ហ្សេ​ឡែ​ន​ស្គី ប្រាប់​ប្រធានាធិបតី​អាមេរិក អំពី​សញ្ញា​ចុះខ្សោយ​នៃ​របប​គ្រប់គ្រង​របស់​ពូ​ទីន​

ព័ត៌មានអន្តរជាតិ
0
1


​រដ្ឋធានី​កៀវ​៖ ការបះបោរ​ដោយ​ប្រដាប់អាវុធ ពី​កម្លាំង​ទាហាន​ស៊ីឈ្នួល​វ៉ា​គ​ណឺ​រ នៅក្នុង​ប្រទេស​រុស្ស៊ី បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង ជាពិសេស បណ្ដា​ប្រទេស​មហាអំណាច​លោកខាងលិច ហើយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន ក៏បាន​ប្រាប់ អំពី​ការបង្ហាញ​សញ្ញា​មិនល្អ នៃ​របប​គ្រប់គ្រង នៅ​រុស្ស៊ី ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ (Volodymyr Zelenskyy) និង សម​ភាគី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) បាន​ពិភាក្សាគ្នា តាម​ទូរស័ព្ទ អំពី​ស្ថានការណ៍​វឹកវរ​ចុងក្រោយ​បំផុត នៅក្នុង​ប្រទេស​រុស្ស៊ី​។ ការបះបោរ​របស់​កម្លាំង​ទាហាន​ស៊ីឈ្នួល​វ៉ា​គ​ណឺ​រ (Wagner) កំពុងតែ​បង្ហាញ​សញ្ញា​មិនល្អ ក្រោម​ការគ្រប់គ្រង​អំណាច​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​។​

​ក្រុមមន្ដ្រី​រដ្ឋាភិបាល​ក្រុង​កៀវ បាន​អះអាង ថា លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី និង លោក​ប្រធានាធិបតី បៃ​ដិ​ន បានចេញ​រំលែក អំពី​ការវាយតម្លៃ​របស់​ពួកគាត់ នៅក្នុង​ការវិវឌ្ឍ​ស្ថានការណ៍​ចុងក្រោយ​បំផុត កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ប្រទេស​រុស្ស៊ី​។ ជាមួយគ្នានេះ បណ្ដា​មេដឹកនាំ​មេដឹកនាំ​ប្រទេស​មហាអំណាច​លោកខាងលិច និង សម្ពន្ធមិត្ត បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង ធ្វើការ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត នៅក្នុង​ការធ្វើ​អត្ថាធិប្បាយ​ណាមួយ ពាក់ព័ន្ធ​នឹង​បញ្ហា​វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ នៅ​រុស្ស៊ី នាពេល​ថ្មីៗ​នេះ​។​

​លោក​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បានបញ្ជាក់ ថា «​ព្រឹ​តិ្ដ​ការណ៍​ចុងក្រោយ កាលពី​ចុង​ប្ដា​ហ៍​កន្លងទៅ​ថ្មីៗ​នេះ បានបង្ហាញ អំពី​សញ្ញា​មិនល្អ ក្រោម​របប​គ្រប់គ្រង​របស់ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​។ បញ្ហា​នេះ ពិភពលោក ត្រូវតែ​បង្កើន​នូវ​ការដាក់​សម្ពាធ ប្រឆាំងនឹង​រុស្ស៊ី រហូត​ល្គឹកណា សណ្ដាប់ធ្នាប់​របស់​ពិភពលោក ត្រូវបាន​ស្ដារ​ឲ្យ​ល្អ​ឡើងវិញ​»​។​

​បន្ថែម​ពីលើ​នេះ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង អ៊ុយ​ក្រែ​ន បាន​ពិភាក្សាគ្នា លើ​ការពង្រីក​កិច្ចសហប្រតិបត្ដិការ នៅក្នុង​វិស័យ​ការពារជាតិ​បន្ថែមទៀត ជាពិសេស បង្កើន​ជំនួយ​គ្រឿង​សព្វាវុធ​បាញ់​ចម្ងាយ នៅលើ​សមរភូមិ​របស់​អ៊ុយ​ក្រែ​ន​។​

​ដោយឡែក សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា មេដឹកនាំ​ទាំង​២ បាន​ពិភាក្សាគ្នា អំពី​ព្រឹ​ត្ដិ​ការណ៍​ថ្មីៗ នៅក្នុង​ប្រទេស​រុស្ស៊ី​។ ប៉ុន្ដែ​មន្ដ្រី​សហរដ្ឋអាមេរិក មិន​ផ្ដល់ព័ត៌មាន​លម្អិត​ណា​នោះឡើយ​។

