ប្រធានាធិបតី​រុស្ស៊ី គ្រាន់តែ​អ៊ីរ៉ង់​គាំទ្រ​ភ្លាម វាយប្រហារ​យ៉ាង​សន្ធាប់ លើ​អ៊ុយ​ក្រែ​ន​ភ្លាម​

ព័ត៌មានអន្តរជាតិ
0
203
រដ្ឋធានី​មូ​ស្គូ​៖ កម្លាំង​ទាហាន​រុស្ស៊ី បាន​បង្កើន​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយពេល​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​។​

​សារព័ត៌មាន ABC News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២០ ខែកក្កដា ថា កម្លាំង​ទាហាន​រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ បាន​បង្កើន​ការវាយប្រហារ ដោយ​គ្រាប់​មី​ស៊ី​ល ទៅលើ​ទីក្រុង​ជាច្រើន នៅ​ភាគ​ខាងកើត និង ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​បំផ្លិចបំផ្លាញ ផ្ទះសម្បែង សាលារៀន និង មណ្ឌល​សហគមន៍​។ សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ បានកើត​ឡើង ស្របពេល​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​ប្រទេស​អ៊ីរ៉ង់ ជុំវិញ​សកម្មភាព​ប្រតិ​ប​ត្ដិ​ការ​យោធា​របស់​រុស្ស៊ី នៅក្នុង​ប្រទេសជិតខាង​មួយ​នេះ​។​

​នៅក្នុង​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​របស់លោក ពូ​ទីន នៅក្នុង​រដ្ឋធានី​តេ​អ៊ីរ៉ង់​នោះ មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ លោក អា​លី ខា​មេ​នី (Ali Khamenei) បាន​ថ្លែងប្រាប់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង ថា បណ្ដា​ប្រទេស​បស្ចិម​លោក ប្រឆាំងនឹង «​ឯករាជភាព និង ភាព​ដ៏​ខ្លាំងក្លា​របស់​រុស្ស៊ី​រឹ​»​។ មេដឹកនាំ​អ៊ីរ៉ង់ រូបនេះ បាន​បន្ថែម ថា ប្រសិនបើ​រុស្ស៊ី មិនបាន​បញ្ជូន​កងទ័ព ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះទេ ក្រុង​មូ​ស្គូ​ក៏​នឹង​ប្រឈមមុខ​នឹង​ការវាយប្រហារ ពី​អង្គការ​ណា​តូ នាពេល​ក្រោយ​ដែរ​។


​លោក អា​លី ខា​មេ​នី (Ali Khamenei) បាន​បន្លឺឡើង​នូវ​វោហារសាស្ត្រ​ផ្ទាល់ខ្លួន​របស់លោក ពូ​ទីន និង ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ កាន់តែខ្លាំង​ឡើង រវាង​ក្រុង​មូ​ស្គូ និង ក្រុង​តេ​អ៊ីរ៉ង់ ខណៈ​មេដឹកនាំ​កំពូល​ទាំងពីរ កំពុងតែ​ប្រឈមមុខ​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ពី​លោកខាងលិច​៕​