តួ​ក​គីជំរុញ​ឲ្យ​រុស្ស៊ី និងអ៊ុយ​ក្រែ​ន ចុះហត្ថលេខា​លើ​ផែនការ​នាំចេញ​គ្រាប់​ធញ្ញជាតិទៅកាន់​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
123
រដ្ឋធានី​អង់កា​រ៉ា​៖ ការ​វា.យ​ប្រ.យុទ្ធ​គ្នា រវាង​កម្លាំង​ការពារ​ទឹកដី​របស់​ក្រុង​គៀវ និង រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អស់​រយៈពេល​ប្រហែល​៥​ខែ​កន្លងមកនេះ បានធ្វើ​ឲ្យ​មាន​អសន្ដិសុខ​ស្បៀងអាហារ ហើយ​ប្រជាជន ប្រហែល​១៨១​លាន​នាក់ រស់នៅក្នុង​ប្រទេស ចំនួន​៤១ កំពុងតែ​ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន ប៉ុន្ដែ​នៅពេលនេះ តួ​ក​គី និង អង្គការសហប្រជាជាតិ កំពុងតែ ជំរុញ​ឲ្យ​ក្រុង​មូ​ស្គូ និង ក្រុង​គៀវ ចុះហត្ថលេខា នៅ​ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ដើម្បី​បើក​ច្រក​ឲ្យ​មាន​ការនាំ​គ្រាប់​ធញ្ញជាតិ​ចេញពី​ប្រទេស​ដែល​ហែកហួរ ដោយសារ​សង្គ្រាម​នេះ​។​


​សារព័ត៌មាន Nikkei Asia បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែកក្កដា ថា ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdoğan) បាន​អះអាងថា អ៊ុយ​ក្រែ​ន រុស្ស៊ី និង តួ​ក​គី នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ដើម្បី​រំដោះ​នូវ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ពី​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​ឡោមព័ទ្ធ នៅ​ថ្ងៃ​សុក្រ​នេះ​។​

​សេចក្តីថ្លែងការណ៍​មួយ បាន​បញ្ជាក់ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉ែ​ស (Antonio Guterres) បានប្រកាសថា លោក​កំពុងធ្វើដំណើរ ទៅកាន់​ទីក្រុង​អ៊ី​ស្ដា​ន់​ប៊ូល (Istanbul) នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ រួមជាមួយ​លោក Erdogan នៅ​វិមាន​ដូ​ល​ម៉ា​បាស (Dolmabahce)​។​


​លោក អ៊ីប្រាហ៊ីម កា​លីន (Ibrahim Kalin) អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តួ​ក​គី លោក Erdogan បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​ថា «​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​សន្តិសុខ​ស្បៀង​របស់​ពិភពលោក នឹងត្រូវ​ចុះហត្ថលេខា នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី នៅ​ថ្ងៃស្អែក ក្រោម​ការឧបត្ថម្ភ​ពី​ប្រធានាធិបតី​តួ​ក​គី លោក Erdogan និង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Guterres រួមជាមួយ​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​»​។​

​រុស្សី និង អ៊ុយ​ក្រែ​ន ជា​ប្រទេស​ផ្គត់ផ្គង់​ស្រូវ​សាលី​ដ៏​ធំ នៅលើ​ពិភពលោក​។ ប៉ុន្ដែ​ការ​លុកលុយ​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​តម្លៃ​ស្បៀង​ឡើង​ខ្ពស់ ក្រោយ​ការបិទ​ខ្ទប់​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន មិនអាច​នាំចេញ​គ្រាប់​ធញ្ញជាតិ ទៅ​ផ្គត់ផ្គង់​ដល់​ពិភពលោក​បាន​។ ប៉ុន្ដែ​បើតាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ ធ្លាប់​លើកឡើង កាលពីដើម​ខែកក្កដា ថា ប្រជាជន ប្រហែល​១៨១​លាន​នាក់ នៅក្នុង​ប្រទេស ចំនួន​៤១ ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន ដោយសារ​វិបត្ដិ នៅ​អ៊ុយ​ក្រែ​ន​នេះ​។​


​លោក Guterres បាន និង កំពុងធ្វើការ​នៅលើ​ផែនការ​មួយ អាចជួយ​ដល់​រដ្ឋាភិបាល​ក្រុង​គៀវ នាំចេញ​គ្រាប់​ធញ្ញជាតិ រាប់លាន​តោន ស្ដុក​នៅក្នុង​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​ជាប់គាំង ដោយសារ​សង្គ្រាម​។ នេះ​ជា​វិធានការ​ថ្មី​មួយ អាច​បន្ធូរបន្ថយ​ដល់​វិបត្តិ​ស្បៀងអាហារ​របស់​ពិភពលោក​។ រហូតមកដល់​ពេលនេះ យ៉ាងហោចណាស់ គ្រាប់​ធញ្ញជាតិ ប្រ​ហែ​២២​លាន​តោន ត្រូវ​ជាប់គាំង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕​