រុស្ស៊ី ព្រ​.​មាន​ដល់​សហភាព​អឺរ៉ុប ពី​ការធ្លាក់ចុះ​ការផ្គត់ផ្គង់​ថាមពល និង​តម្លៃ​កើនឡើង​

ព័ត៌មានអន្តរជាតិ
0
192
រដ្ឋធានី​មូ​ស្គូ​៖ ស​.​ង្គ្រា​ម​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឲ្យ​មានការ​ដាក់ទ.ណ្ឌក.ម្ម​ប្រឆាំងនឹង​វិមាន​ក្រឹម​ឡាំង ហើយ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ក៏បាន​ព្រមាន​ដល់​ប្រទេស​លោកខាងលិច អំពី​ការកាត់បន្ថយ​នូវ​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ ពី​ប្រទេស​រុស្ស៊ី ហើយ​សកម្មភាព​បែបនេះ នឹងធ្វើ​ឲ្យ​តម្លៃ​ថាមពល​កាន់តែ​ឡើងថ្លៃ​បន្ថែមទៀត​។​


​ទស្សនាវដ្ដី The Week បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២០ ខែកក្កដា ថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ថ្ងៃ​អង្គារ បានបញ្ជាក់ ថា កំហុសឆ្គង​ដោយផ្ទាល់​របស់​ប្រទេស​លោកខាងលិច នាំ​ឲ្យ​មាន​លំហូរ​ឧស្ម័ន​ធម្មជាតិ ពី​ប្រទេស​រុស្ស៊ី ទៅកាន់​អតិថិជន នៅក្នុង​ប្លុក​អឺរ៉ុបធ្លាក់ចុះ ហើយ​ក្រុង​មូ​ស្គុ នឹង​ព្រមាន​ថា ការផ្គត់ផ្គង់​ហ្គាស អាច​នឹង​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​រុស្ស៊ី នៅក្នុង​រដ្ឋធានី​តេ​អ៊ីរ៉ង់ ប្រទេស​អ៊ីរ៉ង់ ខណៈ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នោះ លោក​ប្រធានាធិបតី Putin បាន​សង្កត់ធ្ងន់ថា បរិមាណ​ឧស្ម័ន ដែល​បាន​បូម តាម​បំពង់ Nord Stream ទៅកាន់​ប្រទេស​អាល្លឺម៉ង់ នឹង​ធ្លាក់ចុះ​បន្ថែមទៀត ចន្លោះ​ពី​៦០​លាន​ម៉ែត្រគុប មក​នៅត្រឹមតែ​៣០​លាន​ម៉ែត្រគុប ក្នុង​មួយថ្ងៃ ឬ​ប្រហែល​១​ភាគ​៥ នៃ​សមត្ថភាព​បង្ហូរ​ប្រេង ប្រសិនបើ​ទួ​រ​ប៊ី​ន (Turbine) មិនត្រូវ​បាន​ជំនួស​ឲ្យ​បាន​លឿន​នោះទេ​។​


​ប្រធានាធិបតី​រុស្ស៊ី ក៏បាន​ព្រមាន​ដល់​បណ្ដា​ប្រទេស​បស្ចិម​លោក ថា ផែនការ​របស់លោក​ខាងលិច នៅក្នុង​ការកំណត់​តម្លៃ​ប្រេង​របស់​រុស្ស៊ី ដែលជា​ផ្នែក នៃ​ទណ្ឌកម្ម​ប្រឆាំងនឹង​វិមាន​ក្រឹម​ឡាំង ជុំវិញ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះ នឹងធ្វើ​ឱ្យមាន​អស្ថិរភាព នៅលើ​ទីផ្សារ​ប្រេង​របស់​ពិភពលោក និង ធ្វើឱ្យ​តម្លៃ​ប្រេង​កាន់តែ​ឡើងថ្លៃ​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បាន​បន្ថែមទៀតថា «​យើង​កំពុងតែ​ឮ​គំនិត​ឆ្កួតៗ​មួយចំនួន អំពី​ការកម្រិត​បរិមាណ​ប្រេង​របស់​រុស្ស៊ី និង ការកំណត់​តម្លៃ​ប្រេង​របស់​យើង​។ ចំណែក​លទ្ធផល​នេះ នឹង​ដូចគ្នា ជាមួយនឹង​ការកើនឡើង​តម្លៃ ហើយ​តម្លៃ​ប្រេង នឹង​ឡើងថ្លៃ​ខ្ពស់​បន្ថែមទៀត​»៕​