រុស្ស៊ី នឹងធ្វើ​ឲ្យ​បណ្ដា​ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប លំបាក​ជាថ្មី​

ព័ត៌មានអន្តរជាតិ
0
188
រដ្ឋធានី​គៀវ​៖ រហូតមកដល់​ពេលនេះ រុស្ស៊ី បាន​បង្ក​ការលំបាក់​ជាថ្មី​បន្ថែមទៀត ដល់​សហភាព​អឺរ៉ុប ក្រោយពេល​ក្រុមហ៊ុន​ថាមពល​យក្ស គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Gazprom កាលពី​ថ្ងៃ​ចន្ទ បានសម្រេច​កាត់បន្ថយ​នូវ​ការផ្គត់ផ្គង់​ឧស្ម័ន​យ៉ាងគំហុក ទៅដល់​ប្លុក​សេរី​មួយ​នេះ តាមរយៈ​បំពង់​បង្ហូរ​ដ៏​សំខាន់​របស់ខ្លួន ដោយសារ​លើក​ហេតុផល ពាក់ព័ន្ធ​នឹង​កិច្ចការងារ​ថែទាំ​។​

​សារព័ត៌មាន CNBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែកក្កដា ថា ក្រុមហ៊ុន Gazprom បាន​បញ្ជាក់ថា ការបញ្ឈប់​ទួ​រ​ប៊ី​ន​មួយទៀត នៅ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 នឹង​កាត់បន្ថយ​នូវ​ការផលិត​ឧស្ម័ន​ប្រចាំថ្ងៃ កើន​ដល់​២០​ភាគរយ ដោយ​កាត់បន្ថយ​នូវ​កម្រិត​ផ្គត់ផ្គង់ បច្ចុប្បន្ន រហូតដល់​ពាក់កណ្តាល​។​



​ដោយឡែក អាល្លឺម៉ង់ បាន​បញ្ជាក់ថា ក្រុង​ប៊ែ​រ​ឡាំង បាន​មើលឃើញ​យ៉ាងច្បាស់​ថា ការកាត់បន្ថយ​នូវ​ការផ្គត់ផ្គង់​ឧស្ម័ន​ចុងក្រោយ​របស់​រុស្ស៊ី មិនមែន​ជាហេតុ​ផលប​ច្ចេកទេស​នោះឡើយ ប៉ុន្ដែ​វា​ជា​ហេតុផល​នយោបាយ​តែប៉ុណ្ណោះ​។ សកម្មភាព​របស់​ក្រុមហ៊ុន Gazprom ទំនងជា​ធ្វើឱ្យមាន​ការលំបាក​បន្ថែ​ម​ទៀត សម្រាប់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប នៅក្នុង​ការបំពេញ​ឃ្លាំង​ឧស្ម័ន​របស់​ពួកគេ​ឡើងវិញ នៅមុន​រដូវរងា​។​

​ការសម្រេចចិត្ត​របស់​រុស្ស៊ី បានកើត​ឡើង ដោយសារ​កប៉ាល់​ជាច្រើន​គ្រឿង ជា​លើកដំបូង បាន​នាំ​គ្រាប់​ធញ្ញជាតិ ចេញពី​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន នៅ​សមុទ្រ​ខ្មៅ ក្រោម​កិច្ច​ព្រម​ព្រម កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុននេះ ដែល​អាច​នឹង​ដំណើរ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ដោយ​នាំមក​នូវ​ក្តីសង្ឃឹម ដល់​បណ្តា​ប្រទេស​ជាច្រើន ពឹង​ផ្អែកលើ​ការផ្គត់ផ្គង់​ស្បៀងអាហារ ពី​ប្រទេស​អ៊ុយ​ក្រែ​ន​។ ចំណែក​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន នឹង​ជួយ​កាត់បន្ថយ​នូវ​គ្រោះ​អត់ឃ្លាន និង សន្ដិសុខ​ស្បៀងអាហារ​ពិភពលោក​។​


