ជប៉ុន ព្រួយបារម្ភ​ពី​ការគំ.រាមកំ.ហែង ដល់​សន្ដិសុខ​ជាតិ​របស់ខ្លួន​

ព័ត៌មានអន្តរជាតិ
0
152
រាជធានី​តូ​ក្យូ​៖ ស្របពេល​បណ្ដា​ប្រទេស​មហាអំណាច នៅលើ​ពិភពលោក កំពុងតែ​ប្រជែង​គ្នា​ទាំង​ខាង​នយោបាយ និង យោធា​នោះ ក្រសួងការពារជាតិ​ជប៉ុន ក៏បាន​បង្ហាញ​អំពី​ការគំរាមកំហែង​ដល់​សន្ដិសុខ ដែល​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ថា ជប៉ុន កាលពី​ថ្ងៃ​សុក្រ បាន​ព្រមាន អំពី​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ កំពុងតែ​កើនឡើង ដោយ​រាប់បញ្ចូល​ទាំង​ផលវិបាក​នានា កើតឡើង​ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​, សកម្មភាព​បំភិតបំភ័យ​របស់​យោធា​ចិន ទៅលើ​កោះ​តៃវ៉ាន់ និង ភាព​ងាយ​រងគ្រោះ​លើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​។​


​សៀវភៅ​សរ​បស់​ក្រសួងការពារជាតិ​ជប៉ុន បានលើកឡើង ពី​ការប៉ាន់ប្រមាណ​របស់​អង្គការ​សម្រាប់​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ ហៅ​កាត់ OECD ប្រៀបធៀប​នឹង​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ប្រទេស​ជប៉ុន និង ប្រទេស​ចំនួន​៨​ផ្សេងទៀត ដោយ​បង្ហាញថា ប្រទេស​ជប៉ុន ចំណាយ 0,៩៥​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​, សហរដ្ឋអាមេរិក ចំណាយ ៣,១២​ភាគរយ , កូរ៉េខាងត្បូង ចំណាយ ២,៥៧​ភាគរយ​, ប្រទេស​ចិន​ចំណាយ ១,២​ភាគរយ និង រុស្ស៊ី ចំណាយ ២,៧៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។

​សៀវភៅ​ស​នេះ ក៏​អះអាងថា ការចំណាយ​របស់​ប្រទេស​ជប៉ុន គិត​ជា​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប គឺ​ទាប​ជាង​ក្រុម​ប្រទេស​ចំនួន​៧​ផ្សេងទៀត មានដូចជា អូស្ត្រាលី និង កូរ៉េខាងត្បូង​…​ជាដើម​។​


​រដ្ឋាភិបាល​ក្រុង​ក្រុង​តូ​ក្យូ បានចេញ​សារ​ព្រមាន​បែបនេះ នៅក្នុង​របាយការណ៍ ស្ដីពី​វិស័យ​ការពារជាតិ​ប្រចាំឆ្នាំ​របស់ខ្លួន​។ ក្រសួងការពារជាតិ​ជប៉ុន បាន​ចុះ​នៅក្នុង «​សៀវភៅ​ស​» របស់ខ្លួន បង្ហាញ​អំពី​ការព្រួយបារម្ភ នៅ​ចំពោះមុខ អំពី​ភាព​តានតឹង នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ចំណែក​ការប្រកួតប្រជែង​ខាង​នយោបាយ សេដ្ឋកិច្ច និង​យោធា រវាង​បណ្ដា​ប្រទេស​នានា កំពុងតែ​លេចចេញ​ជា​រូបរាង​កាន់តែច្បាស់ ហើយ​សកម្មភាព​បែបនេះ ក៏​កំពុងតែ​គំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់​អន្តរជាតិ ជាស​កល​»​។​

​សៀវភៅ​ស​នេះ ក៏បាន​រៀបរាប់ អំពី​ការវាយប្រហារ​របស់​រុ​ស្ស៉ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​សកម្មភាព​បំពាន​លើ​ច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​បំផុត ហើយ​កំពុងតែ​បង្កើតឱ្យមាន​ការ​ព្រួយ បារម្ភ​ថា ការប្រើប្រាស់​កម្លាំងយោធា​របស់​រុ​ស្ស៉ី គឺ​ដើម្បី​ដោះស្រាយ​បញ្ហា ឬ​ជម្លោះ​។ សកម្មភាព​យោធា​ស្រដៀង​គ្នា​នេះ នឹង​នាំឱ្យមាន​ការបារម្ភ​កាន់តែខ្លាំង​ឡើង ទៅលើ​កោះ​តៃវ៉ាន់ ដោយសារតែ​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក ជា​អាណាខេត្ត​មួយ​របស់ខ្លួន មិនអាច​កាត់ផ្ដាច់​ចេញ​ពី​ចិន​។ ក្រុង​ប៉េកាំង តែងតែ​គំរាមកំហែង ពី​ការប្រើប្រាស់​កម្លាំង​ទ័ព ចូលលុកលុយ​ទៅលើ​ដែន​កោះ​មួយ​នេះ ប្រសិនបើ​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស​ពី​ឯករាជភាព​របស់ខ្លួន​។​


​នៅក្នុង​សៀវ​សរ​បស់​ក្រសួងការពារជាតិ​ជប៉ុន បានបង្ហាញ​ដោយ​រដ្ឋាភិបាល​របស់លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ត្រី​ជប៉ុន បានចាត់ទុក​ចិន រុ​ស្ស៉ី និង កូរ៉េខាងជើង ជា​ក្ដីកង្វល់​ដល់​សន្តិសុខ​ជាតិ​ជប៉ុន​៕​