រុស្ស៊ី បាត់បង់​ទាហាន​នៅលើ​សមរភូមិ កើន​ដល់​ជិត​៩២ ០០០​នាក់​

ព័ត៌មានអន្តរជាតិ
0
137


​រដ្ឋធានី​កៀវ​៖ កងទ័ព​អ៊ុយ​ក្រែ​ន បាន​អះអាងថា ការ​វាយ​ប្រយុទ្ធ​គ្នា នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ ទាហាន​រុស្ស៊ី បាន​បាត់​បង់ជីវិត ចំនួន​៥៤០​នាក់ ហើយ​ជាមួយនឹង​តួលេខ​ថ្មី​នេះ បានធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ បាត់បង់​ទាហាន កើនឡើង ជិត​ដល់​៩២ ០០០​នាក់​។​

​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៥ ខែធ្នូ ថា អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​បង្ហោះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា រុស្ស៊ី បាន​បាត់បង់​កងទ័ព កើនឡើង រហូតដល់ ៩១ ៦៩០​នាក់ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២​។ រីឯ​ទាហាន​រុស្ស៊ី បាន​រងគ្រោះថ្នាក់​ខ្លាំង នៅលើ​សមរភូមិ​លី​ម៉ាន់ (Lyman) និង បា​ខ្មូត (Bakhmut)​។​

​ប្រភពព័ត៌មាន​ដដែល បាន​បន្ដ ថា ក្រៅពី​ការបាត់បង់​កម្លាំង​ទាហាន​ប្រយុទ្ធ​នោះ រុស្ស៊ី ក៏បាន​រង​ការខូចខាត​គ្រឿងយុទ្ធោបករណ៍ មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​កងទ័ព​អ៊ុយ​ក្រែ​ន បាញ់​កម្ទេច រួមមាន យន្ដហោះ​ចម្បាំង ចំនួន​២៨១​គ្រឿង​, ឧទ្ធម្ភាគចក្រ ចំនួន ២៦៤​គ្រឿង​, នាវាចម្បាំង​តូចធំ ចំនួន​១៦​គ្រឿង​, រថក្រោះ ចំនួន​២ ៩២៤​គ្រឿង​, រថពាសដែក ចំនួន ៥ ៩០០​គ្រឿង​, ប្រព័ន្ធ​កាំភ្លើង​ផ្លោង ចំនួន ១ ៩១៤​គ្រឿង​, ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ ចំនួន ៣៩៥​គ្រឿង​, ប្រព័ន្ធ​ប្រឆាំងនឹង​យន្ដហោះ​ចម្បាំង ចំនួន​២១១​គ្រឿង​, ដ្រូ​ន ចំនួន​១ ៥៨២​គ្រឿង​, រថយន្ដយោធា និង រថយន្ដ​ដឹក​ប្រេងឥន្ធនៈ ចំនួន ៤ ៤៩៧​គ្រឿង ព្រមទាំង​គ្រឿង​សឹក​ជាច្រើន​ទៀត​…​។​

​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់មាន​របាយការណ៍​ជាក់លាក់​ណាមួយ បញ្ជាក់​អំពី​តួលេខ​ពិតប្រាកដ ពី​ប្រភព​ឯករាជ្យ​ណាមួយ​នៅឡើយ​។ តួលេខ​ខាងលើនេះ គ្រាន់តែ​បានចេញ​ផ្សាយ ដោយ​ភាគី​អ៊ុយ​ក្រែ​ន តែប៉ុណ្ណោះ​។

​ដោយឡែក ភាគី​រុស្ស៊ី វិញ មិនបាន​បញ្ជាក់​នោះទេ ជុំវិញ​ការបាត់បង់​ទាហាន​របស់ខ្លួន នៅលើ​សមរភូមិ ក្រោម​ហេតុផល ជា​ការងារ​សម្ងាត់​រប​ស់​ជាតិ​។ លើសពីនេះ ក្រុង​មូ​ស្គូ ថែមទាំង​បាន​ហាមឃាត់​ដល់​ប្រជាជន​របស់ខ្លួន និយាយ​ជា​សាធារណៈ ជុំវិញ​សកម្មភាព​ពាក់ព័ន្ធ​នឹង​កងទ័ព រួមទាំង ការ​កេណ្ឌ​ទ័ព សីលធម៌​របស់​កងទ័ព ស្ថានភាព​កងទ័ព …​ជាដើម សូម្បីតែ​សមាជិក​របស់​កងទ័ព​ណា​ម្នាក់​ប្រ​ព្រឹ​ត្ដ​ខុស ក៏​មិន​អនុញ្ញាត​ឲ្យ​និយាយ​នោះដែរ ដោយ​រុស្ស៊ី ចាត់ទុកជា​កិច្ចការ​សម្ងាត់​របស់​ជាតិ​។​

​ដោយឡែក លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បាន​អះអាង កាលពី​ខែ​មុន ថា ទាហាន​រុស្ស៊ី ប្រហែល​១០​ម៉ឺន​នាក់ បាន​ស្លាប់ និង រងរបួស នៅលើ​សមរភូមិ​របស់​អ៊ុយ​ក្រែ​ន​។ ចំណែក​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ក៏បាន​រងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នា​នេះដែរ​។​

​លោក មី​ខៃ​ឡូ ប៉ូ​ដូ​ល​យ៉ាក់ (Mykhailo Podolyak) ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បានបង្ហាញ អំពី​ការធ្វើ​បច្ចុប្បន្នភាព នៃ​ចំនួន​កងទ័ព​រប​ស់​ក្រុង​កៀវ បាត់បង់​ជីវិត​ជា​លើក​ទី​១ ចាប់តាំងពី​ចុងខែ​សីហា ខណៈនោះ មេទ័ព​កំពូល​អ៊ុយ​ក្រែ​ន បាន​អះអាង ថា កងទ័ព​របស់ខ្លួន ជិត​៩ ០០០​នាក់ បាន​បាត់​បង់ជីវិត​។​

​លោក​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន រូបនេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែធ្នូ បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍​របស់​អ៊ុយ​ក្រែ​ន Channel 24 ថា «​យើង​មាន​តួលេខ​ជា​ផ្លូវការ ពី​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន និង តួលេខ​ពី​មេទ័ព​កំពូល អំពី​ចំនួន​កម្លាំង​ការពារ​ទឹកដី ចន្លោះ​ពី ១២ ៥០០០ ទៅ​១៣ ០០០ បាន​បាត់​បង់ជីវិត ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​របស់​រុស្ស៊ី រហូតមកដល់​ពេលនេះ​។ យើង​និយាយ​ជា​ចំហ អំពី​ចំនួន​កងទ័ព​របស់​យើង​បាន​ស្លាប់ ប៉ុន្ដែ​ចំនួន​កងទ័ព​រងរបួស ពិតជា​ច្រើន ជាង​កងទ័ព​ដែល​បាន​ស្លាប់​»​។​

​លោក Podolyak បាន​បន្ថែម ថា លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី នឹង​ប្រកាស​តួលេខ​ផ្លូវការ​ជា​សាធារណៈ ខណៈ​ពេលវេលា​ត្រឹមត្រូវ​ណាមួយ​ចូលមក​ដល់​។​

​កងទ័ព​អ៊ុយ​ក្រែ​ន បាន​វាយបក​យ៉ាងខ្លាំង ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី វិញ ចាប់តាំងពី​ដើមខែ​កញ្ញា រហូត​រំដោះ​បាន​ទឹកដី​របស់​ពួកគេ ជា​បន្តបន្ទាប់ នៅ​តំបន់​ភាគ​ឦសាន និង ភាគខាងត្បូង​ប្រទេស រួមទាំង ទីក្រុង​ខឺ​រ​សុន (Kherson) ដែលជា​ទីក្រុង​យុទ្ធសាស្ដ្រ​ដ៏​សំខាន់ បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី ក្រោយ​ការចាប់ផ្ដើម​សង្គ្រាម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​។​

​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ (OHCHR) បានធ្វើ​កំណត់ត្រា អំពី​ជន​ស៊ីវិល​រងគ្រោះថ្នាក់ នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន មាន ចំនួន ១៧ ១៨១​នាក់ ដោយ​រាប់បញ្ចូល​ទាំង​អ្នកស្លាប់ ចំនួន ៦ ៧០២​នាក់ និង រងរបួស ចំនួន ១០ ៤៧៩​នាក់​៕​