អ៊ុយ​ក្រែ​ន រាយការណ៍​អំពី​ទាហាន​របស់​រុស្ស៊ី និង គ្រឿង​យុទ្ធភណ្ឌ​ខូចខាត​កាន់តែ​ច្រើនឡើង​

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​កៀវ​៖ នៅក្នុង​អំឡុង​យុទ្ធនាការ​វាយបក​របស់​ក្រុង​កៀវ នោះ កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ បាន​រាយការណ៍ អំពី​ការធ្វើ​បច្ចុប្បន្នភាព​ចំពោះ​ការខូចខាត​របស់​រុស្ស៊ី នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ ដោយ​ក្រុង​មូ​ស្គូ បាន​បាត់បង់​កងទ័ព ចំនួន​៦០០​នាក់ និង គ្រឿង​យុទ្ធភណ្ឌ​ជាច្រើន មាន​ជាអាទិ៍ រថក្រោះ ចំនួន​៤​គ្រឿង រថពាសដែក​ចំនួន​១១​គ្រឿង ប្រព័ន្ធ​កាំភ្លើង​ផ្លោង ចំនួន​២០​គ្រឿង ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត ចំនួន​៧​គ្រឿង ប្រព័ន្ធ​ការពារ​ដែនអាកាស​ចំនួន​៣​គ្រឿង និង ដ្រូ​ន​ចំនួន​១៩​គ្រឿង​។

​សារព័ត៌មាន​របស់​ស​ហ​រដ្ឋ​អាមេរិក Newsweek បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៩ ខែកក្កដា ដោយ​ដកស្រង់​ប្រភពពី​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​អះអាង ថា រុស្ស៊ី បាន​បាត់បង់​ទាហាន ចំនួន ២៣៤ ០៤០​នាក់ គិត​ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៣ ។ ក្រៅពីនេះ គ្រឿង​ចម្បាំង​របស់​រុស្ស៊ី ត្រូវបាន​កម្ទេច នៅលើ​សមរភូមិ មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក មានដូចជា យន្ដហោះ​ចម្បាំង ចំនួន​៣១៥​គ្រឿង​, ឧទ្ធម្ភាគចក្រ​ចម្បាំង ចំនួន​៣០៩​គ្រឿង​, នាវាចម្បាំង​តូចធំ ចំនួន​១៨​គ្រឿង​, រថក្រោះ ចំនួន ៤០៧៨​គ្រឿង​, រថពាសដែក ចំនួន ៧៩៦៤​គ្រឿង​, ប្រព័ន្ធ​កាំភ្លើង​ផ្លោង ចំនួន ៤៣៦៦​គ្រឿង​, ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ ចំនួន​៦៦៨​គ្រឿង​, ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​យន្ដហោះ​ចំនួន​៤១៣​គ្រឿង , រថយន្ដយោធា និង រថយន្ដ​ដឹក​ប្រេង ចំនួន ៦ ៩២៩​គ្រឿង​, ដ្រូ​ន ចំនួន ៣ ៦៨៥​គ្រឿង​, គ្រឿងចក្រ​ពិសេស ចំនួន​៦២៨​គ្រឿង និង មី​ស៊ី​ល​គ្រូ​ស ចំនួន ១២៧១​ដើម​។​

​ដោយឡែក ក្រសួងការពារជាតិ​រុស្ស៊ី បានបញ្ជាក់ នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​របស់ខ្លួន កាលពី​ថ្ងៃអាទិត្យ ថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​បាត់បង់​រថក្រោះ និង រថពាសដែក ចំនួន ១០ ៦០៤​គ្រឿង​។

​សេចក្ដីរាយការណ៍​រប​ស់​ភាគី​ជម្លោះ​ទាំង​២​នេះ បានកើត​ឡើង ស្របពេល​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ប្រារព្ធ​ទិវា​ទី​៥០០ នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ប្រឆាំងនឹង​រុស្ស៊ី​។ ភាគី​ជម្លោះ​ទាំង​២ បាន​បាត់​បង់គ្រឿង​យុទ្ធភណ្ឌ​យ៉ាងច្រើន នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ​។​

​បើទោះជា​យ៉ាងណាក៏ដោយ របាយការណ៍​ទាំងនេះ គ្រាន់តែ​ជាការ​អះអាង​របស់​ភាគី​អ៊ុយ​ក្រែ​ន និង រុស្ស៊ី តែប៉ុណ្ណោះ ប៉ុន្ដែ​មិនមាន​ប្រភព​ឯករាជ្យ​ណាមួយ បញ្ជាក់​នោះឡើយ​។ ភាគី​ជម្លោះ​ទាំង​២ តែងតែ​លាក់បាំង អំពី​តួលេខ​គ្រោះថ្នាក់​របស់​កងទ័ព​ខ្លួន ស្លាប់ និង រងរបួស​៕​