​ទោះជា​យ៉ាងណា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​ការចុះ​កិច្ចព្រមព្រៀង ដែលជា​ផែនការ​គាំទ្រ ដោយ​អង្គការសហប្រជាជាតិ រវាង​ក្រុង​មូ​ស្គូ និង ក្រុង​គៀវ ក្រោម​ការសម្របសម្រួល ពី​ប្រទេស​តួ​ក​គី បាន​នាំ​ឲ្យ​កើត​ការមិនទុកចិត្ត និង បង្ក​នូវ​គ្រោះថ្នាក់ នាពេលខាងមុខ​។ ជម្លោះ រវាង​ប្រទេសជិតខាង​ទាំង​២ រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន និង កំពុងតែ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្លា ជាង​សមរភូមិរ​នេះ​ទៅទៀត​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី បាន​ព្រមាន​ដល់​បណ្ដា​ប្រទេស​លោកខាងលិច កាលពីដើម​ខែកក្កដា ថា កញ្ចប់​ទណ្ឌកម្ម​ជាច្រើន ប្រឆាំងនឹង​ប្រទេស​របស់គាត់ ជុំវិញ​សកម្មភាព​យោធា​របស់​ក្រុង​មូ​ស្គូ នៅ​អ៊ុយ​ក្រែ​ន បាន​បង្ក​ឲ្យ​មាន​ហានិភ័យ អំពី​ការកើនឡើង​តម្លៃ​ថាមពល សម្រាប់​អ្នកប្រើប្រាស់ នៅ​ជុំវិញ​ពិភពលោក​។​

​ក្រុមហ៊ុន​ថាមពល​យក្ស គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Gazprom កាលពី​ថ្ងៃ​ចន្ទ បាន​អះអាងថា ក្រុមហ៊ុន​មួយ​នេះ កំពុងតែ​ធ្វើ​សកម្មភាព តាម​ការណែនាំ​របស់​អ្នកឃ្លាំមើល​ឧស្សាហកម្ម ថា ការបង្ហូរ​ឧស្ម័ន តាម​បំពង់​បង្ហូរ Nord Stream 1 នឹង​ធ្លាក់ចុះ រហូតដល់​៣៣​លាន​ម៉ែត្រគុប ក្នុង​មួយថ្ងៃ ចាប់ពី​ថ្ងៃ​ពុធ ទី​២៧ ខែកក្កដា​។ បរិមាណ​នេះ ស្មើនឹង​ពាក់កណ្ដាល នៃ​លំហូរ​ឧស្ម័ន​បច្ចុប្បន្ន ដែលមាន​ត្រឹមតែ​៤០​ភាគរយ នៃ​សមត្ថភាព​ធម្មតា​ប៉ុណ្ណោះ​។ មុន​សង្គ្រាម តំបន់​អឺរ៉ុប​បាន​នាំចូល​ឧស្ម័ន ប្រហែល​៤០​ភាគរយ និង ប្រេង ប្រហែល ៣០​ភាគរយ​ពី​ប្រទេស​រុស្ស៊ី​។​



​វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជាក់ថា ការកាត់បន្ថយ​នូវ​ការផ្គត់ផ្គង់​ឧស្ម័ន គឺជា​លទ្ធផល នៃ​បញ្ហា​បច្ចេកទេស និង ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​បស្ចិម​លោក ប្រឆាំងនឹង​ក្រុង​មូ​ស្គូ ខណៈ​សហភាព​អឺរ៉ុប បាន​ចោទប្រកាន់​រុស្ស៊ី ពីបទ​ប្រើការ​គំរាមកំហែង លើ​ថាមពល​។​

​អ្នកនយោបាយ​នៅ​អឺរ៉ុប បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា រុស្ស៊ី​អាច​កាត់ផ្តាច់​ឧស្ម័ន នៅ​រដូវរងា ហើយ​នេះ ជា​ជំហាន​ថ្មី​មួយ នឹង​រុញ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច ហើយ​នាំឱ្យ​តម្លៃ​ឧស្ម័ន​កើនឡើង សម្រាប់​អ្នកប្រើប្រាស់ ដោយ​ប្រឈមមុខ​នឹង​ការចំណាយ​លើ​ថាមពល កើនឡើង​ខ្ពស់​។ ប៉ុន្ដែ​វិមាន​ក្រឹម​ឡាំង បាន​អះអាងថា ក្រុង​មូ​ស្គូ​មិន​ចាប់អារម្មណ៍ ចំពោះ​ការបញ្ឈប់​នូវ​ការផ្គត់ផ្គង់​ឧស្ម័ន​ទាំងស្រុង ទៅកាន់​អឺរ៉ុប​នោះឡើយ​។​

​ឥទ្ធិពល នៃ​សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ធ្វើ​ឲ្យ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ហើយ​បង្កើត​ឲ្យ​មាន​កង្វះខាត​ស្រូវ​សាលី ជាស​កល​។ គ្រោះ​អត់ឃ្លាន​នេះ បាន និង កំពុងតែ​គំរាមកំហែង​យ៉ាងខ្លាំង ដល់​មនុស្ស​រាប់លាន​នាក់ នៅក្នុង​ប្រទេស​ក្រីក្រ​ជាច្រើន ជាពិសេស នៅ​ទ្វីបអាហ្វ្រិក និង មជ្ឈិមបូព៌ា​៕​