ណា​តូ ផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ឲ្យ​អ៊ុយ​ក្រែ​ន បញ្ឈប់​ការវាយប្រហារ​ពី​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
119



​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍ (Brussels) ៖ ប្រមុខ​ការពារជាតិ នៃ​បណ្ដា​ប្រទេស​ទាំង​៣០ ជា​សមាជិក​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាង​ជាង​ជើង ហៅ​កាត់ ណា​តូ ឬ អូតង់ បានមក​ជួបប្រជុំ នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដើម្បី​ពិភាក្សាគ្នា ជុំវិញ​តម្រូវ​ការចាំបាច់ សម្រាប់​ការផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ការពារ​ខ្លួន បញ្ឈប់​ការវាយប្រហារ ពី​កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ បន្ដទៀត​។​

​សារព័ត៌មាន Radio Liberty បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១២ ខែតុលា ថា រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ មកពី​ប្រទេស​ចំនួន​៣០ ជា​សមាជិក​របស់​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក បាន​ជួបប្រជុំគ្នា រយៈពេល​២​ថ្ងៃ នៅក្នុង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដោយ​ផ្ដោត​ចំណុច​សំខាន់ ទៅលើ​ការផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​យ៉ាងច្រើន ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ទប់ទល់​នឹង​ការវាយប្រហារ ដោយ​មី​ស៊ី​ល មិន​រើសមុខ ពី​កម្លាំង​ទាហាន​រុស្ស៊ី នៅ​ទូទាំងប្រទេស ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម​មួយ​នេះ​។​

​នៅក្នុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា កន្លងមកនេះ រុស្ស៊ី បាន​បើក​ការវាយប្រហារ ដោយ​មី​ស៊ី​ល តាមផ្លូវ​អាកាស ផ្លូវគោក និង ផ្លូវទឹក ទៅលើ​ទីក្រុង​ជាច្រើន នៅ​ទូទាំង ប្រទេស​អ៊ុយ​ក្រែ​ន តាម​អ្វីដែល​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បានចាត់ទុក ជាការ​វាយប្រហារ​សង​សឹក ចំពោះ​ការ​បំផ្ទុះ​ស្ពាន​ឃើ​ច (Kerch) ឬ​ស្ពាន​គ្រី​មៀ (Crimea) កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ដោយបាន​បំផ្លាញ​ស្ពាន​តែមួយគត់ ត​ភ្ជាប់​ពី​ដីគោក​របស់​ប្រទេស​រុស្ស៊ី ទៅកាន់​ឧបទ្វីប​គ្រី​មៀ ដែល​ក្រុង​មូ​ស្គូ បាន​រឹបអូស​យក កាលពី​ឆ្នាំ​២០១៤​។​

​លោក ហ្ស​ង់​ស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​គ (Jens Stoltenberg) អគ្គលេខាធិការ អង្គការ​ណា​តូ (NATO) បាន​គូសបញ្ជាក់ អំពី​ការសម្រេចចិត្ត​សំខាន់ៗ ដែល​រដ្ឋមន្ត្រី​ការពារជាតិ​សម្ពន្ធមិត្ត នឹងធ្វើ នៅក្នុង​កិច្ចប្រជុំ​របស់​ពួកគេ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍ នៅថ្ងៃនេះ និង ថ្ងៃស្អែក (១២-១៣​តុលា ២០២២) ដោយបាន​ហៅ​កិច្ចប្រជុំ​នេះ ថា ជា «​ពេលវេលា​ដ៏​សំខាន់ សម្រាប់​សន្តិសុខ​របស់​យើង​»​។​

​លោក​ប្រមុខ​អង្គការ​ណា​តូ បានបញ្ជាក់ ថា កិច្ចប្រជុំ​ប្រមុខ​ការពារជាតិ​របស់​អង្គការ​សម្ពន្ធមិត្ត​យោធា​កំពូល នៅលើ​ពិភពលោក​នេះ ក៏មាន​ការចូលរួម ពី​លោក អូ​ឡែក​ស៊ី​យ រ៉េ​ស្នី​កូវ (Oleksiy Reznikov) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន ដោយ​ផ្ដោតលើ​អាទិភាព​កំពូល សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស​។​

​នៅមុន​កិច្ចប្រជុំ​របស់​ប្រមុខ​ការពារជាតិ​ណា​តូ នោះ ក៏មាន​តំណាង មកពី​ប្រទេស​ជាង​៥០ ដែល​គេ​ស្គាល់ ថា ជា​ក្រុម​ទំនាក់ទំនង​ការពារជាតិ​អ៊ុយ​ក្រែ​ន បាន​ប្រមូល​ផ្ដុំគ្នា នៅ​ខាងក្រៅ​កិច្ចប្រជុំ​របស់​អង្គការ​ណា​តូ នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍ ដោយមាន​គោលបំណង​ស្រដៀង​គ្នា​នេះដែរ​។ ការជួប​ជុំគ្នា​របស់​តំណាង​ប្រទេស​ទាំងនោះ បានកើត​ឡើង ក្រោយពេល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បានស្នើ​ដល់​មេដឹកនាំ G-7 កាលពី​ថ្ងៃទី​១១ ខែតុលា សម្រាប់​សមត្ថភាព​ការពារ​ដែនអាកាស ដើម្បី​រារាំង ពី​ការវាយប្រហារ​តាម​អាកាស ពី​កម្លាំង​ទាហាន​រុស្ស៊ី​។​

​លោក​ប្រធាន​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក រូបនេះ បាន​បន្ថែម ថា ក្រោយពេល ក្រុង​កៀវ ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប​បែបនេះ អាច​នឹង​បញ្ឈប់​រាល់​ការវាយប្រហារ ដោយ​គ្រាប់​រ៉ុក្កែត ឬ​មី​ស៊ី​ល ពី​រុស្ស៊ី មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន បន្ដ​ទៀតហើយ​។​

​លោក​ឧត្ដមសេនីយ៍ ម៉ាក មី​ល​ឡេ (Mark Milley) នាយអគ្គសេនាធិការ​ចម្រុះ កងទ័ព​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា អ៊ុយ​ក្រែ​ន ចង់បាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ខ្លាំង សម្រាប់​ការពារ ទប់ទល់​នឹង​ការវាយប្រហារ​តាម​អាកាស ពី​រុស្ស៊ី​។​

​លោកនាយ​អគ្គសេនាធិកា​រ​ចម្រុះ កងទ័ព​សហរដ្ឋអាមេរិក រូបនេះ បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ថា «​អ្វីដែល​អ៊ុយ​ក្រែ​ន​កំពុងតែ​ស្នើសុំ ហើយ​អ្វីដែល​យើង​កំពុងតែ​គិត ថា អាច​នឹង​ផ្តល់ឱ្យ​នោះ ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស រួមបញ្ចូល​ទាំង​មី​ស៊ី​ល​ផងដែរ​។ ដូច្នេះ​ប្រព័ន្ធ​ការពារ ដែល​ត្រូវបាន​ផុ្ដ​ល់​ឲ្យ​ទាំងនោះ នឹង​មិនអាច​គ្រប់គ្រង​ដែនអាកាស​ទាំងស្រុង នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន បាន​នោះឡើយ​។ ប៉ុន្តែ​ក្រុង​កៀវ អាច​រៀបចំឡើង ដើម្បី​គ្រប់គ្រង នៅលើ​គោលដៅ​អាទិភាព ដែល​អ៊ុយ​ក្រែ​ន ត្រូវការ​ការពារ ជា​ចាំបាច់​បំផុត​»៕​