រុស្ស៊ី ប្រកាស​រើស​ទ័ព​បន្ថែម នៅតែ​មិនអាច​ឈ្នះ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន

ព័ត៌មានអន្តរជាតិ
0
139
រាជធានី​ឡុង​ដ៍​៖ សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ​វាយ​ប្រយុទ្ធ​គ្នា អស់​រយៈពេល​ជាង​៦​ខែ​កន្លងមកនេះ បាន​បណ្ដាល​ឲ្យ​បាត់បង់​កងទ័ព​យ៉ាងច្រើន រហូត​ធ្វើ​ឲ្យ​រុស្ស៊ី សម្រេច​ប្រកាស​ជ្រើសរើស​កងទ័ព ដើម្បី​បំពេញ​នូវ​ការខ្វះចន្លោះ​របស់ខ្លួន ប៉ុន្ដែ​ក្រសួងការពារជាតិ​ចក្រ​ភព​អង់គ្លេស បែរជា​អះអាងថា ការជ្រើសរើស​កងទ័ព​បន្ថែម​របស់​រុស្ស៊ី ទំនងជា​នឹងមិន​ធ្វើ​ឲ្យ​លទ្ធផល​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន កែប្រែ​នោះឡើយ​។​

​សារព័ត៌មាន The Star បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៨ ខែសីហា ថា ក្រសួងការពារជាតិរ​បស់​ចក្រភព​អង់គ្លេស បាន​បញ្ជាក់ថា ផែនការ​របស់​រុស្ស៊ី ដើម្បី​បង្កើន​នូវ​ចំនួន​កងទ័ព​របស់ខ្លួន ទំនងជា​នឹងមិន​មាន​ឥទ្ធិពល ជួយ​ដល់​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះឡើយ​។​


​បច្ចុប្បន្ន រុស្ស៊ី មាន​កម្លាំង​ទាហាន សរុប ប្រហែល ២ ៩០០ ០០០​នាក់ ហើយ​ក្នុងនោះ មាន​ទាហាន​សកម្ម ចំនួន ៩០០ ០០០​នាក់ និង ទាហាន​បម្រុង ចំនួន ២ ០០០ ០០០​នាក់​។ ដោយឡែក អ៊ុយ​ក្រែ​ន វិញ មាន​កងទ័ព សរុប ប្រហែល ១ ០៩៦ ៦០០​នាក់ ហើយ​ក្នុងនោះ មាន​កងទ័ព​សកម្ម ចំនួន ១៩៦ ៦០០​នាក់ និង កងទ័ព​បម្រុង ចំនួន ១ ០០០ ០០០​នាក់​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បាន​ចុះហត្ថលេខា លើ​ក្រឹត្យ​ថ្មី​មួយ សម្រាប់​ជ្រើសរើស​កងទ័ព​ថ្មី ចំនួន ១៣៧ ០០០​នាក់​បន្ថែម ដើម្បី​បង្កើន ចំនួន​កងទ័ព​របស់​ក្រុង​មូ​ស្គូ រហូតដល់​ជាង ១,៥​លាន​នាក់​។ ប៉ុន្ដែ​សកម្មភាព​បែបនេះ ត្រូវបាន​ក្រសួងការពារជាតិ​ចក្រ​ភព​អង់គ្លេស អះអាងថា ការជ្រើសរើស​ទាហានរ​បស់​ក្រុង​មូ​ស្គូ នឹងមិន​អាចជួយ​បង្កើន​កម្លាំង​ប្រយុទ្ធ​របស់​រុស្ស៊ី នៅក្នុង​សង្គ្រាម​នេះឡើយ ព្រោះ​ទាហាន​រុស្ស៊ី នៅតែ​បន្ដ​បាត់បង់​កាន់តែ​ច្រើនឡើង​។​


​ជាមួយគ្នានេះ រុស្ស៊ី ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកទោស ឲ្យ​ចូលរួម នៅក្នុង​កម្លាំង​ទាហាន​របស់ខ្លួន ជា​ថ្នូរ​នឹង​ការដោះលែង ឲ្យ​មាន​សេរីភាព និង ការផ្ដល់​លុយកាក់​បន្ថែម​ទៀតផង​។ ក្រុង​មូ​ស្គូ កាលពីពេល​ថ្មីៗ​នេះ បានកំណត់​កម្លាំង​ទាហាន​រុស្ស៊ី ជាង​១​លាន​នាក់ ដោយ​រួមទាំង​បុគ្គលិក​ស៊ីវិល​របស់​យោធា ប្រហែល ៩០០ ០០០​នាក់ ផងដែរ​។​

​នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព អំពី​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះ ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស បានបញ្ជាក់ ថា អង់គ្លេស នៅ​មិន​ច្បាស់ ថា​តើ​ការបង្កើន​កម្លាំង​ទ័ព ដែល​រុស្ស៊ី បានគ្រោង​ទុក នឹង​សម្រេចបាន តាម​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​បន្ថែមទៀត ឬ​ដោយ​កា​រប​ញ្ជូ​ល​ទាហាន នៅ​ខាងក្រៅ​ទឹកដី​របស់​រុស្ស៊ី យ៉ាងណា​នោះដែរ​។ ប៉ុន្ដែ​នៅក្នុង​សង្គ្រាម អស់​រយៈពេល​ជាង​៦​ខែ​កន្លងមកនេះ រុស្ស៊ី បាន​បាត់បង់​កម្លាំង​ទាហាន​ច្រើន នៅក្នុង​សមរភូមិ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​


​បើតាម​ក្រុមមន្ដ្រី​យោធា​របស់​បស្ចិម​លោក បាន​អះអាង ថា កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ ចន្លោះ​ពី​៧០ ០០០ ទៅ ៨០ ០០០​នាក់ បាន​បាត់​បង់ជីវិត និង រងរបួស ចាប់តាំងពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​បញ្ជា​ឲ្យ​កងទ័ព ឆ្លង​ព្រំដែន​របស់ខ្លួន វាយលុក​ចូល ទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​។ បើ​តាមពិតទៅ លោក ពូ​ទីន មាន​គម្រោង​ធ្វើសង្គ្រាម រយៈពេល​ខ្លី ដោយ​គិតថា នឹង​ទទួលបាន​ជ័យជម្នះ​ភ្លាមៗ​តែម្ដង​។ ប៉ុន្ដែ​ដោយសារ​អ៊ុយ​ក្រែ​ន មានការ​តស៊ូ​យ៉ាង​ស្វិត​ស្វាយ ទើប​ធ្វើ​ឲ្យ​សមរភូមិ​ប្រយុទ្ធ ប្រឈមមុខ​នឹង​ការលំបាក់​ខ្លាំង ហើយ​បន្ដ​អូសបន្លាយ រយៈពេល​យ៉ាងយូរ រហូតមកដល់​ពេលនេះ​៕​