នាយករដ្ឋមន្ដ្រី​ថៃ លែង​ពិភាក្សា​ជាមួយនឹង​បក្សប្រឆាំង ខ្លាច​នាំ​លោក​ថាក់ស៊ីន​ចូល​ស្រុក​វិញ​

ព័ត៌មានអន្តរជាតិ
0
187
រាជធានី​បាងកក​៖ លោក ប្រា​យុទ្ធ ចាន់ អូ​ចា បាន​ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ដ្រី ដោយសារតែ​អំពើ​រដ្ឋប្រហារ​យោធា បានកើត​នូវមាន​ការមិនទុកចិត្ត ចំពោះ​កិច្ចពិភាក្សា​ជាមួយនឹង​បក្ស​ភឿ​ថៃ ព្រោះ​ខ្លាច​បក្សប្រឆាំង​មួយ​នេះ នាំ​អតីត​នាយករដ្ឋមន្ដ្រី​ថៃ លោក ថាក់ស៊ីន វិល​ត្រឡប់មក​ប្រទេស​កំណើត​វិញ​។​

​សារព័ត៌មាន​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២០ ខែកក្កដា ថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) នាយករដ្ឋមន្ដ្រី​ថៃ បាន​បិទ​នូវ​កិច្ចពិភាក្សា​ជាមួយនឹង​គ​បណ​ក្ស​ប្រឆាំង នៅ​ថ្ងៃ​ដំបូង ដោយសារ​ការមិនទុកចិត្ត​គ្នា ព្រោះ​គាត់​បាន​ជំទាស់​នឹង​គណបក្ស​ភឿ​ថៃ (Pheu Thai Party ) នៅក្នុង​ការនាំយក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ចំនួន​២​រូប ដែល​កំពុង​និរទេស​ខ្លួន នៅក្រៅ​ប្រទេស ឲ្យ​វិល​ត្រឡប់មកវិញ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ​។​


​លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) នាយករដ្ឋមន្ដ្រី​ថៃ បាន​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដែល​ធ្វើឡើង ប្រឆាំងនឹង​រូបគាត់ ដោយ​មេដឹកនាំ​បក្ស​ភឿ​ថៃ លោក ចូល​ណាន់ ស្រី​គៀវ (Cholnan Srikaew) នៅក្នុង​អំឡុងពេល​ការជជែក​ដេញដោល​គ្នា នៅក្នុង​សភា កាលពី​ថ្ងៃ​អង្គារ​។​

​លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha បាន​ថ្លែង នៅក្នុង​អ្វីដែល​គេ​ជឿថា ជាការ​ជេរប្រមាថ​ដល់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែល​កំពុងតែ​និរទេស​ខ្លួន នៅក្រៅ​ប្រទេស ថា «​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិនដឹង​អ្វី​ទាំងអស់​។ ខ្ញុំ​មិនល្អ​គ្រប់បែបយ៉ាង​។ ខ្ញុំ​មិនមែន ជា​មនុស្ស​ដែល​អ្នក​ប្រហែលជា​និយាយថា ជា​មនុស្ស​ឆ្លាត​បំផុត​នោះដែរ​។ ប៉ុន្តែ​តើ​គាត់​នៅឯណា​ឥឡូវនេះ​?


​លោក​ឧត្ដមសេនីយ៍ បាន​បន្ថែម នៅក្នុង​ការចង្អុល​ទៅ​លោក ថាក់ស៊ីន និង ប្អូនស្រី​របស់គាត់ ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ថា «​ខ្ញុំ​ដឹងថា អ្នក​ប្រហែលជា​សរសើរ​មនុស្ស​មួយចំនួន ដែល​ធ្លាប់​កាន់តំណែង​កំពូល​នេះ ហើយ​សរសើរ​ពួកគេ​ថា ធ្វើបាន​ល្អ​ជាង​ខ្ញុំ​។ នោះ​ជាការ​ប្រសើរ​ណាស់​។ សូមអ្នក​នាំ​ពួកគេ មកវិញ ប្រសិនបើ​អ្នក​អាចធ្វើ​បាន​»​។​

​លោក​ឧត្ដមសេនីយ៍ ក៏បាន​ការពារ​នូវ​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​ថៃ ដោយបាន​អះអាងថា រដ្ឋាភិបាល​របស់គាត់ បាន​ដឹកនាំ​ប្រទេស ឆ្លង​ផុតពី​វិបត្តិ រហូត​ស្ដារ​សេដ្ឋកិច្ចជាតិ ឲ្យ​ងើប​ឡើងវិញ​។ លោក ប្រា​យុទ្ធ បាន​អះអាង​ទៀតថា ថៃ បានទទួល​នូវ​ការកោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន នៅក្នុង​ការ​ទប់​ទល់នឹង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ដោយ​ថែមទាំង​បាន​ធ្វើជា​គំរូ សម្រាប់​ប្រទេស​ដទៃទៀត​ផងដែរ​។ លើសពីនេះទៅទៀត ចាប់តាំងពី​ការបើក​ព្រំដែន​មក មាន​ភ្ញៀវទេសចរ ប្រហែល ២,២​លាន​នាក់ បាន​វិលត្រឡប់​មកកាន់​ប្រទេស​ថៃ រហូត​ធ្វើ​ឲ្យ​ប្រទេស​អាស៊ាន​មួយ​នេះ អាច​ស្រូប​បាន​ប្រាក់​ចំ​ណួ​ល ប្រហែល​១,២៥​ពាន់​ពាន់​លាន​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង ៣៤,០៩​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