន​ទំហំ​ទឹកប្រាក់ ៥១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារតែ​ការគ្រប់គ្រង​មិនបាន​ល្អ ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ និង បក្ខពួកនិយម ទើប​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ត្រូវ​ដួលរលំ​ទាំងស្រុង ហើយ​មាន​មនុស្ស​ជាច្រើន ចង់ដឹង​បន្ថែម អំពី​ប្រ​វ​ត្ដិ នៃ​ការឡើង​កាន់អំណាច និង ការដួលរលំ​របស់គាត់​។​


​ទីភ្នាក់ងារសារព័ត៌មាន AP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ថា ប្រធានាធិបតី​ស្រីលង្កា លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ជា​សមាជិក​ចុងក្រោយ នៅក្នុង​ចំណោម​សមាជិក​៦​នាក់ នៃ​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​បំផុត កាន់កាប់​អំណាច​ត​វង្ស​ត្រកូល នៅក្នុង​ប្រទេស​ដែន​កោះ នៃ​អាស៊ី​ខាងត្បូង​មួយ​នេះ​។

​មន្ដ្រី​កងទ័ពអាកាស​ស្រីលង្កា បាន​បញ្ជាក់ថា លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី និង ភរិយា​របស់គាត់ បាន​ជិះ​យន្ដហោះ​យោធា​របស់​ប្រទេស​នេះ ទៅកាន់​រដ្ឋធានី​ម៉ា​លេ (Male) ប្រទេស​ម៉ា​ឌី​វ​។ ការចាកចេញ​ពី​ប្រទេស​ស្រីលង្កា​របស់លោក​ប្រធានាធិបតី បានកើត​ឡើង រយៈពេល​៤​ថ្ងៃ ក្រោយ​ការផ្ទុះ​បាតុកម្ម​ដ៏​ធំ នៅ​រដ្ឋធានី​កូឡុមបូ ហើយ​ក្រុមបាតុករ បាន​ទៅ​ឡោមព័ទ្ធ​វិមាន​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​។ ស្របគ្នា​នេះដែរ ក្រុមបាតុករ ក៏បាន​ទៅ​ឡោមព័ទ្ធ​លំនៅឋាន​របស់លោក រ៉ានី​ល វិក​ក្រែ​មេ​សិង្ហ (Ranil Wickremesinghe) នាយករដ្ឋមន្ដ្រី​ស្រីលង្កា ដែល​ទើបនឹង​ឡើងកាន់តំណែង បន្ដ​ពី​បងប្រុស​របស់​ប្រធានាធិបតី​រត់ចោល​ប្រទេស​។ ក្រុមបាតុករ បានទាមទារ​ឲ្យ​ដឹកនាំ​ទាំង​២ ទាំង​ប្រធានាធិបតី និង នាយករដ្ឋមន្ដ្រី​ស្រីលង្កា ចុះ​ចេញពី​តំណែង​។


​ប្រជាជន​ស្រីលង្កា បាន​ស្ដីបន្ទោស​ដល់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ពី​ការគ្រប់គ្រង​មិនបាន​ល្អ និង មិនមាន​តម្លាភាព ហើយ​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​។ អសមត្ថភាព​របស់​មេ​ដឹកនាំ​រូបនេះ បានធ្វើ​ឲ្យ​ប្រទេសជាតិ ធ្លាក់ចូល​ទៅក្នុង​វិបត្ដិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់ខ្លួន ក្រោយ​ប្រទេស​ស្រីលង្កា​បានទទួល​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស នៅក្នុង​ឆ្នាំ​១៩៤៨​។​

​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ គ្រួសារ Rajapaksa មាន​សិទ្ធិអំណាច ក្លាយជា​ម្ចាស់​ទឹកដី គ្របដណ្ដប់​លើ​ឆាកនយោបាយ នៅក្នុង​ស្រុក នៅ​តំបន់​ជនបទ នា​ភាគខាងត្បូង​របស់​ពួកគេ មុនពេល​លោក ម៉ា​ហ៊ី​ដា រ៉ា​ចា​ប៉ាក​សា (Mahinda Rajapaksa) ជាប់ឆ្នោត ក្លាយជា​ប្រធានាធិបតី​ស្រីលង្កា នៅក្នុង​ឆ្នាំ​២០០៥​។​

​ជាមួយនឹង​ការអំពាវនាវ​ដល់​អ្នក​ជាតិនិយម នៃ​ប្រជាជន​ភាគច្រើន កាន់សាសនា​ព្រះពុទ្ធ​-​ស៊ីន​ហា​ឡា (Sinhalese) របស់​កោះ​នេះ លោក​ប្រធានាធិបតី Mahinda Rajapaksa បាន​ដឹកនាំ​ប្រទេស​ស្រីលង្កា ឱ្យ​ទទួលបាន​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់ លើ​ក្រុម​ឧទ្ទាម​ទមិឡ នៅក្នុង​ឆ្នាំ ២០០៩ រហូត​ឈានដល់​ការបញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​ឃោរឃៅ ដែល​បាន​បែងចែក​ប្រទេស អស់​រយៈពេល​២៦​ឆ្នាំ​។ លោក Mahinda Rajapaksa និង ប្អូនប្រុស​របស់គាត់ ឈ្មោះ Gotabaya Rajapaksa ជា​អតីតមន្ត្រី​ដ៏​មានអំណាច និង ជា​អ្នក​យុទ្ធសាស្ត្រ​យោធា នៅក្នុង​ក្រសួងការពារជាតិ បាន​បដិសេធ​នូវ​ការចោទប្រកាន់ ពី​ការ​ប្រ​ព្រឹ​ត្ដ​អំពើ​ឃោរឃៅ នៅក្នុង​អំឡុង​សង្គ្រាម​នោះ​។​


