ច​ន​សុន មិន​ឈរឈ្មោះ មានកា​រំពឹងទុក​ច្រើន​លើ​បុរស​ដើមកំណើត​ឥណ្ឌា អាច​នឹង​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ដ្រី​អង់គ្លេស​

ព័ត៌មានអន្តរជាតិ
0
104


​រាជធានី​ឡុង​ដ៍​៖ ក្រោយពេល​លោកស្រី លី​ស ត្រាស់ នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បានប្រកាស លាលែង​ពី​តំណែង​របស់​លោកស្រី ភ្លាម មានការ​លើកឡើង​ជាច្រើន ដោយ​រំពឹង​ទៅលើ​លោក បូរី​ស ច​ន​សុន នឹង​ឈរឈ្មោះ​ជាថ្មី ដើម្បី​កាន់កាប់​តំណែង​នេះ​ម្ដងទៀត ប៉ុន្ដែ​ឥឡូវ​គាត់ បានប្រកាស​មិន​ឈ្មោះ ធ្វើ​ឲ្យ​គេ​រំពឹងទុក ថា បុរស​អង់គ្លេស ដើមកំណើត​ឥណ្ឌា ដែលជា​គូប្រជែង​ជាមួយ​លោកស្រី លី​ស ត្រាស់ នឹង​ឈរ​ប្រជែង​តំណែង​កំពូល​មួយ​នេះ​ជាថ្មី​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​២៤ ខែតុលា ថា លោក បូរី​ស ច​ន​សុន (Boris Johnson) អតីត​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បានប្រកាស ថា គាត់​នឹងមិន​ឈរឈ្មោះ សម្រាប់​ការប្រកួតប្រជែង​តំណែង​ប្រធាន​បក្ស​អភិរក្សនិយម និង តំណែង​នាយករដ្ឋមន្ដ្រី នោះឡើយ​។ ប៉ុន្ដែ​គាត់ នឹង​ឈរឈ្មោះ សម្រាប់​ការ​ប្រជែង​យកជ័យ​ជម្នះ នៅក្នុង​ការបោះឆ្នោត​សកល នា​ឆ្នាំ​២០២៤​ខាង​។​

​លោក បូរី​ស ច​ន​សុន បាន​សរសេរ បញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គាត់ ដោយ​រៀបរាប់ អំពី​ហេតុផល​របស់គាត់ នៅ​ពីក្រោយ​ការសម្រេចចិត្ត​នេះ ថា «​នៅ​យប់​នេះ ខ្ញុំ​អាច​បញ្ជាក់ ថា ខ្ញុំ​បាន​ជម្រះ​ឧបសគ្គ​ជាច្រើន ចំពោះ​ការតែងតាំង ពី​សមាជិកសភា ចំនួន​១០២​នាក់ រួមទាំង អ្នកស្នើសុំ និង អ្នក​ទី​ពីរ ហើយ​ខ្ញុំ​អាចដាក់​ការតែងតាំង​របស់ខ្ញុំ នៅ​ថ្ងៃស្អែក​»​។​

​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​បន្ថែមថា «​មានឱកាស​ល្អ​ណាស់ ដែល​ខ្ញុំ​នឹង​ទទួលបាន​ជោគជ័យ នៅក្នុង​ការបោះឆ្នោត​ជាមួយ​សមាជិក​គណបក្ស​អភិរក្ស ហើយ​ថា ខ្ញុំ​ពិតជា​អាច​ត្រឡប់​មកកាន់ វិមាន Downing Street​។​

​លោក រី​ស៊ី ស៊ុន​ណាក់ (Rishi Sunak ជា​បុរស​សញ្ជាតិ​អង់គ្លេស បានកើត នៅ​សៅ​ហាមតុ​ន (Southampton) ចក្រភព​អង់គ្លេស មាន​ឪពុកម្តាយ ជា​ជនជាតិ​ឥណ្ឌា ដែល​បានធ្វើ​ចំណាកស្រុក ចេញពី​អាហ្វ្រិក​ខាងកើត ទៅកាន់​ចក្រភព​អង់គ្លេស នា​ក្នុងអំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៦០​។ គាត់​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ជាមួយនឹង​លោកស្រី លី ត្រាស់ ដើម្បី​កាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស ហើយ​ឥឡូវ​នឹង​ចូលខ្លួន មក​ប្រកួត​សាជាថ្មី​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែតុលា ថា លោក បូរី​ស ច​ន​សុន (Boris Johnson) អតីត​នាយករដ្ឋមន្ដ្រី និង លោក រី​ស៊ី ស៊ុន​ណាក់ (Rishi Sunak) អតីត​រដ្ឋ​មន្ដ្រ​ក្រសួង​ហិរញ្ញវត្ថុ​របស់​ចក្រភព​អង់គ្លេស បាន​ជួប​ពិភាក្សាគ្នា ខណៈ​ពួកគេ​ខិត​កាន់តែ​ជិត​ដល់​ថ្ងៃ​កំណត់ សម្រាប់​ការតែងតាំង នៅក្នុង​ការប្រកួតប្រជែង ដើម្បី​ជំនួស​តំណែង​នាយករដ្ឋមន្ត្រី​របស់លោក​ស្រី លី​ស ត្រាស (Liz Truss) ដែល​បានប្រកាស​លាលែង ពី​តំណែង កាលពី​សប្ដាហ៍​មុន ដោយសារតែ​វិបត្ដិនយោបាយ និង សេដ្ឋកិច្ច​។​

