ក្រុម​មេធាវី​អន្ដរជាតិ ប្ដឹង​ឲ្យ​ចា.ប់ខ្លួន​ប្រធានាធិបតី​ស្រីលង្កា​រត់ចោល​ប្រទេស មក​ផ្ដ.ន្ទាទោ.ស​

ព័ត៌មានអន្តរជាតិ
0
164
​រដ្ឋធានី​កូឡុមបូ​(Colombo)៖ រហូតមកដល់​ពេលនេះ ក្រុម​មេធាវី​អន្ដរជាតិ កំពុងតែ​ដាក់ពាក្យ​បណ្ដឹង ទាមទារ​ឲ្យ​នាំខ្លួន​លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា ដែល​រត់ចោលស្រុក នាំមក​កាត់ទោស​តាមច្បាប់​អន្ដរជាតិ ជុំវិញ​ការ​ប្រ​ព្រឹ​ត្ដ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺ​ណែវ នៅក្នុង​អំឡុង​សង្គ្រាមស៊ីវិល ក្រោម​តួនាទី​របស់គាត់​។​

​សារព័ត៌មាន News Wire បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទិ​២៤ ខែកក្កដា ថា ក្រុម​មេធាវី មកពី​អង្គការ​គម្រោង​ការពិត និង​យុត្ដិធម៌​អន្ដរជាតិ ហៅ​កាត់ ITJP ដែលមាន​មូលដ្ឋាន នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង បានដាក់​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ ទៅកាន់​អគ្គ​រដ្ឋអាជ្ញា​សិង្ហ​បុរី​។ នៅក្នុង​ពាក្យបណ្ដឹង​នោះ ក្រុម​មេធាវី បានស្នើ​សុំ​ឲ្យ​មានការ​ចាប់ខ្លួន​ជាបន្ទាន់ ប្រឆាំងនឹង​អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ នៅក្នុង​ប្រទេស​ដែន​កោះ នៃ​អាស៊ី​ខាងត្បូង​មួយ​នេះ​។​


​អង្គការ​គម្រោង​ការពិត និង យុត្តិធម៌​អន្តរជាតិ ហៅ​កាត់ ITJP បានបញ្ជាក់ នៅក្នុង​ពាក្យបណ្តឹង មាន​កម្រាស់​៦៣​ទំព័រ ដែល​បានដាក់ កាលពី​ថ្ងៃ​សៅរ៍ ថា លោក Gotabaya Rajapaksa អតីត​ប្រធានាធិបតី​ស្រីលង្កា បាន​ប្រព្រឹត្ត បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺ​ណែវ នៅក្នុង​អំឡុងពេល​ចុងក្រោយ នៃ​សង្គ្រាមស៊ីវិល អស់​រយៈពេល​២៤​ឆ្នាំ ខណៈ​គាត់​បាន​កាន់តំណែង ជា​មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ នៃ​ប្រទេស​លើ​ដែន​កោះ​មួយ​នេះ​។​

​ស្រីលង្កា បានបញ្ចប់​សង្គ្រាមស៊ីវិល រវាង ក្រុម​បំបែក​ខ្លួន មកពី​ជនជាតិភាគតិច ទមិឡ និង កម្លាំង​រដ្ឋាភិបាល នៅក្នុង​អំឡុង ឆ្នាំ​២០០៩​។ ប៉ុន្ដែ​ក្រុម​សិទ្ធិមនុស្ស បាន​ចោទប្រកាន់​ភាគី​ជម្លោះ​ទាំង​២ អំពី​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺ​ណែវ នៅក្នុង​អំឡុង​សង្គ្រាម​នេះ​។​



​អង្គការ ITJP មាន​មូលដ្ឋាន នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​លើកឡើងថា ដោយ​ផ្អែកលើ​យុត្តាធិការ​សកល ការរំលោភបំពាន​ដែល​ត្រូវបាន​ចោទប្រកាន់ ត្រូវ​ទទួលរង​ការកាត់ទោស នៅក្នុង​ប្រទេស​សិង្ហ​បុរី ខណៈ​អតីត​មេដឹកនាំ​វ័យ​៧៣​ឆ្នាំ​រូបនេះ បាន​ភៀសខ្លួន ក្រោយ​ការកើត​ចលាចល អស់​រយៈពេល​ជាច្រើន​ខែ ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត នៅក្នុង​ប្រទេស​ស្រីលង្កា ចាប់តាំងពី​ប្រទេស​ដែន​កោះ នៃ​អាស៊ី​ខាងត្បូង​មួយ​នេះ បានទទួល​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស នៅក្នុង​ឆ្នាំ​១៩៤៨​។​

​លោក Gotabaya Rajapaksa ប្រធានាធិបតី​ស្រីលង្កា បានប្រកាស​លាលែង​ពី​តំណែង​របស់គាត់ ចេញពី​ប្រទេស​សិង្ហ​បុរី ពោលគឺ​១​ថ្ងៃ ក្រោយពេល​គាត់​បាន​រត់​ភៀសខ្លួន ទៅកាន់​ប្រទេស​ម៉ា​ឌី​វ នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ខណៈ​ការផ្ទុះ​មហា​បាតុកម្ម ប្រឆាំងនឹង​រដ្ឋាភិបាល​របស់គាត់ ហើយ​អ្នកស្រុក​បាន​ទៅ​ឡោមព័ទ្ធ​គេហដ្ឋាន​របស់គាត់ និង លំនៅឋាន​របស់​នាយក​រដ្ឋមន្ដ្រី​។​


​លោកស្រី យ៉ា​ស្មី​ន ស៊ូ​កា (Yasmin Sooka) នាយក​ប្រតិ​ប​ត្ដិ ITJP បាន​អះអាងថា «​យើង​ជឿ ថា គាត់​មាន​ករណី​ត្រូវ​ឆ្លើយ​។ ពាក្យបណ្តឹង​ផ្លូវច្បាប់ បាន​លើក​ហេតុផល ថា លោក Gotabaya Rajapaksa បាន​ប្រព្រឹត្ត​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺ​ណែវ និង ការរំលោភ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ហើយ​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ នៅក្នុង​អំឡុង​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស្រីលង្កា ដោយ​រួមទាំង អំពើ​ឃាតកម្ម ការប្រហារជីវិត ការធ្វើ​ទារុណកម្ម អំពើ​អមនុស្សធម៌ ការចាប់រំលោភ និង ទម្រង់​ផ្សេងៗ​ទៀត នៃ​អំពើហិង្សា​ផ្លូវភេទ ការដកហូត​សិទ្ធិសេរីភាព ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​រាងកាយ ផ្លូវចិត្ត និង ការអត់ឃ្លាន​»៕​