​បើទោះជា​យ៉ាងណា សេត​វិមាន គ្រាន់តែ​បានបញ្ជាក់ ថា មេដឹកនាំ​ទាំង​២ បាន​ពិភាក្សាគ្នា អំពី​សកម្មភាព​វាយបក​របស់​អ៊ុយ​ក្រែ​ន ដែល​កំពុងតែបន្ដ​។ បន្ថែម​ពីលើ​នេះ សហរដ្ឋអាមេរិក បាន​អះអាង​ជាថ្មី អ​ពី​កិច្ច​គាំទ្រ​របស់​ក្រុង​វ៉ាស៊ីនតោន ជួយ​ដល់​ក្រុង​កៀវ ដោយ​រាប់បញ្ចូល​ទាំង​ការបន្ដ​ផ្ដល់ជំនួយ​សន្ដិសុខ សេដ្ឋកិច្ច និង មនុស្សធម៌​។​

​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ស្ថាបនិក​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​វ៉ា​គ​ណឺ​រ (Wagner) បាន​បង្កឱ្យមាន​វិបត្តិ​នយោបាយ នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​រុស្ស៊ី តាមរយៈ​ការបះបោរ​ប្រដាប់អាវុធ នៃ​កម្លាំង​ទាហាន​របស់គាត់​។ ថៅកែ​ទាហាន​ឯកជន​រូបនេះ កាលពី​ថ្ងៃ​សុក្រ ទី​២៣ ខែមិថុនា ឆ្នាំ​២០២៣ បាន​ប្ដេជ្ញា​ផ្តួលរំលំ​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី លោក ស៊ើ​រ​ហ្គេ សយ​ហ្គូ (Sergei Shoigu) និង លោក​ឧត្ដមសេនីយ៍ វ៉ា​ឡេ​រី ជេ​រ៉ាស៊ី​ម៉ូ​វ (Valery Gerasimov) នាយអគ្គសេនាធិការ​ក​ង​ទ័ព​រុស្ស៊ី ចេញពី​តំណែង​។ ក្រៅពីនេះ កម្លាំង​ទាហាន​ឯកជន​វ៉ា​គ​ណឺ​រ (Wagner) ក៏បាន​អះអាង អំពី​ការទម្លាក់​ឧទ្ធម្ភាគចក្រ និង យន្តហោះ​យោធា​របស់​រុស្ស៊ី ជាច្រើន​គ្រឿង​ផងដែរ​។​


​លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន ថៅកែ​ទាហាន​ឯកជន​វ៉ា​គ​ណឺ​រ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ បាន​ណែនាំ​ដល់​កម្លាំង​ទាហាន​ស៊ីឈ្នួល​របស់គាត់ ឱ្យ​ដណ្តើម​កាន់កាប់​ទីបញ្ជាកា​រ​យោធា​ដ៏​ធំ​របស់​រុស្ស៊ី នៅ​តំបន់​រូ​ស្ដូ​-​អន​-​ដូន (Rostov-on-Don) សម្រាប់​ប្រតិបត្តិការ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក្រោយមក​មក ចាប់ផ្តើម​ការហែក្បួន​ទ័ព ឆ្ពោះទៅកាន់​ទីក្រុង​មូ​ស្គូ​។ ប៉ុន្ដែ​បន្ទាប់មក គាត់​បាន​បញ្ជា​ឱ្យ​ទាហាន​របស់គាត់ ផ្លាស់ប្តូរ​ទិសដៅ​បក​ក្បាល​ត្រឡប់ វិល​ចូល​បន្ទាយ​វិញ​។ សកម្មភាព​នឹកស្មាន​មិន​ដល់​នេះ បានកើត​ឡើង ក្រោយពេល​មាន​កិច្ចព្រមព្រៀង​មួយ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​សៅរ៍ ក្រោម​ការសម្របសម្រួល​ពី​ប្រធានាធិបតី​បេឡា​រុស លោក អា​ឡិច​សាន​ដឺរ លូ​កា​សែន​កូ (Alexander Lukashenko)​។ ការបះបោរ​នេះ បានធ្វើឱ្យ​មនុស្ស​ជាច្រើន នៅ​ទូទាំងប្រទេស​រុស្ស៊ី និង ពិភពលោក មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ប៉ុន្ដែ​សកម្មភាព​របស់​ទាហាន​ឯកជន​វ៉ា​គ​ណឺ​រ បានបញ្ចប់​ទៅវិញ ដោយ​គ្មាន​ការ​បង្ហូរឈាម​ដាក់គ្នា ហើយ​លោក ព្រី​ហ្គោ​ហ្ស៊ី​ន ត្រូវ​និរទេស​ទៅកាន់​ប្រទេស​បេឡា​រុស​៕​