​ប្រភព​ចំនួន​២​ផ្សេងគ្នា បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍ BBC ថា មាន​កិច្ចប្រជុំ​មួយ បានកើត​ឡើង ប៉ុន្តែ​គេ​មិនបាន​បង្ហាញ អំពី​អ្វីដែល​ពួកគេ​បាន​ពិភាក្សាគ្នា​នោះឡើយ​។ លោក Rishi Sunak មាន​ឪពុកម្ដាយ​ជា​ជនជាតិ​ឥណ្ឌា នឹង​បន្ត​ឆ្ពោះទៅរក​ការប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ដ្រី​ជាថ្មី ដោយ​ប្រមូល​ការគាំទ្រ ពី​សមាជិកសភា ចំនួន​១២៨​នាក់ មកពី​គ្រប់​សមាជិក​បក្ស​របស់​គាត់ រួមទាំង អតីត​សម្ពន្ធមិត្ត​របស់លោក បូរី​ស ច​ន​សុន ផងដែរ​។​

​បុរស​អង់គ្លេស មាន​ដើមកំណើត​ឥណ្ឌា Rishi Sunak បាន​បញ្ជាក់ថា គាត់​នឹង​ឈរឈ្មោះ ជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ស្នង​តំណែង​ពី​លោកស្រី លី​ស ត្រាស់​។​

​លោក Rishi Sunak បាន​សរសេរ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter កាលពី​ថ្ងៃអាទិត្យ ថា «​ចក្រភព​អង់គ្លេស ជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​យើង​កំពុងតែ​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​។ នេះ​ជា​មូលហេតុ ដែល​ខ្ញុំ​នឹង​ឈរឈ្មោះ សម្រាប់​តំណែង​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម និង ជា​នាយករដ្ឋមន្ត្រី ស្នង​តំណែង​ពី​លោកស្រី លី​ស ត្រាស់​»​។​

​បុរស​អង់គ្លេស មាន​ឪពុកម្ដាយ​ជា​ជនជាតិ​ឥណ្ឌា រូបនេះ កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ បាន​ចូលរួម​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ដ្រី ជាមួយនឹង​លោកស្រី លី​ស ត្រាស់ ដើម្បី​ស្នង​តំណែង បន្ដ​ដឹកនាំ​ចក្រភព​អង់គ្លេស ពី​លោក បូរី​ស ច​ន​សុន ដែល​បានប្រកាស​លាលែង​ពី​តំណែង​។ ប៉ុន្ដែ​ការប្រកួត​ដល់​ដំណាក់កាល​ចុងក្រោយ គាត់​បាន​ចាញ់​លោកស្រី លី​ស ត្រាស់​។​

​ដោយឡែក លោកស្រី លី​ស ត្រាស់ គ្រាន់តែ​បានទទួល​ជ័យជម្នះ នៅក្នុង​ការកាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី​របស់​ច​ក្រ​ភព​អង់គ្លេស ភ្លាម ក៏បាន​ធ្វើ​កំណែ​ង​ទម្រង់​យ៉ាងខ្លាំង​ក្លា​បំផុត ដោយបាន​កាត់​បន្ថយពន្ធ​។ ប៉ុន្ដែ​គោលនយោបាយ​របស់លោក​ស្រី បាន​នាំ​ឲ្យ​មាន​ភាពវឹកវរ ទាំង​នយោបាយ និង សេដ្ឋកិច្ច នៅក្នុង​ប្រទេស​មហាអំណាច​បស្ចិម​លោក​មួយ​នេះ ទើប​លោកស្រី បានប្រកាស​លាលែង​ពី​តំណែង ក្រោយពេល​ក្លាយជា​នាយករដ្ឋមន្ដ្រី បានត្រឹមតែ​រយៈពេល​៤៥​ថ្ងៃ​ប៉ុណ្ណោះ​៕​