កម្លាំង​ស៊ើបការណ៍​សម្ងាត់ ឆែកឆេរ​ផ្ទះ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​

ព័ត៌មានអន្តរជាតិ
0
332
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​ពន្ធន៍ ហៅ​កាត់ FBI បាន​បញ្ជូន​កម្លាំង​រប​ស់​ខ្លួន​យ៉ាងច្រើន ចូលទៅ​ឆែកឆេរ​វិមាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ​។​

​សារ​ព័ត​មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ កម្លាំង​សមត្ថកិច្ច FBI ជាច្រើន​នាក់ បាន​ឆ្មក់​ចូលទៅ​ឆែកឆេរ នៅក្នុង​ភូមិគ្រឹះ​របស់គាត់ ស្ថិតនៅ​រមណីយដ្ឋាន ម៉ា អា​ឡា​ហ្គូ (Mar-a-Lago) ទីក្រុង​ផាល់​ប៊ី​ស (Palm Beach) រដ្ឋ​ហ្ល​រី​ដា (Florida) សហរដ្ឋអាមេរិក​។​




​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា ភូមិគ្រឹះ​របស់គាត់ ត្រូវ​គ្រប់គ្រង​ដោយ​កម្លាំង​មួយក្រុម​របស់​ទីភ្នាក់ងារ​ប៉ូលិស FBI ។ ចំណែក​ឆែកឆេរ​នេះ មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការស្វែងរក​ឯកសារ​មួយចំនួន ដែល​គាត់​បាន​យកចេញ​ពី​សេត​វិមាន មកកាន់​គេហដ្ឋាន​របស់គាត់​។​

​ទោះជា​យ៉ាងណា កា​រិ​យ​ល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​ពន្ធន៍ មិនបាន​បញ្ជាក់​លម្អិត អំពី​ឯកសារ​ទាំង​នោះឡើយ​។ ចំណែក​ក្រសួងយុត្តិធម៌ និង FBI ក៏​មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី ជុំវិញ​កិច្ចប្រតិបត្តិការ​នេះ ខណៈ​លោក ត្រាំ កំពុងស្ថិត​នៅឯ​អគារ Trump Tower ទីក្រុង​ញូយ៉ក​។​


​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ថ្កោលទោស​យ៉ាងខ្លាំង ដល់​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​គេហដ្ឋាន​របស់គាត់​។ លោក ត្រាំ បាន​ចាត់ទុកថា នេះ​ជា​សកម្មភាព​ដ៏​ខ្មៅ​ងងឹត សម្រាប់​សហរដ្ឋអាមេរិក និង ជា​ចេតនា​ដ៏​អាក្រក់​មួយ នៅក្នុង​ការរារាំង កុំឱ្យ​រូបគាត់ វិលត្រឡប់ ទៅ​ចូលរួម​ប្រកួតប្រជែង​ជាថ្មី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក នា​ឆ្នាំ​២០២៤ ខាងមុខនេះ​៕​