​លោក Mahinda Rajapaksa បាន​នៅ​បន្ដ​កាន់តំណែង ជា​ប្រធានាធិបតី​ស្រីលង្កា រហូតដល់​ឆ្នាំ​២០១៥ ហើយ​ក្រោយមក​គាត់​បាន​ចាញ់​ក្រុមប្រឆាំង ដែល​ដឹកនាំ ដោយ​អតីត​ជំនួយការ​របស់គាត់​។ ប៉ុន្តែ​ក្រុមគ្រួសារ​នេះ បាន​ត្រឡប់មក​កាន់អំណាច​ឡើង​វិញ នៅ​ឆ្នាំ​២០១៩ ក្រោយពេល​លោក Gotabaya Rajapaksa បានឈ្នះ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ក្រោម​ការ​សន្យាថា គាត់​នឹង​ស្តារ​សន្តិសុខ​ឡើងវិញ បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​របស់​ភេរ​វករ ដែល​បានសម្លាប់​មនុស្ស ចំនួន​២៩០​នាក់​។​

​លោក Gotabaya Rajapaksa បាន​ប្តេជ្ញា​ថា នឹង​នាំមក​នូវ​ជាតិនិយម ទើប​ធ្វើឱ្យ​គ្រួសារ​របស់គាត់​ទទួលបាន​ប្រជាប្រិយភាព ហើយ​ភាគច្រើន ចេញពី​ពុទ្ធសាសនិក​។ គាត់​បាន​សន្យា នឹង​ដឹកនាំ​ប្រទេស ចេញពី​ការធ្លាក់ចុះ នៃ​សេដ្ឋកិច្ច ជាមួយនឹង​ស្ដារ​ស្ថិរភាព និង ការអភិវឌ្ឍន៍​។ ផ្ទុយទៅវិញ គាត់​បាន​បង្កើត​កំហុស​យ៉ាងធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់ រហូត​នាំឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​អាក្រក់​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុនមក ចាប់តាំងពី​ប្រទេស​ស្រីលង្កា បានទទួល​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស នៅ​ឆ្នាំ​១៩៤៨​។​

​ការកាត់បន្ថយ​ពន្ធ បង្ហូរ​មូលនិធិ​របស់​រដ្ឋាភិបាល​

​ដោយសារតែ​វិស័យ​ទេសចរណ៍ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង និង ការ​វណ្ឌ​ក​ជាមួយនឹង​កម្ចី​បរទេស​លើ​គម្រោង​អភិវឌ្ឍន៍​ធំៗ​ដ៏​ចម្រូងចម្រាស រួមទាំង កំពង់ផែ និង អាកាសយានដ្ឋាន នៅក្នុង​តំបន់​កំណើត​របស់លោក​ប្រធានាធិបតីផងដែរ ដែល​ចាំបាច់​ត្រូវ​សង​ត្រឡប់​ទៅ​ម្ចាស់បំណុល​វិញ គួបផ្សំ​នឹង​លោក Gotabaya Rajapaksa មិន​ស្តាប់​ទីប្រឹក្សា​សេដ្ឋកិច្ច ហើយ​បាន​ជំរុញ​តាមរយៈ​ការកាត់បន្ថយ​ពន្ធ​ដ៏​ធំ​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ស្រីលង្កា ទើប​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ សកម្មភាព​នេះ មាន​គោលបំណង ជំរុញ​លើ​ការចំណាយ ប៉ុន្តែ​អ្នក​រិះគន់​បាន​ព្រមាន​ថា វា​នឹង​កាត់បន្ថយ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​។​
​ស្របពេល​ប្រាក់ចំណូល​របស់​រដ្ឋកា​ន់​តែ​ថយចុះ​ផង​នោះ ក៏​មានការ​រឹតបន្ដឹង​នូវ​វិធាន​ការបិទ​ខ្ទប់​ប្រទេស ទប់ស្កាត់​ជំងឺ​រាតត្បាត និង ការហាម​ប្រាម​មិន​ត្រឹមត្រូវ​លើ​ជីគីមី ធ្វើឱ្យ​កាន់តែ​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា ដែល​កំពុង​ផុយស្រួយ​បន្ថែមទៀត​។ ដោយសារតែ​ប្រទេស​ស្រីលង្កា អត់លុយ ទើប​មិនអាច​សងបំណុល​បរទេស​ដ៏​ច្រើន​លើសលប់​បាន​។


​ចំណែក​កង្វះខាត​ស្បៀងអាហារ ហ្គាស ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ ក៏​កើតឡើង ទើប​បង្កឱ្យមាន​កំហឹង ជា​សាធារណៈ ចំពោះ​អ្វីដែល​មនុស្ស​ជាច្រើន បាន​មើលឃើញថា សកម្មភាព​ទាំងនេះ មកពី​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ អំពើពុករលួយ និង បក្ខពួកនិយម​។ ការផ្ទុះ​បាតុកម្ម​ដ៏​ធំ​នេះ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa រត់ចោល​ប្រទេស និង បង្កើត​នូវ​ភាពវឹកវរ​ពេញ​ប្រទេស​បែបនេះ​៕​