ប្រធានាធិបតី​សហរដ្ឋអាមេរិក បញ្ជាក់​ពី​អាការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​របស់គាត់​

ព័ត៌មានអន្តរជាតិ
0
156
រដ្ឋធានី​វ៉ា​ស៊ី​តោន​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ថ្លែង ទៅកាន់​ប្រជាជាតិ​របស់គាត់ ក្រោយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ថា គាត់​មាន​សុខភាព​ល្អជា​ធម្មតា ហើយ​គាត់​ក៏​កំពុងតែបន្ដ​ធ្វើការ​ងារ​ជាធម្មតា ខណៈ​កំពុងតែ​ធ្វើ​ច​ត្ដា​ឡី​ស័ក និង ព្យាបាល នៅក្នុង​សេត​វិមាន​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែកក្កដា ថា វេជ្ជបណ្ឌិត​របស់លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បានទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​របស់​ក្រុមហ៊ុន Pfizer-BioNTech ចំនួន​២​ដូ​ស​ពេញលេញ និង ចាក់​ដូ​ស​ជំរុញ​ចំនួន​២​លើក​។ ប៉ុន្ដែ​គាត់​មាន​អាកា​រហៀរ​សំបោរ អស់កម្លាំង និង ក្អក​ស្ងួត កាលពី​យប់ ថ្ងៃ​ពុធ ហើយ​ឥឡូវ​កំពុងតែ​ព្យាបាល ដោយ​ថ្នាំ Paxlovid ។​


​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក វ័យ​៧៩​ឆ្នាំ បាន​បង្ហោះ​សារ​ជា​វីដេអូ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ត​ធើរ ថា «​ខ្ញុំ​មាន​សុខភាព​ល្អប្រសើរ​។ ខ្ញុំ​ដឹងថា ប្រជាពលរដ្ឋ​ទាំងអស់គ្នា ប្រាកដជា បានទទួល​បាន​ដំណឹង​នេះហើយ​ថា ខ្ញុំ​បាន​ឆ្លង​កូ​វីដ​-១៩​។ ប៉ុន្តែ​វា​មិនមាន​បញ្ហា​អ្វី​នោះទេ ហើយ​ខ្ញុំ​មាន​រោគសញ្ញា​ស្រាល​តែប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ ចំពោះ​ការព្រួយបារម្ភរ​បស់បង​ប្អូន​ទាំងអស់គ្នា​»​។


​គេហទំព័រ Worldometer បានចេញ​ផ្សាយ​ថា បើ​គិត​ត្រឹម ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​អ្នក​ឆ្លង និង​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក ដោយមាន​អ្នក​ឆ្លង​សរុប ជាង​៩១,៩៤​លាន​នាក់ ហើយ​ក្នុងនោះ​ស្លាប់​ជាង​១,០៥​លាន​នាក់ និង​ជាសះស្បើយ ជាង ៨៧,១០​លាន​នាក់​៕