រដ្ឋមន្ដ្រី​ការពារជាតិ​សហរដ្ឋអាមេរិក មិន​ថា ពូ​ទីន ហ៊ាន​សម្រេចចិត្ត​ប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក

ព័ត៌មានអន្តរជាតិ
0
243



​រដ្ឋធានី​វ៉ា​ស៊ី​តោន​៖ រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក កំពុងតែ​តាមដាន អំពី​សកម្មភាព​របស់​ក្រុង​មូ​ស្គូ ខ្លាច​មានការ​បង្កប់​ការដាក់​ពង្រីក​អាវុធ​មហា​ប្រល័យ​លោក នៅក្នុង​ធ្វើ​សមយុទ្ធ​កម្លាំង​ទាហាន​នុយក្លេអ៊ែរ​ប្រចាំឆ្នាំ​របស់​រុស្ស៊ី​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែតុលា ថា មន្ដ្រីជាន់ខ្ពស់ ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​អះអាង ថា មន្ទីរ​បញ្ច​កោណ មិនបាន​មើលឃើញ​សញ្ញា​ណាមួយ បង្ហាញថា ការធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​របស់​កម្លាំង​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​រុ​ស្ស៉ី មាន​បង្កប់​ការដាក់​ពង្រាយ​អាវុធ​មហា​ប្រល័យ​លោក ពិតប្រាកដ​នោះឡើយ​។​

​លោក ឡយ​ដ៍ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «​យើង​មិនបាន​មើលឃើញ​សញ្ញា​ណាមួយ ធ្វើឱ្យ​យើង ជឿថា រុស្ស៊ី កំពុងតែ​ធ្វើ​សកម្មភាព​លួចលាក់ ដាក់ពង្រាយ​នុយក្លេអ៊ែរ​ពិតប្រាកដ​នោះទេ​»​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​បន្ថែម ថា លោក មិន​ជឿ ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ហ៊ាន​សម្រេចចិត្ត​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ដ្រ នោះឡើយ​។ ប៉ុន្ដែ​លោក​រដ្ឋមន្ដ្រី ក៏​មិនបាន​បញ្ជាក់ ថា​តើ​សហរដ្ឋអាមេរិក នឹង​ឆ្លើយតប​បែបណា ប្រសិនបើ​មូ​ស្គូ សម្រេចចិត្ត​យ៉ាងពិត​ប្រាកដ អំពី​ការប្រើ​អាវុធ​មហា​ប្រល័យ​លោក​នេះដែរ​។​

​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ បាន​ត្រួតពិនិត្យ​ការធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ ឈ្មោះ «Grom» ដោយផ្ទាល់​។ សមយុទ្ធ​នោះ ក៏មាន​ការចូលរួម ពី​កម្លាំង​ទាហាន​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​របស់​រុ​ស្ស៉ី ដោយមាន​ការធ្វើ​តេស្ដ​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្តរទ្វីប បាញ់​ចេញពី​នាវាមុជទឹក និង យន្ដហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ផងដែរ​។

​ជាមួយគ្នានេះដែរ បុរស​ខ្លាំង នៅ​រុស្ស៊ី រូបនេះ បាន​ចោទប្រកាន់​ដល់​បណ្ដា​ប្រទេស​លោក​ខាង​លិ ពី​ការ​បង្កាច់បង្ខូច​នុយក្លេអ៊ែរ ប្រឆាំងនឹង​រុស្ស៊ី ដើម្បី​បង្ខំ​សម្ពន្ធមិត្ត ឱ្យ​ងាក​ចេញពី​ក្រុង​ម៉ូស្គូ​។ ប្រទេស​មហាអំណាច​លោកខាងលិច កាលពីពេល​ថ្មីៗ​នេះ បាន​បរិហារ ពី​ការគំរាមកំហែង​ប្រើប្រាស​អាវុធ​មហា​ប្រល័យ​លោក បង្កឡើង ដោយ​វិមាន​ក្រឹម​ឡាំង ក្រោយពេល​ក្រុង​មូ​ស្គូ ចោទប្រកាន់ ដល់​អ៊ុយ​ក្រែ​ន ពី​ការរៀបចំ​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម វាយប្រហារ​ទៅលើ​ប្រទេស​រុស្ស៊ី​៕​